WHO បង្កើត​ក្រុម​ថ្មី​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស COVID-19

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គ​ការ​សុខភាព​ពិភពលោក​

អង្គការ​សុខភាព​ពិភពលោក (WHO) គ្រោង​នឹង​បង្កើត​ក្រុម​ថ្មី​មួយ​ដែល​រួមមាន​អ្នកជំនាញ​ប្រហែល 20 នាក់ ដើម្បី​ដំណើរការ​កម្មវិធី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស COVID-19 បន្តទៀត។

សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ក្រុម​ថ្មី​របស់ WHO ដែលមាន​ចំនួន​ប្រហែល 20 នាក់ នឹង​រួមមាន​ទាំង​អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ជីវសាស្ត្រ សុវត្ថិភាព​បន្ទប់ពិសោធន៍ អ្នកឯកទេស​ផ្នែក​ហ្សែ​ន រួមទាំង​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​របស់​សត្វ​ផងដែរ។

ក្រុម​ស្រាវជ្រាវ​ថ្មី​នេះ​នឹងធ្វើ​កិច្ចការ​ដូច​ទៅនឹង​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍ ជួយ​ដល់ WHO ក្នុងការ​ស្រាវជ្រាវ​លើ​ករណី​វីរុស​ផ្ទុះ​ឆ្លង​រាលដាល​នាពេល​អនាគត និង​កំណត់​ឱ្យដឹង​ច្បាស់​ថា សកម្មភាព​អ្វីខ្លះ​របស់​មនុស្ស ដែល​អាច​នាំឱ្យ​កើត​ជំងឺ​ថ្មី។

ក្រុម​នេះ​ក៏​ទទួលខុសត្រូវ​ក្នុងការ​ស្រាវជ្រាវ​រក​ប្រភព​របស់ COVID-19 ផងដែរ។ ពួកគេ​ត្រូវបាន​គេ​ជឿថា នឹង​ស្វែងរក​ភ័ស្ដុតាង​ថ្មី​នៅ ប្រទេស​ចិន និង​ប្រទេស​ដទៃ។

បុគ្គលិកសុខាភិបាល នៅខាងក្រៅផ្សារបោះដុំគ្រឿងសមុទ្រ Wuhan (Wuhan South China Seafood Wholesale Market) កាលពីខែមីនា ឆ្នាំ 2020

អ្នកនាំពាក្យ​របស់ WHO ឱ្យដឹងថា «អាទិភាព​របស់​ក្រុម​ថ្មី​នេះ​គឺ​ទទួលបាន​ទិន្នន័យ និង​មាន​សិទ្ធិ​ចូលទៅ​កាន់​ប្រទេស​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​ដំបូង»។

រដ្ឋាភិបាល​ចិន ជាទី​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង COVID-19 នៅ​ទីក្រុង Wuhan កាលពី​ខែធ្នូ ឆ្នាំ 2019 បាន​បដិសេធ​ការឆ្លើយ​នឹង​សំណួរ​ដែលថា អនុញ្ញាតឱ្យ​ក្រុម​ថ្មី​របស់ WHO ចូលទៅ​កាន់​ទឹកដី​របស់​ពួកគេ​ដែរ ឬ​យ៉ាងណា។ ប៉ុន្តែ ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង ធ្លាប់បាន​ថ្លែងថា ប្រទេស​ចិន «បន្ត​គាំទ្រ និង​ចូលរួម​ស្វែងរក​ប្រភព​របស់ COVID-19 ដោយយោង​ទៅតាម​វិទ្យាសាស្ត្រ ហើយ​ប្ដេជ្ញា​ប្រឆាំងនឹង​ឥទ្ធិពល​នយោបាយ តាម​គ្រប់​រូបភាព»។

ក្រសួងការបរទេស​ចិន បានឱ្យដឹងថា ប្រទេស​នេះ​មាន​ផែនការ​តាមដាន​យ៉ាង​ម៉ត់ចត់​ចំពោះ​ការជ្រើសរើស​ក្រុម​អ្នកជំនាញ​ថ្មី​របស់ WHO ហើយ ទីក្រុង​ប៉េកាំង ក៏​ស្នើ​បញ្ចូល​សមាជិក​មួយចំនួន​របស់ខ្លួន ឱ្យទៅ​ចូលរួម​ផងដែរ។

កាលពី​ខែកក្កដា WHO បានស្នើ​ឱ្យមាន​ដំណាក់កាល​ទី​ពីរ​នៃ​ការស្រាវជ្រាវ​អន្តរជាតិ​លើ​ប្រភព​របស់ COVID-19 ដែល​ក្នុងនោះ​មាន​ទាំង​ការត្រួតពិនិត្យ​បន្ទប់ពិសោធន៍​នានា​របស់ ប្រទេស​ចិន។ រដ្ឋាភិបាល​ចិន បាន​រិះគន់​លើ​សំណើ​នេះ ដោយ​យល់ថា ទីក្រុង​ប៉េកាំង បានសម្រេច​កាតព្វកិច្ច​របស់ខ្លួន​រួចហើយ នៅក្នុង​ការស្វែងរក​ប្រភព COVID-19 និង​បាន​និយាយថា ការស្រាវជ្រាវ​ដំណាក់កាល​ទី​ពីរ​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ផ្សេង៕

Advertisement