កម្ពុជា​ រក​បាន​វ៉ាក់សាំង​ 20 លាន​ដូស​រួច​ហើយ​ ខណៈ 3 លាន​ដូ​ស​ នឹង​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​នេះ

(ភ្នំពេញ)៖ វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន Sinovac ចំនួន 3 លាន​ដូ​ស​បន្ថែមទៀត ដែល កម្ពុជា បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន នឹង​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​ថ្ងៃទី 12 សីហា 2021។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

បច្ចុប្បន្ន កម្ពុជា បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19​ 4 ប្រភេទ និង​មាន​​ចំនួន​ប្រមាណ​ 20 លាន​ដូស​ ក្នុង​នោះ​រួមមាន វ៉ាក់សាំង Sinopharm (ចិន), Sinovac (ចិន), AstraZeneca (អង់គ្លេស) និង​វ៉ាក់សាំង Johnson & Johnson (សហរដ្ឋអាមេរិក)។ វ៉ាក់សាំង​ទាំងនេះ មួយចំនួន​ជា​ជំនួយ​ទ្វេភាគី មួយចំនួន​ជា​ជំនួយ​តាមរយៈ​យន្តការ COVAX និង​មួយផ្នែក​ទៀត​គឺជា​ការបញ្ជាទិញ​របស់ កម្ពុជា។

ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 81.16%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 20.52%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 53.25%។

ជាង​នេះ បច្ចុប្បន្ន កម្ពុជា ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 ជូន​ក្រុមការងារ​នៅ​ជួរមុខ និង​ក្រុម​ពលរដ្ឋ​អាទិភាព​តាម​ក្រសួង​ស្ថាប័ន​នានា​ផងដែរ៕

Advertisement