សហរដ្ឋអាមេរិក ដំណើរការ​គម្រោង​ចែក​វ៉ាក់សាំង COVID-19 ដល់​ប្រទេសផ្សេងៗ

រដ្ឋបាល​ប្រធានាធិបតី Joe Biden គ្រោង​នឹង​ប្រកាស​ឱ្យដឹងពី​ឈ្មោះ​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែលជា​ជំនួយ​ដំបូង​របស់​សហរដ្ឋអាមេរិក។

សារព័ត៌មាន Bloomberg កាលពី​ថ្ងៃទី3 ខែមិថុនា ដកស្រង់​ប្រភពព័ត៌មាន​មួយ ឱ្យដឹងថា សេត​វិមាន បានសម្រេច​លើ​ការបង្កើត​ផែនការ​បែងចែក​វ៉ាក់សាំង Covid-19 រាប់សិប​លាន​ដូ​ស ទៅដល់​បណ្ដា​ប្រទេស ដែល​កំពុង​ត្រូវការ បន្ទាប់ពី​បាន​ពិភាក្សា​រួចរាល់។

លោក Joe Biden ទំនងជា​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នៅក្នុង​សប្ដាហ៍​នេះ ដោយ​គិត​ទៅលើ​កត្តា​សមធម៌ និង​សហការ​ស៊ីជម្រៅ​ជាមួយនឹង​កម្មវិធី Covax ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ សម្រាប់​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក មានការ​រីកចម្រើន​ខ្លាំង ដោយ​វ៉ាក់សាំង​ចំនួន 297លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់ ក្នុងនោះ ពលរដ្ឋ​ពេញវ័យ​ចំនួន 62.9% ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស គិត​ត្រឹម​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។

មុន​នោះ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា សហរដ្ឋអាមេរិក គ្រោង​នឹង​ផ្ដល់​វ៉ាក់សាំង​ចំនួន 80លាន​ដូ​ស ក្នុងនោះ​មាន​វ៉ាក់សាំង AstraZeneca ចំនួន 60លាន​ដូ​ស និង​វ៉ាក់សាំង Moderna, Pfizer និង Johnson & Johnson ចំនួន 20លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement