សហរដ្ឋអាមេរិក ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង COVID-19

ក្រុមមន្ត្រី សហរដ្ឋអាមេរិក អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»។

«វ៉ាក់សាំង​សុទ្ធ​តែមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។ ការបង្កើន​ការចាក់​វ៉ាក់សាំង បានក្លាយ​ជា​រឿង​ចាំបាច់​ជាងពេលណាៗទាំងអស់ នៅពេលដែល​យើង​កំពុង​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta ដែលមាន​លទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង» Walensky ថ្លែង​ដូច្នេះ។

ថ្មីៗនេះ ការសិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ 4 នាក់ គឺមាន​តែ 1 នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស។ CDC របស់ សហរដ្ឋអាមេរិក ឱ្យដឹងថា ហានិភ័យ​នៃ​បញ្ហា​រលូត​កូន​មិនបាន​កើនឡើង​នោះទេ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត 2,500 នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer ឬ Moderna) នៅ សហរដ្ឋអាមេរិក មុន​សប្ដាហ៍​ទី 20 នៃ​វដ្ដ​របស់​គភ៌។

ពួកគេ​បានឱ្យដឹងថា អត្រា​នៃ​បញ្ហា​រលូត​កូន​ចំពោះ​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 គឺ 13% ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា​រលូត​កូន​ធម្មតា (11-16%)។ «ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺមាន​ផលប្រយោជន៍​ច្រើនជាង​ហានិភ័យ​ទាំងឡាយ​ដែល​ត្រូវបាន​គេ​ដឹង​កន្លងមក» CDC អាមេរិក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ។

សហរដ្ឋអាមេរិក ដែលជា​សម្បុក​វីរុស COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន​ជាង 37 លាន​ករណី ចំណែក​អ្នកស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ មាន​ចំនួន​ជាង 635,000 ករណី។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នកជំងឺ COVID-19 ជាង 6,414,000 កំពុង​ទទួល​ការព្យាបាល៕

Advertisement