នូ​វែ​ល​សេ​ឡង់ បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ នា​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ឱសថ​មួយ​ប្រភេទ​ទៀត​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ COVID-19 នៅ​ប្រទេស​នេះ ដែល​នេះ​គឺជា​ដំណឹង​ល្អ​ចំពោះ​អ្នកជំងឺ ក៏ដូចជា​ប្រព័ន្ធ​សុខាភិបាល។

លោក Andrew Little រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ បញ្ជាក់ថា ការិយាល័យ​ជាតិ​បញ្ជា​ទិញ​ឱសថ (Pharmac) ទទួលបាន​ប្រភព​ផ្គត់ផ្គង់​ថ្នាំ Baricitinib ដែលជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​វីរុស COVID-19។

Baricitinib គឺជា​ប្រភេទ​ថ្នាំ​ទី 5 ដែល Pharmac មាននៅ​ក្នុង​ដៃ ខណៈដែល​ថ្នាំ 4 ប្រភេទ​ផ្សេងទៀត រួមមាន remdesivir, tocilizumab, molnupiravir និង Ronapreve កំពុង​ត្រូវបាន​ប្រើប្រាស់​រាល់ថ្ងៃ។

លោក Andrew Little រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ប្រទេសនូវែលសេឡង់

ឱសថ​ប្រភេទ​ថ្មី​ដែល​ត្រូវបាន​ណែនាំ​ឱ្យប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ដល់ Pharmac ចំនួន 500 ឈុត (មួយឈុត ព្យាបាល​មួយ​ជា) នៅក្នុង​ខែវិច្ឆិកា​នេះ។ ប្រការនេះ​គឺជា​រឿង​សំខាន់ ព្រោះថា ពិភពលោក​កំពុងតែ​ខ្វះ​ថ្នាំ tocilizumab ហើយ​ការ​ដែលមាន​ថ្នាំ​ថ្មី​នឹង​ជួយ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​មាន​ជម្រើស​បន្ថែម​សម្រាប់​ព្យាបាល​អ្នកជំងឺ។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី។

លោក Little សង្កត់ធ្ងន់ថា ឱសថ​ទាំង 5 ខាងលើ សុទ្ធតែ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​សុវត្ថិភាព​វេជ្ជសាស្ត្រ​របស់ នូ​វែ​ល​សេ​ឡង់ (Medsafe) អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅឡើយ ប៉ុន្តែ ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើ​​បាន​​ដោយ​យោង​​ទៅតាម​ច្បាប់​វេជ្ជសាស្ត្រ​របស់​ប្រទេស​នេះ៕

Advertisement