កម្ពុជា៖ ក្រុមហ៊ុន​ចំនួន 10 បាន​ចុះបញ្ជី​នាំចូល​វ៉ាក់សាំង ខណៈ​អត្រា​ឆ្លង COVID-19 ​ជិត 4,700 នាក់/1 លាន​នាក់

ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស ធៀប​នឹង​ប្រជាជន​សរុប 16 លាន​នាក់ បច្ចុប្បន្ន សម្រេចបាន 48.16% ហើយ ខណៈដែល​ក្រុមហ៊ុន​ជាច្រើន បាន និង​កំពុង​ចុះ​បញ្ជិកា ដើម្បី​នាំចូល​វ៉ាក់សាំង​បង្ការ​វីរុស COVID-19។

កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 05 ខែសីហា ឆ្នាំ 2021 រួមមាន៖ ពលរដ្ឋ​ពេញវ័យ​ជា​គោលដៅ 10 លាន​នាក់ សម្រេចបាន 75.42% ,  កុមារ និង​ក្មេង​ជំទង់ វ័យ​ចាប់ពី 12 ដល់ 17 ឆ្នាំ ជា​គោលដៅ​ជិត 2 លាន​នាក់ សម្រេចបាន 8.29%។ ចំណែក​ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស ធៀប​នឹង​ប្រជាជន​សរុប 16 លាន​នាក់ បច្ចុប្បន្ន សម្រេចបាន 48.16%។

យោងតាម​ទំព័រ Worldometers អត្រា​នៃ​ការឆ្លង COVID-19 នៅ កម្ពុជា បច្ចុប្បន្ន​ស្មើនឹង 4,692 នាក់/1 លាន​នាក់។ រីឯ​អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 វិញ ស្មើនឹង 88 នាក់/1 លាន​នាក់។ អត្រា​នៃ​ការធ្វើ​តេស្តរ​កវី​រុស COVID-19 សម្រេចបាន 107,431លើក/1 លាន​នាក់។

ទាក់ទង​នឹង​បញ្ហា​វ៉ាក់សាំង​បង្ការ COVID-19 នេះដែរ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា ក្រុមហ៊ុន​ប្រមាណ​ជា 10 បាន​ចុះបញ្ជី ដើម្បី​នាំចូល​វ៉ាក់សាំង COVID-19 មក កម្ពុជា។ លោក​ឧកញ៉ា រូបនេះ បន្ថែមថា បណ្ដា​ក្រុមហ៊ុន​ឯកជន​នៅ កម្ពុជា នឹង​នាំចូល​វ៉ាក់សាំង​ច្រើន​ប្រភេទ ក្នុងពេលឆាប់ៗនេះ ហើយ​វ៉ាក់សាំង​ទាំងនោះ នឹង​អាច​ចាក់​បាន​ទៅលើ​កុមារ​ចាប់ពី​អាយុ 12 ឆ្នាំ ឡើងទៅ។

ការចុះ​បញ្ជិកា​ដើម្បី​នាំចូល​វ៉ាក់សាំង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី 27  ខែកក្កដា កន្លងទៅ បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង COVID-19 ទាំងឡាយណា ដែល​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

វ៉ាក់សាំង​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​ឯកជន អាច​ចែកចាយ និង​ចាក់​តាម​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។ ប៉ុន្តែ ដំណើរការ​ខាងលើនេះ ត្រូវតែ​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់៕

Advertisement