WHO ប្រុង​ដាក់ឈ្មោះ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 ទៅតាម​ឈ្មោះ​នៃ​កញ្ចុំ​ផ្កាយ

លោក​ស្រី Van Kerkhove

អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា អង្គការ​នេះ​អាចដាក់​ឈ្មោះ​វីរុស​បំប្លែង​ថ្មី​របស់ COVID-19 ទៅតាម​ឈ្មោះ​នៃ​កញ្ចុំ​ផ្កាយ​នៅលើ​មេឃ ក្នុងករណី​បាន​ប្រើប្រាស់​អស់​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក។

Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​ក្នុងការ​ទប់ទល់​នឹង COVID-19 របស់ WHO កាលពី​ថ្ងៃទី 08 សីហា បាន​និយាយថា អង្គការ​នេះ​កំពុង​ពិចារណា​ក្នុងការ​ប្រើប្រាស់​ឈ្មោះ​នៃ​បណ្ដា​កញ្ចុំ​ផ្កាយ ដូចជា Orion, Leo, Gemini និង Aries ជាដើម ដើម្បី​ដាក់ឈ្មោះ​ឱ្យ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 បើសិនជា​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក ត្រូវបាន​ប្រើប្រាស់​អស់។

លោក​ស្រី Kerkhove បន្ថែមថា៖ «WHO កំពុង​សិក្សា​ស្រាវជ្រាវ​លើ​សំណើ​នានា ដើម្បី​ធានាថា ពុំមាន​អ្នកណាម្នាក់​ពិបាក​ទ្រាំ​ជាមួយនឹង​ឈ្មោះ​ទាំងនេះ»។

អង្គ​ការ​ WHO បានដាក់​ឈ្មោះ​ឱ្យ​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 ទៅតាម​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក ចាប់​តាំង​ពី​ខែឧសភា ឆ្នាំ 2021។ មកដល់​បច្ចុប្បន្ន វីរុស​បំប្លែង​ថ្មី​របស់ COVID-19 ចំនួន 11 ប្រភេទ ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​វិធី​នេះ ក្នុងនោះ​មាន Alpha, Beta, Delta និងថ្មីៗនេះ​គឺ Lambda។ល។

មុន​នោះ បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី តែង​ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​ទីតាំង​ដែល​វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង។ មូលហេតុ​ដែល​វិធី​ដាក់ឈ្មោះ​នេះ ត្រូវបាន​គេ​ប្ដូរ នោះ​គឺ​មកពី​វា​អាច​នាំឱ្យមាន «ការរើសអើង​ចំពោះ​ប្រទេសមួយ ឬ​ទីតាំង​មួយ» នេះ​បើតាម​លោក​ស្រី​ Kerkhove។

Kerkhove បាន​ព្រមាន​ថា វត្តមាន​របស់​បណ្ដា​វ៉ា​រ្យ៉​ង់ថ្មីៗនៃ​វីរុស COVID-19 ដែលមាន​សមត្ថភាព​គេច​ពី​វ៉ាក់សាំង គឺជា «ការគំរាមកំហែងពិត»។ នេះ​គឺជា​មូលហេតុ​សំខាន់​ដែល​ប្រទេស​នានា មិនត្រូវ​រំពឹង​លើ​វ៉ាក់សាំង​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ ត្រូវធ្វើ​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល»។

មន្ត្រី​រូបនេះ​ក៏បាន​ព្រមាន​ថា វ៉ា​រ្យ៉​ង់​ថ្មី​មួយ​ប្រភេទ​ដែល​ប្រកបដោយ​គ្រោះថ្នាក់ អាច​បង្ហាញខ្លួន​នៅ​តំបន់​ដែល COVID-19 ឆ្លង​រាលដាល​ខ្លាំង ឬ​តំបន់​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ប៉ុន្តែ COVID-19 នៅតែ​រាតត្បាត។

ការព្រមាន​របស់ Kerkhove នេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី​ស្ថាប័ន​សុខាភិបាល​សាធារណៈ​របស់ អង់គ្លេស បានប្រកាស​លទ្ធផល​នៃ​ការវិភាគ​បឋម​មួយ បង្ហាញថា បរិមាណ​វីរុស COVID-19 នៅលើ​អ្នក​វិជ្ជមាន​នឹង​វ៉ា​រ្យ៉​ង់ Delta គឺ​ខ្ពស់​ដូចគ្នា បើទោះជា​អ្នកជំងឺ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឬ​មិនទាន់បាន​ចាក់​ក៏ដោយ៕

Advertisement