ដំណឹង​ល្អ​មួយ​ទៀត​! Pfizer ប្រកាស​បង្ហាញ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ថ្មី «ប្រសិទ្ធភាព 89%»

ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ មាន​ប្រសិទ្ធភាព​រហូតដល់ 89% នៅក្នុង​ការកាត់បន្ថយ​អត្រា​ចូល​ពេទ្យ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ខ្ពស់។

យោងតាម​ប្រកាស​របស់ Pfizer ការពិសោធ​លើ​មនុស្ស​របស់​ពួកគេ​បាន​បង្ហាញថា ថ្នាំ​គ្រាប់​នេះ នាំមក​នូវ «ប្រសិទ្ធភាព​អស្ចារ្យ​ជាងគេ»។

ក្រុមហ៊ុន Pfizer គ្រោង​នឹងដាក់​សំណើសុំ​ការអនុម័ត​ពី​អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ដើម្បី​អាច​ប្រើប្រាស់​បន្ទាន់។ មូល​ប​ត្រ​របស់ Pfizer ក៏បាន​ឡើងថ្លៃ 11% គិត​មកដល់​ម៉ោង ជិត 7 ព្រឹក ថ្ងៃទី 5 វិច្ឆិកា នៅ​ទីក្រុង​នី​វ​យ៉​ក។

Pfizer បានចាប់ផ្ដើម​ធ្វើការ​ពិសោធ​ថ្នាំ​នេះ​នៅលើ​អ្នកស្ម័គ្រចិត្ត​ពេញវ័យ​ចំនួន 1,219 នាក់​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង COVID-19។ យោងតាម​ទិន្នន័យ​របស់ Pfizer ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​នេះ​នឹងមាន​រយៈពេល 5 ថ្ងៃ។ ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​អត្រា​ចូល​ពេទ្យ​បាន​យ៉ាងច្រើន​បន្ទាប់ពី​បាន​លេប​រយៈពេល​ពី 3 ទៅ 5 ថ្ងៃ ក្រោយពី​មាន​រោគសញ្ញា។

ថ្នាំ​គ្រាប់​របស់ Pfizer នេះ មានឈ្មោះ ថា Paxlovid។ Paxlovid មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការកើត​កូនចៅ​ដោយ​ស្វ័យប្រវត្ត​របស់​វីរុស។

Pfizer បញ្ជាក់ថា មានតែ 0.8% ប៉ុណ្ណោះ ដែល​ត្រូវ​ចូល​ពេទ្យ នៅក្នុង​ចំណោម​អ្នកជំងឺ​ដែល​បាន​លេបថ្នាំ Paxlovid រយៈពេល 3 ថ្ងៃ ក្រោយ​មាន​រោគសញ្ញា ហើយ​ពុំមាន​ករណី​ស្លាប់​នោះដែរ ខណៈដែល​អ្នកជំងឺ​ចំនួន 7% ដែល​បាន​ប្រើ​ថ្នាំ​បញ្ឆោត (placebo) ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់។

Pfizer ក៏​កំពុង​ពិសោធ​ប្រើប្រាស់​ថ្នាំ Paxlovid នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស ពោលគឺ អ្នក​ដែល​មិនទាន់​ឆ្លង COVID-19 អាច​លេបថ្នាំ​នេះ​បាន ដើម្បី​ស្កាត់​មិនឱ្យ​ឆ្លង​វីរុស។

Advertisement