COVID-19! អ៊ីស្រាអែល ថា វ៉ា​រ្យ៉​ង់ AY4.2 ឆ្លង​រាលដាល​ខ្លាំង​ជាង Delta ទៅទៀត

លោក​ស្រី Maria Van Kerkhove

អ្នកជំនាញ​របស់ ប្រទេស​អ៊ីស្រាអែល បានឱ្យដឹងថា វីរុស COVID-19 ប្រភេទ AY4.2 មានលទ្ធភាព​ឆ្លង​រាលដាល​ខ្លាំង​ជាង ប៉ុន្តែ​សមត្ថភាព​ផ្ស៊ាំ ឬ​ទប់​ទល់នឹង​វ៉ាក់សាំង ទំនងជា​មិនអាច​យកឈ្នះ Delta។

AY4.2 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​អង់គ្លេស និង​បាន​បង្ហាញខ្លួន​នៅ ប្រទេស​អ៊ីស្រាអែល កាលពី​សប្ដាហ៍​មុន មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្លាំង​ជាង Delta រហូតដល់ 15%។ នេះ​បើតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដំបូង​របស់​ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 24 តុលា។ ប៉ុន្តែ សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​វ៉ាក់សាំង​របស់ AY4.2 នេះ ខ្សោយ​ជាង Delta។ អ៊ីស្រាអែល រកឃើញ​វ៉ា​រ្យ៉​ង់ AY4.2 ត្រឹមតែ 6 ករណី​ប៉ុណ្ណោះ ហើយ​សុទ្ធតែជា​ករណី​នាំចូល។

វ៉ា​រ្យ៉​ង់ AY4.2 ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ អង់គ្លេស រកឃើញ​កាលពី​ខែ​មុន។ វា​មិនទាន់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរ​យកចិត្តទុកដាក់ ឬ​ព្រួយបារម្ភ​នៅឡើយ ទើប​អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដាក់ឈ្មោះ​ទៅតាម​អក្ខរក្រម​ក្រិ​ក ដូចជា Alpha និង Delta ជាដើម។

អ្នកវិទ្យាសាស្ត្រ​កំពុង​តាមដាន AY4.2 ដើម្បី​ឱ្យដឹងថា ការឆ្លង​រាលដាល​របស់​វា​ខ្លាំង​កម្រិតណា។ ក្រុមមន្ត្រី​របស់ អង់គ្លេស ថ្មីៗនេះ បានប្រកាសថា វ៉ា​រ្យ៉​ង់​ថ្មី​នេះ​មាន 6% ក្នុងចំណោម​ករណី​ឆ្លង COVID-19 ដែល​ត្រូវបាន​គេ​វិភាគ​នៅ អង់គ្លេស ហើយ​វា «កំពុងតែ​មានការ​កើនឡើង»។

Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​សម្រាប់​បញ្ហា COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹង​នៅក្នុង​សប្ដាហ៍​នេះ​ថា Delta នៅតែ​ជា​វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ​នៅលើ​ពិភពលោក។

វីរុស​កាន់តែ​ឆ្លង​រាលដាល លទ្ធភាព​នៃ​ការកើតមាន​វ៉ា​រ្យ៉​ង់​ថ្មី​ក៏​នឹង​កើនឡើង​ខ្ពស់។ បច្ចុប្បន្ន WHO កំពុង​តាមដាន​សាខា​វ៉ា​រ្យ៉​ង់​ថ្មី​ចំនួន 20 របស់ Delta ក្នុងនោះ​ក៏មាន AY4.2 ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ស្រី Maria Van Kerkhove៕

Advertisement