CDC របស់ អាម៉េរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer ដល់​កុមារ​អាយុ​ពី 5-11 ឆ្នាំ

ក្រុមមន្ត្រី​សុខាភិបាល​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ប្រទេស​នេះ​អាច​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ពី​ថ្ងៃទី 8 វិច្ឆិកា បន្ទាប់ពី​ត្រូវបាន​អនុម័ត​ជា​ចុងក្រោយ​រួចមក។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ស្ដីពី​ការចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ បន្ទាប់ពី​បាន​រកឃើញថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប​បើ​ធៀប​នឹង​ហានិភ័យ។

មុន​នោះ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ អាម៉េរិក បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer/BioNTech សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ។ ដូច្នេះ ពេលនេះ សហរដ្ឋ​អាម៉េរិក អាច​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ រដ្ឋាភិបាល​អាម៉េរិក បានឱ្យដឹងថា បាន​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​រួចហើយ និង​កំពុង​បែងចែក​ទៅតាម​តំបន់​នានា​នៅ​ទូទាំងប្រទេស៕

Advertisement