Delta កំពុង​ក្លាយជា​​វ៉ារ្យ៉ង់​​ស្នូល​​ ​ក្នុង​​ការឆ្លង​រាលដាល COVID-19 នៅ​ប្រទេស​ថៃ

វីរុស​បំប្លែង​ថ្មី Delta របស់ COVID-19 កំពុងតែ​ក្លាយជា​វ៉ា​រ្យ៉​ង់​ចម្បង​នៅ​ប្រទេស​ថៃ ដោយមាន​អ្នកជំងឺ COVID-19 ជាង 90% វិជ្ជមាន​នឹង​វ៉ា​រ្យ៉​ង់​នេះ។

ប្រ​ធានា​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល វេជ្ជបណ្ឌិត Supphakit Siriluck ថ្ងៃទី 10 សីហា បានឱ្យដឹងថា ក្នុងចំណោម​សំណាក​ចំនួន 1,632 ដែល​ត្រូវបាន​ស្រង់​ស្ថិតិ​កាលពី​សប្ដាហ៍​មុន មាន 1,499 សំណាក (ប្រហែល 91.9%) ផ្ទុក​វីរុស​បំប្លែង​ថ្មី Delta (វ៉ា​រ្យ៉​ង់​ដែល​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា), 129 សំណាក (7.9%) ផ្ទុក Alpha (រកឃើញ​ដំបូង​នៅ អង់គ្លេស), និង 4 សំណាក (0.2%) ផ្ទុក Beta (រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង)។ ក្រៅពី​វ៉ា​រ្យ៉​ង់​ចំនួន 3 ខាងលើនេះ មិនទាន់មាន​វ៉ា​រ្យ៉​ង់​ណា​ផ្សេងទៀត​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ថៃ​នៅឡើយ។

ក្នុងចំណោម​សំណាក​ចំនួន 1,632 ខាងលើ មាន 1,157 សំណាក​ត្រូវបាន​យក​ពី​ទីក្រុង​បាងកក ក្នុងនោះ មាន 95.4% ផ្ទុក​វ៉ា​រ្យ៉​ង់ Delta ខណៈ​ក្រៅពីនេះ​គឺ​វ៉ា​រ្យ៉​ង់ Alpha។ សំណាក​ចំនួន 475 ដែល​យក​ពី​បណ្ដា​ខេត្ត​គឺ មាន 83.2% មាន​ផ្ទុក Delta និង 16% ផ្ទុក Alpha។

វេជ្ជបណ្ឌិត Supphakit និយាយថា និន្នាការ​នៃ​ការឆ្លង COVID-19 នៅ​ប្រទេស​ថៃ បង្ហាញថា វ៉ា​រ្យ៉​ង់ Delta កំពុង​ក្លាយជា​វីរុស​បំប្លែង​ថ្មី​ចម្បង​ជាងគេ ដោយ​ឆ្លង​យ៉ាង​ឆាប់រហ័ស​ជាងគេ ខណៈ Alpha អាច​នឹង​លែងមាន​តទៅទៀត។ ចំណែក Beta វិញ នឹង​នៅតែ​មាននៅ​ភាគខាងត្បូង​ប្រទេស​នេះ។ វ៉ា​រ្យ៉​ង់ Beta ឆ្លង​រាលដាល​យឺត​ជាង​វ៉ា​រ្យ៉​ង់ Delta ដូច្នេះ ងាយស្រួល​ក្នុងការ​គ្រប់គ្រង។

ក្នុង​រយៈពេល 24 ម៉ោង ប្រទេស​ថៃ បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​ជិត 20,000 នាក់ និង 235 នាក់​បាន​ស្លាប់​ដោយសារ COVID-19។ បច្ចុប្បន្ន ប្រទេស​ថៃ បាន​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ចំនួន​ជាង 795.900 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជិត 6,600 នាក់៕

Advertisement