វៀតណាម ទទួលបាន​ការធានា​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ចំនួន 105 លាន​ដូ​ស រួចហើយ

ជំនួយ​ជា​វ៉ាក់សាំង​ចំនួន​ជាង​ 2 លាន​ដូស​ ដែល​ សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​ឱ្យ​ វៀត​ណាម កាល​ពី​ថ្ងៃទី 10 កក្កដា​

វៀតណាម បានកំណត់​គោលដៅ ទិញ​វ៉ាក់សាំង COVID-19 ចំនួន 150 លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ឱ្យមាន 70% ហើយ​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ប្រមាណ 105 លាន​ដូ​ស ត្រូវបាន​ចុះកិច្ចសន្យា​រួចរាល់។

ក្នុងចំណោម​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន 105 លាន​ដូ​ស ដែល វៀតណាម បាន​ធានាថា​នឹង​ទទួលបាន មាន 38.9 លាន​ដូ​ស​ស្ថិតក្នុង​កម្មវិធី ជំនួយ COVAX របស់​អង្គការ​សុខភាព​ពិភពលោក, 30 លាន​ដូ​ស​ជា AstraZeneca ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​វៀតណាម VNVC, 31 លាន​ដូ​ស ជា វ៉ាក់សាំង Pfizer ដែល​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល និង 5 លាន​ដូ​ស Moderna ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Zuellig Pharma Viet Nam ជា​អ្នកចាត់ចែង។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងការបរទេស វៀតណាម។

ទន្ទឹមនឹងនេះ វៀតណាម ក៏​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​បន្ថែមចំនួន 55 លាន​ដូ​ស​ទៀត រួមមាន 40 លាន​ដូ​ស ជា​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី និង 15 លាន​ដូ​ស​ជា​វ៉ាក់សាំង Covaxin របស់ ឥណ្ឌា។

គិ​ម​ត្រឹម​ថ្ងៃទី 12 ខែកក្កដា វៀតណាម បានទទួល​វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 8 លាន​ដូ​ស​រួចហើយ។ នាពេលខាងមុខ ពោលគឺ​ក្នុងអំឡុង​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា វៀតណាម នឹង​បានទទួល​វ៉ាក់សាំង Pfizer-BioNTech ចំនួន​ជាង 1 លាន​ដូ​ស​ទៀត ពី​កម្មវិធី COVAX បន្ថែម​ពីលើ​ប្រហែល 4.5 លាន​ដូ​ស ដែល​កម្មវិធី​នេះ​បានប្រគល់​ឱ្យ វៀតណាម កាលពី​មុននេះ។ កន្លងមក សហរដ្ឋអាមេរិក ក៏បាន​សម្រេច​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Moderna ចំនួន 2 លាន​ដូ​ស ទៅឱ្យ វៀតណាម តាមរយៈ​កម្មវិធី COVAX។

បន្ទាប់ពី​បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 2 លាន​ដូ​ស ដល់​វៀតណាម ប្រទេស ជប៉ុន ក៏​សន្យាថា​នឹង​ផ្ដល់​ជំ​នួន​បន្ថែម 1 លាន​ដូ​ស​ទៀត​នៅ​ថ្ងៃទី 16 ខែកក្កដា។

ជាង​នេះ នៅក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង ដែល វៀតណាម បានទទួល ក៏​នៅមាន​វ៉ាក់សាំង Vero Cell របស់​ក្រុមហ៊ុន ចិន Sinopharm ចំនួន 500,000 ដូ​ស និង Sputnik V របស់ រុស្ស៊ី ចំនួន 1,000 ដូ​ស​ផងដែរ។

អូស្ត្រាលី បាន​សន្យា​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 1.5 លាន​ដូ​ស ចាប់ពីពេលនេះ រហូតដល់​ចុងឆ្នាំ និង​ជំនួយ​ជា​ប្រាក់​ចំនួន 13.5 លាន​ដុល្លារ​អូស្ត្រាលី (ជាង 10 លាន​ដុល្លារ​អាមេរិក) ដល់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 តាមរយៈ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ (UNICEF)។

ចំណែក​ប្រទេស អង់គ្លេស វិញ ក៏បាន​សន្យា​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 មួយចំនួន​ដល់ វៀតណាម ផងដែរ តាមរយៈ​កម្មវិធី COVAX និង​ទ្វេភាគី៕

ប្រភព៖ VNexpress
ប្រែ​សម្រួល៖ បុត្រា

Advertisement