អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 នៅផ្ទះ

អង់គ្លេស បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ Molnupiravir របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Merck ដែល​ថ្នាំ​នេះ​ត្រូវបាន​វាយតម្លៃថា មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ COVID-19។

«ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​យើង នៅពេល អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក អនុម័ត​ថ្នាំ​ប្រឆាំង​វីរុស​ដែល​អាច​លេប​នៅផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ COVID-19» រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid ថ្លែង​ដូច្នេះ។

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេល​ការិយាល័យ​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស អនុម័ត​ឱ្យប្រើ​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស molnupiravir របស់​ក្រុមហ៊ុន សហរដ្ឋ​អាម៉េរិក Merck ដើម្បី​ព្យាបាល​ជំងឺ COVID-19 កម្រិត​មធ្យម និង​ស្រាល។

លោក Javid បន្ថែមថា៖ «នេះ​នឹង​ជា​កត្តា​ដែល​អាច​ប្ដូរផ្លាស់​ស្ថានភាព​ចំពោះ​ក្រុម​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត និង​ប្រព័ន្ធ​ភាពស៊ាំ​មាន​កម្រិត។ ពួកគេ​នឹង​ទទួលបាន​វិធីសាស្ត្រ​ព្យាបាល​ដែលមាន​លក្ខណៈ​លោត​ផ្លោះ»។

អង់គ្លេស កាលពី​ខែ​មុន​បានប្រកាសថា បាន​បញ្ជា​ទិញ​ឱសថ molnupiravir នេះ ចំនួន 480,000 ឈុត (មួយឈុត ព្យាបាល​មួយ​ជា)។

ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 ដោយ​ការកាត់បន្ថយ​សមត្ថភាព​កើត​កូនចៅ​របស់​វីរុស។ MHRA ឱ្យដឹងថា ការពិសោធ​របស់​ពួកគេ​បង្ហាញថា ថ្នាំ​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ការស្លាប់ ចំពោះ​អ្នកជំងឺ​កម្រិត​ស្រាល និង​មធ្យម ជា​ក្រុម​អ្នកជំងឺ​ដែល​អាច​ប្រឈម​នឹង​អាការ​ធ្ងន់ធ្ងរ។

MHRA បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​រង្វង់ 5 ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ដែលមាន​រោគសញ្ញា។ ឱសថ molnupiravir ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​អ្នកជំងឺ​ដែលមាន​យ៉ាងតិច​មួយ​កត្តា​ដែល​អាច​នាំទៅរក​សភាព​ធ្ងន់ធ្ងរ រួមមាន ធាត់​ខ្លាំង វ័យ​ចំណាស់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង។

ក្រុមហ៊ុន Merck ឱ្យដឹងថា តាម​គម្រោង ខ្លួន​នឹង​ផលិត​ឱសថ​នេះ​គ្រប់ 10 ឈុត​នៅ​ចុងឆ្នាំ​នេះ ហើយ​បរិមាណ​នឹង​ត្រូវបាន​បង្កើន​នៅ​ឆ្នាំ 2022។

បច្ចុប្បន្ន ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​ឱសថ molnupiravir នេះ ក្នុងនោះ សហរដ្ឋ​អាម៉េរិក បាន​បញ្ជា​ទិញ​ចំនួន 1.7 លាន​ឈុត ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

នៅ កម្ពុជា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឱសថ molnupiravir នេះ ដើម្បី​ព្យាបាល​ជំងឺ COVID-19 ផងដែរ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​បន្ទាន់៕

Advertisement