អ្នក​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចរាល់ មិនចាំបាច់​ចាក់​ដូ​ស​បន្ថែម​ក្នុងអំឡុង​មួយឆ្នាំ

អ្នកជំនាញ​កម្រិត​កំពូល​ម្នាក់​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) នៃ​ប្រទេស​ចិន ទើបតែ​បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចរាល់​ហើយ មិនចាំបាច់​ចាក់​ដូ​ស​បន្ថែម​នោះទេ ក្នុង​រយៈពេល​មួយឆ្នាំ។

ប្រការ​ខាងលើនេះ ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​សាធារណជន​មានការ​ព្រួយបារម្ភ​ចំពោះ​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី​ចាប់តាំងពី​ពាក់កណ្ដាល​ខែកក្កដា ពិសេស​គឺ COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ឬ​ហៅថា វ៉ា​រ្យ៉​ង់ Delta ដែល​ត្រូវបាន​ចាត់ទុកថា មានលទ្ធភាព​ឆ្លង​រាលដាល​ខ្លាំងក្លា​ជាង​ប្រភេទ​ដំបូង។

ឆ្លើយ​នឹង​សំណួរ​របស់​ទូរទស្សន៍​ចិន CCTV កាលពី​ថ្ងៃទី 08 សីហា លោក Shao Yiming ដែលជា​វេជ្ជបណ្ឌិត​លំដាប់​កំពូល និង​ជា​អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​របស់ CDC ចិន បាន​និយាយថា កំហាប់​នៃ អង់​ទី​ហ្សែ​ន ក្នុង​រាងកាយ​មនុស្ស ថយចុះ​ទៅតាម​ពេលវេលា បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ អង់​ទី​ហ្សែ​ន នេះ នៅតែ​អាច​ជំរុញ​ការ​ប្រតិកម្ម​ខ្លាំងក្លា ដើម្បី​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ក្នុង​រយៈពេល​ខ្លី​បាន។

វេជ្ជបណ្ឌិត Shao Yiming

យោងតាម​វេជ្ជបណ្ឌិត Shao Yiming ក្រុម​អ្នកវិទ្យាសាស្ត្រ​ទូទាំង​សកលលោក កំពុង​ស្រាវជ្រាវ​រក​វិធី​ដើម្បី​បង្កើន​ថាមពល​ឱ្យ​កងការពារ​រាងកាយ។ បច្ចុប្បន្ន មិនទាន់មាន​ភស្ដុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា គួរ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 ដល់​គ្រប់គ្នា ឬ​អត់​នៅឡើយ។ យោងតាម​ការស្រាវជ្រាវ​បឋម អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ស្ទើរតែ​ទាំងអស់ មិនចាំបាច់​ចាក់​ដូ​ស​ទី 3 នោះទេ។

ទោះជា​យ៉ាងនេះ​ក្ដី លោក Shao Yiming ក៏បាន​ឱ្យដឹងថា ប្រទេស​ចិន កំពុងតែ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បីឱ្យ​ប្រាកដថា គួរ​ចាក់​រំលឹក​ឡើងវិញ​ដែរ ឬ​យ៉ាងណា ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ចាប់ពី 6-12 ខែ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង COVID-19 ខ្ពស់។ ពេលវេលា​ជាក់លាក់​ដើម្បី​អាច​ចាក់​ដូ​ស​ទី 3 ឬ​ដូ​ស​បន្ថែម ក៏​កំពុង​ត្រូវបាន​សិក្សា។

ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា បើទោះជា​ការស្រាវជ្រាវ​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្ការ​ការឆ្លង COVID-19 ប៉ុន្តែ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នៅតែ​ត្រូវការ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជាប្រចាំ ដើម្បី​ប៉ះប៉ូវ​ឱ្យ​ការ​ថមថយ​ទៅតាម​ពេលវេលា​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង៕

Advertisement