ឥណ្ឌូនេស៊ី ប្រែក្លាយ​កប៉ាល់​ខ្នាត​យក្ស ទៅជា​មជ្ឈមណ្ឌល​ព្យាបាល COVID-19

កប៉ាល់​មួយគ្រឿង​មាន​ឈ្មោះថា KM Umsini ដែល​ធ្លាប់​ដឹក​ភ្ញៀវ 2,000 នាក់​ក្នុង​មួយ​ជើង ទៅតាម​ពេលវេលា​ទៀងទាត់ រវាង​បណ្ដា​ទីក្រុង​កោះ​នានា​របស់ ឥណ្ឌូនេស៊ី។

ពេលនេះ KM Umsini បាន​ក្លាយជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល ដោយ​វា​ចត​នៅ​កំពង់ផែ​នៃ​ទីក្រុង Makassar ក្នុង​គ្រា​ដែល​វ៉ា​រ្យ៉​ង់ Delta កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ ឥណ្ឌូនេស៊ី។

យោងតាម​សារព័ត៌មាន Reuters នៅក្នុង​កប៉ាល់​នេះ គ្រែ​ចំនួន​ជាង 800 ត្រូវ​បានរៀបចំ​ជាស្រេច ព្រមទាំង​មាន​បុគ្គលិក​សុខាភិបាល​ចំនួន 60 នាក់ ធ្វើការ​តាម​វេន ដើម្បី​ជួយ​គាំទ្រ​ដល់​ការព្យាបាល​អ្នកជំងឺ។

អ្នក​ដែល​បាន​ឆ្លង COVID-19 នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល 10 ថ្ងៃ។ ក្នុងអំឡុង​ពេលនោះ ពួកគេ​នឹងត្រូវ​ពិនិត្យ​សុខភាព​ជាប្រចាំ ក៏ដូចជា​អាច​ហាត់ប្រាណ ស្ដាប់​តន្ត្រី ឬ​ស្ទូចត្រី។ល។

«ខ្ញុំ​ជ្រើសរើស​ការធ្វើ​ច​ត្តា​ឡី​ស័ក​លើក​ប៉ាល់ ពីព្រោះ​ខ្ញុំ​គិតថា ជា​រឿង​គ្មាន​ពីរ នៅ Makassar នេះ។ ហើយ​ដោយសារតែ​កប៉ាល់ ចត​ឆ្ងាយ​ពី​ទីក្រុង ដូច្នេះ យើង​នឹង​មិនអាច​ចម្លង​វីរុស​ទៅ​អ្នកដទៃ​បាន» អ្នកជំងឺ Mitha Andriyanti ថ្លែង​ដូច្នេះ។

ឥណ្ឌូនេស៊ី ដែលជា​សម្បុក​វីរុស COVID-19 ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក បាន​ចាត់វិធានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​រវាង​កោះ​ចំនួន​ពីរ​គឺ Java និង Bali នៅ​ដើមខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ Delta។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​នេះ​ក៏បាន​ចាប់ផ្ដើម​ពង្រីក​ការកាត់បន្ថយ​ការធ្វើដំណើរ​នៅក្នុង​តំបន់ផ្សេងៗទៀត​ដែលមាន​អត្រា​ឆ្លង​វីរុស​ខ្ពស់។

បញ្ហា​នេះ បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត 9 លាន​នាក់​នៅ​ខេត្ត Sulawesi ខាងត្បូង ជា​តំបន់​ដែលមាន​ទីក្រុង Makassar។ Makassar បាន​ប្រទះ​នឹង​ការកើនឡើង​នៃ​ករណី​វិជ្ជមាន​នឹង COVID-19 ចាប់តាំងពី​ដើមខែ​កក្កដា និង​កំពុង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ប្រភព​ផ្គត់ផ្គង់​នានា។

អភិបាលក្រុង Makassar លោក Mohammad Ramdhan Pomanto កាលពី​ថ្ងៃទី 12 សីហា បានឱ្យដឹងថា៖ «ថ្ងៃនេះ យើង​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ថ្មី យ៉ាងតិច 3,000 នាក់ ដែល​ពួកគេ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ហើយ​យើង​ក៏​មិនអាច​គ្រប់គ្រង​បាន​ទាំងអស់។ បញ្ហា​នេះ​ពិតជា​គ្រោះថ្នាក់ ដូច្នេះ យើង​បានសម្រេច​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នៅលើ​កប៉ាល់ Umsini ដើម្បី​តាមដាន​សុខភាព​របស់​អ្នកជំងឺ ឱ្យបាន​ដិតដល់​ជាង​មុន»៕

Advertisement