ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក

កប៉ាល់​ហោះ​មួយ​គ្រឿង​ ហោះ​ហើរ​ពី​លើ​តំបន់ Tampa

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​សហរដ្ឋ​អាម៉េរិក បើក​ការហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ និង​​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa ដោយ​កប៉ាល់​ហោះ​កាលពី​ឆ្នាំ 1913 និង​ដំណើរ​បាន​យ៉ាង​ជោគជ័យ។

ជិត​មួយ​ទសវត្សរ៍​បន្ទាប់ពី​ជើងហោះហើរ​នាំមុខគេ​របស់​បងប្អូន​ត្រកូល Wright នៅ Kitty Hawk រដ្ឋ Carolina ខាងជើង សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅតាម​កាលបរិច្ឆេទ​ដំបូង​គេ​លើ​ពិភពលោក​ក៏​ចាប់ផ្ដើម​កាលពី​ឆ្នាំ 1914 ដោយ​ហោះហើរ​ទៅមក​រវាង St. Petersburg (រដ្ឋ Florida) និង Tampa ដោយ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa។

ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ឈ្មោះថា St. Petersburg-Tampa Airboat Line គឺជា​អ្នកគ្រប់គ្រង​ជើងហោះហើរ​ខាងលើ។ សេវា​កម្មនេះ​មាន​វត្តមាន​ត្រឹមតែ​រយៈពេល​ខ្លី ហើយ​កប៉ាល់​ហោះ​របស់​ក្រុមហ៊ុន​នេះ​ក៏​ដឹក​អ្នកដំណើរ​បានតែ​ម្នាក់​គត់​ក្នុង​មួយ​ជើង។ ក៏ប៉ុន្តែ តម្លៃ​ដែល​ក្រុមហ៊ុន​នេះ​បាន​នាំមក​គឺ​បាន​បើកផ្លូវ​ឱ្យ​មាន​​ជើងហោះហើរ​ពាណិជ្ជកម្ម​បែប​ទំនើប។ នេះ​បើតាម Amusing Planet។

 

គំនិត​ស្ដីពី​ក្រុមហ៊ុន​អាកាសចរណ៍​បានចាប់ផ្ដើម​ពី​វិស្វករ​អគ្គិសនី Percival Elliot Fansler នៅ Florida ដែល​កាលណោះ​ធ្វើការ​ដូច​ទៅនឹង​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សម្រាប់​កប៉ាល់​ហោះ។ Fansler ជក់ចិត្ត​ជាមួយនឹង​យន្តហោះ​នៅពេល​សាកល្បង​ប្រណាំងទូក​ល្បឿន​លឿន។ លោក​យល់ថា វិធី​តែមួយគត់​ដើម្បី​បង្កើនល្បឿន​លឿន​ជាង​នេះ​គឺ​ការធ្វើឱ្យ​ទូក​ហោះ​ឡើងលើ​អាកាស។ ឆ្នាំ 1912 ពី​ឡុ​ត Antony H. Jannus បាន​ហោះហើរ​ផ្លូវ​ឆ្ងាយ​ក្នុង​រយៈពេល 40 ថ្ងៃ ពី Omaha ទៅកាន់ New Orleans។

បន្ទាប់ពី​ជើងហោះហើរ​ប្រវត្តិសាស្ត្រ​ខាងលើ​នេះ Fansler បាន​ទាក់ទង​ទៅនឹង Thomas W. Benoist ម្ចាស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ដែល Jannus បើកបរ ដោយ​ប្រាប់ថា ចង់​ទិញ​យន្តហោះ។ ការចរចា​ជាមួយ Benoist ធ្វើឱ្យ Fansler គិតដល់​ការចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​អាកាសចរណ៍​ពាណិជ្ជកម្ម។ Benoist ក៏​ចាប់អារម្មណ៍​លើ​គំនិត​នេះ​ហើយក៏​យល់ព្រម​ផលិត និង​ផ្គត់ផ្គង់​កប៉ាល់​ហោះ​ពីរ​គ្រឿង ខណៈដែល Fansler ចាត់ចែង​ដំណើរការ និង​យុទ្ធសាស្ត្រ​លំអិតសម្រាប់​ទី​ផ្សារ។

សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ចាប់ផ្ដើម​​ដំណើរ​ការ​ពីថ្ងៃ​ទី 01 មករា 1913។ មនុស្ស​ប្រហែល 3,000 នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​កំពង់ផែ​ដើម្បី​ជូន​ដំណើរ​អតីត​អភិបាលក្រុង Abraham C. Pheil ដែលជា​អតិថិជន​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ។ សំបុត្រ​សម្រាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​នេះ​មានតម្លៃ 400 ដុល្លារ​អាម៉េរិក ដែល​បានមកពី​ការដេញថ្លៃ។ ម៉ោង 10 ព្រឹក Jannus បញ្ជា​កប៉ាល់​ហោះ​ហោះ​ឡើង​ពី​កំពង់ផែ និង​ឆ្ពោះទៅកាន់ Tampa។ មិន​ដល់ក​ន្លះ​ម៉ោង​ក្រោយមក កប៉ាល់​ហោះ​ក៏បាន​ចុះចត​លើ​ទន្លេ Hillsborough នៅ Tampa។ ពេលនោះ​មាន​មនុស្ស​ប្រហែល 3,500 នាក់​បាន​រង់ចាំ​ជាស្រេច​ដើម្បី​ទទួល Jannus។ បន្ទាប់ពី​បាន​ជំរាបសួរ​អភិបាលក្រុង Tampa និង​ថតរូប Jannus និង Pheil ក៏បាន​ត្រលប់​ទៅកាន់ St. Petersburg។

ក្រោយ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​នេះ ក្រុមហ៊ុន​អាកា​ចរណ៍ St. Petersburg-Tampa Airboat Line ក៏មាន​ជើងហោះហើរ​ជា​បន្តបន្ទាប់ និង​បើកផ្លូវ​ឱ្យមាន​វត្តមាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ជា​ហូរហែ​រហូតដល់​បច្ចុប្បន្ន៕

Advertisement