អាហ្វ្រិក​ខាងត្បូង ប្រកាស​គម្រោង​ប្រើ​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 ខណៈ​អង់គ្លេស លុបចោល​គម្រោង​ដូចគ្នានេះ

ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Ramaphosa បានប្រកាស​គម្រោង​ប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ចាប់ពី​សប្ដាហ៍​នេះ ក្នុង​គ្រា​ដែល​ប្រទេស​អង់គ្លេស បានប្រកាសថា នឹង​លុបចោល​គម្រោង​ស្នើឱ្យ​ពលរដ្ឋ​បង្ហាញ​ប័ណ្ណ​បៃតង​វ៉ាក់សាំង នៅពេល​ចូលទៅ​កាន់​ទីកន្លែង​មាន​មនុស្ស​ច្រើន។

ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa បានប្រកាស​ដូចខាងលើ​កាលពី​ថ្ងៃទី 12 កញ្ញា។ អាជ្ញាធរ អាហ្វ្រិក​ខាងត្បូង នឹង​ប្រកាស​លម្អិត​អំពី​ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នាពេលខាងមុខ ប៉ុន្តែ ប្រភពព័ត៌មាន​ឱ្យដឹងថា ប័ណ្ណ​នេះ ក្រៅពី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​រួចរាល់ វា​ក៏​នឹងត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ និង​ព្រឹត្តិការណ៍ផ្សេងៗផងដែរ។

លោក Ramaphosa បន្ថែមថា «តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​ដែល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​កន្លងទៅនេះ» នឹង​អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង អាច​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​នានា​ចាប់ពី​ថ្ងៃទី 13 កញ្ញា 2021។

ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa

ប្រទេស​អាហ្វ្រិក​ខាងត្បូង គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 2.8 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជិត 85,000 នាក់។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង 7 លាន​នាក់​រួចហើយ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 58.5 លាន​នាក់។ ¼ នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស។

ដោយឡែក រដ្ឋាភិបាល​អង់គ្លេស មុន​នោះបាន​ឱ្យដឹងថា កម្មវិធី​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ចុងខែ​កញ្ញា​នេះ បើទោះជា​មានការ​ជំទាស់​ពី​ក្រុមហ៊ុន និង​តំណាងរាស្ត្រ​មួយចំនួន។

យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស Sajid Javid បានប្រកាស​លុបចោល​គ​ម្រោ​ង​ខាងលើ ដោយ​និយាយថា រដ្ឋាភិបាល​មិនបាន​ចាត់ទុកថា ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង​ជា​រឿង​ចាំបាច់​នៅក្នុង​ស្ថានភាព​វិបត្តិ​សុខភាព​បច្ចុប្បន្ន​នៅ អង់គ្លេស ខណៈ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បាន​កើនឡើង​ខ្ពស់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid

អង់គ្លេស បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​ពលរដ្ឋ​ជាង 80% ក្នុងចំណោម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។ រដ្ឋមន្ត្រី​អង់គ្លេស​ខាងលើ​បន្ថែមថា គំនិត​ស្ដីអំពី​ការតម្រូវ​ឱ្យ​បង្ហាញ​ក្រដាស់​ស្នាម​នៅ​ទីតាំង​កំសាន្ត ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ថា មាន​ភាព​តានតឹង​ក្នុង​ចិត្ត ហើយ​មនុស្ស​មួយចំនួន​បាន​ជំទាស់ និង​បាន​ហៅ​ការស្នើ​នេះ​ថា​ជា​រឿង​រំលោភសិទ្ធិ​សេរីភាព។

បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 7.2 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជាង 134,200 នាក់៕

Advertisement