កម្ពុជា នឹង​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង COVID-19 ពី ជប៉ុន នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ

(ភ្នំពេញ)៖ វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន 1 លាន​ដូ​ស ជា​ជំនួយ​របស់​ប្រទេស ជប៉ុន ដែល​នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 នឹងត្រូវ​បាន សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់។

កាលពី​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 រាជរដ្ឋាភិបាល​ជប៉ុន បានប្រកាស​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 1 លាន​ដូ​ស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19។

ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា លោក MIKAMI Masahiro បាន​បញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែល​ត្រូវ​បានផ្តល់​អាជ្ញា​បណ្ណ​ផលិត​ក្នុងប្រទេស​ជប៉ុន នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ បន្ទាប់ពី​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility បានបញ្ចប់។

គិត​មកដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល ជប៉ុន បានផ្ដល់​ជំនួយ​ជាច្រើន​ដល់ កម្ពុជា ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ក្នុងនោះ​មានដូចជា បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការផ្ដល់​បរិ​ក្ខា​រ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ជាដើម ដែល​សរុប​ជា​ទឹកប្រាក់ ស្មើនឹង​ជាង 50 លាន​ដុល្លារ​អាមេរិក។

ជាង​នេះ ជប៉ុន ក៏បានផ្ដល់​ប្រាក់កម្ចី​ប្រមាណ 227 លាន​ដុល្លារ​អាមេរិក ដល់ កម្ពុជា ផងដែរ សម្រាប់​ចាត់​ចែក​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ថវិកា​ដល់​ពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ COVID-19 និង​សម្រាប់​កែលម្អ​ប្រព័ន្ធ​សុខាភិបាល។ នេះ​បើតាម លោក MIKAMI Masahiro។

កន្លងមក កម្ពុជា​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 សរុប​ចំនួន 2,524,000 ដូ​ស ពី​អន្តរជាតិ ក្នុងនោះ​មាន​ជំនួយ​ពី ប្រទេស​ចិន ចំនួន 2,200,000 ដូ​ស និង​ពី​យន្តការ COVAX ចំនួន 324,000 ដូ​ស។

Advertisement