ប្រធាន​អង្គការ​​ WHO បញ្ជាក់​ថា «ជំងឺ​រាតត្បាត COVID-19 នឹង​​ស្ថិត​នៅ​យូរ​ទៀត​ទើប​អាច​ត្រូវបាន​បញ្ចប់»

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា ជាមួយនឹង​អ្នកស្លាប់​ជិត 50,000 នាក់​ជា​រៀងរាល់​សប្ដាហ៍​ដោយសារតែ​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក ជំងឺ​រាតត្បាត​នេះ នឹង «នៅ​យូរ​ទៀត ទើប​អាច​បញ្ចប់»។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ រដ្ឋធានី​ប៊ែ​កឡាំង កាលពី​ចុង​សប្ដាហ៍​មុន​ថា មហា​រោគរាតត្បាត COVID-19 នឹង​ចប់ «នៅពេល​ពិភពលោក​ជ្រើសរើស​ការបញ្ចប់»។

«ប្រការ​នោះ​ស្ថិតក្នុង​ដៃ​របស់​យើង។ យើង​មាន​គ្រប់​មធ្យោបាយ​ដែល​ត្រូវការ ប៉ុន្តែ ពិភពលោក​មិនបាន​ប្រើប្រាស់​មធ្យោបាយ​ទាំងនោះ​ឱ្យបាន​ល្អ» លោក Tedros ថ្លែង​ដូច្នេះ និង​បញ្ជាក់ថា ជំងឺ​រាតត្បាត​នេះ​នៅ​អូសបន្លាយ​ពេល​យូរ​ទៀត ខណៈ​ករណី​ស្លាប់​ដោយសារ COVID-19 នៅតែ​កើនឡើង ដោយ​ស្លាប់​ប្រហែល 50,000 នាក់​ក្នុង​មួយ​សប្ដាហ៍។

គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​អ្នក​ឆ្លង COVID-19 សរុប​ជាង 244,429,000 នាក់ និង​ស្លាប់​សរុប​ជាង 4,963,760 នាក់ ស្រប​ពេលដែល​មនុស្ស​ជាង 17,996,380 នាក់ កំពុង​ព្យាបាល​ជំងឺ​នេះ ក្នុងនោះ ទ្វីបអឺរ៉ុប បច្ចុប្បន្ន​គឺជា​តំបន់​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ៕

Advertisement