អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

រដ្ឋលេខាធិការក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid

ប្រទេស​អង់គ្លេស បាន​បញ្ជា​ទិញ​ថ្នាំ​ប្រឆាំង​វីរុស ព្យាបាល​ជំងឺ COVID-19 ចំនួន​រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា​ខាងមុខ។

អាជ្ញាធរ​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ molnupiravir ចំនួន 480,000 ឈុត ពី​ក្រុមហ៊ុន អាម៉េរិក Merck។ Molnupiravir គឺជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​របស់​អ្នកជំងឺ COVID-19។ កិច្ចព្រមព្រៀង​ទី​ពីរ​គឺ​ថ្នាំ PF-07321332/ritonavir របស់ Pfizer ចំនួន 250,000 ឈុត។ ថ្នាំ ritonavir ផ្សំ​ជាមួយនឹង​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​មួយ​ប្រភេទ​ទៀង តែង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ អេដស៍ (AIDS) ឬ​អ្នក​ផ្ទុក​វីរុស HIV។

បច្ចុប្បន្ន ពុំទាន់​មាន​ថ្នាំ​ប្រភេទ​ណាមួយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស ធ្វើការ​អនុម័ត​នៅឡើយ។ ថ្នាំ PF-07321332/ritonavir របស់ Pfizer ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅឡើយ ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ដើមឆ្នាំ 2022 ខណៈដែល ថ្នាំ molnupiravir តាម​គម្រោង​នឹងត្រូវ​បាន​ដឹក​ទៅដល់ អង់គ្លេស នៅក្នុង​ខែវិច្ឆិកា។

ក្រុមមន្ត្រី​អង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ថ្មី​ដែល​អាច​កើតឡើង​នៅក្នុង​រដូវរងា​ខាងមុខ។

ក្រុម​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​នៅ ប្រទេស​អង់គ្លេស បាន​ស្នើឱ្យ​រដ្ឋាភិបាល​រឹតបន្តឹង​សកម្មភាព​មួយចំនួន​របស់​ពលរ​ដ្ឋ​ដើម្បី​ទប់ស្កាត់ COVID-19 នៅពេលដែល​ករណី​ឆ្លង និង​ករណី​ចូល​ពេទ្យ កើនឡើង​ខ្ពស់ រួម​នឹង​ការបង្ហាញ​ខ្លួន​របស់​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី AY.4.2 ដែលជា «កូនចៅ» របស់ Delta។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ប្រទេស​អង់គ្លេស អាច​ប្រឈម​នឹង «វិបត្តិ​រដូវរងា» បើសិនជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ជាមុន។

គិត​មកដល់​បច្ចុប្បន្ន អង់គ្លេស មាន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន​ជិត 8.59 លាន​នាក់ និង​ជាង 139,000 នាក់ បាន​បាត់​បង់ជីវិត។ កាលពី​ម្សិលមិញ ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន 49,139 នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន 179 នាក់។

រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​នៅ អង់គ្លេស អាច​ឡើងដល់​ខ្ទង់សែន និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

Advertisement