ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ជឿ​ជាក់​ថា វីរុស​រាត​ត្បាត​នេះ​នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯក​ឯង​។

យោង​តាម​ស្ថិតិ​របស់​ Worldometers គិត​ដល់​ដំណាច់​ថ្ងៃទី​19​កក្កដា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​​143,000​នាក់​ ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​វីរុស​នេះ​ក៏​បាន​កើន​ដល់​ជិត​4​លាន​នាក់​ផង​ដែរ​។ ជា​មធ្យម​ ក្នុង​1សប្ដាហ៍​ គឺ​មាន​មនុស្ស​​ប្រមាណ​ជា​5,000​នាក់បាន​​​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​។

ទាក់​ទិន​នឹង​បញ្ហា​COVID-19 កាល​ពី​ថ្ងៃទី​17​កក្កដា លោក​ Trump បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​ប្រទេស​របស់​លោក​។ “ខ្ញុំ​តែង​តែ​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​ ព្រោះ​ថា ជា​ចុង​ក្រោយ​ វា​នៅ​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​” លោក​ Trump ឆ្លើយ​តប​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​ Fox News។

ប៉ុន្តែ លោក​ក៏​យល់​ថា អភិបាល​រដ្ឋ​នានា​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រក្សា​ទុក​សម្ភារៈ​សុខាភិបាល​ និង​ការ​ចេញ​បទ​បញ្ជា​រក្សា​គម្លាត​សង្គម ដូច​ជា​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ជា​ដើម​។ ម្ចាស់​សេត​វិមាន​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ចំពោះ​បទ​បញ្ជា​ឱ្យ​ពាក់​ម៉ាស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​ ព្រោះ​ថា លោក​ចង់​ឱ្យ​ប្រជា​ជន​ “មាន​សេរី​ភាព​ក្នុង​ព្រំ​ដែន​កំណត់​ណាមួយ​”។ ជាង​នេះ​ទៀត លោក​ Trump នៅតែ​យល់​ថា តួលេខ​នៃ​ការ​ឆ្លង​វីរុស​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ​ក៏ដោយ​សារ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​។ លោក​ Trump ថែម​ទាំង​អះអាង​ថា​ “ជា​ចុង​ក្រោយ​ COVID-19 នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯកឯង​​មិន​ខាន”។

គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​14,622,597​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​608,403​នាក់​ ក្នុង​នោះ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន​238,295​នាក់​ និង​អ្នក​ស្លាប់​5,161​នាក់​ ត្រូវ​បាន​រកឃើញ​ក្នុងរយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​ 8,726,028​នាក់​៕

ប្រភព៖ Reuters

Advertisement