កាល់ស្យូម គឺជា​អ្វី ហេតុ​ម៉េច​បាន​សំខាន់​សម្រាប់​កូនតូច?

កុមារ​នៅក្នុង​អាយុ 1 – 3ឆ្នាំ គឺជា​វ័យ​មួយ​ដែលមាន​ការប្រែប្រួល និង​ការវិវឌ្ឍ​ខាង​រាងកាយ​ខ្លាំងណាស់ អ្វីដែល​យើង​ច្រើន​សង្កេតឃើញ​បាន​យ៉ាងច្បាស់​នោះ​គឺ ការវិវឌ្ឍ​ខាង​ផ្នែក​ការធ្វើ​ចលនា តាំងពី​ការ​វារ ឈរ ដើរ រហូត​ទៅដល់​អាច​រត់​បាន​យ៉ាង​ស្ទាត់ជំនាញ ហើយ​និង​ការប្រែប្រួល​ខាង​ការ​ញ៉ាំ ដែល​ការវិវឌ្ឍ​ខាង​ការ​ទំពា​លេប ក៏​ជា​អ្វីមួយ​ដែល​កូនតូច ត្រូវធ្វើ​ជាប្រចាំ​ក្នុង 1ថ្ងៃៗដែរ។ គ្រោង​សាង​រាងកាយ ដែលមាន​ចំណែក​សំខាន់​ក្នុងការ​បង្កើន​ដល់​ការធ្វើ​ចលនា និង​ការ​ទំពា​លេប​របស់​កូន ឱ្យធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ អវយវៈ​មួយ ដែលមាន​ឈ្មោះថា “ឆ្អឹង”  និង  “ធ្មេញ”  ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កូនតូច មាន​គ្រោង​សាង​របស់​ឆ្អឹង និង​ធ្មេញ​ដែល​រឹងមាំ​នោះ ទើប​សារធាតុ​អាហារ​ចាំបាច់​ដូចជា “កាល់ស្យូម” មាន​តួនាទី​យ៉ាងសំខាន់ ចំពោះ​រាងកាយ​ខ្លាំង​សម្បើម​ណាស់។

“កាល់ស្យូម” គឺជា​សារធាតុ​អាហារ ប្រភេទ​អំបិល​រ៉ែ 1ប្រភេទ ដែលមាន​នៅក្នុង​រាងកាយ​ច្រើន​បំផុត ជាពិសេស​នៅក្នុង​ឆ្អឹង និង​ធ្មេញ អាច​និយាយបានថា ជា​កន្លែង​ប្រមូល​សន្សំ​កាល់ស្យូម ដែល​ធំជាងគេ​បំផុត​នៅក្នុង​រាងកាយ។ មុខនាទី​សំខាន់​របស់​កាល់ស្យូម​គឺ នាំយកមក​ប្រើប្រាស់​ក្នុងការ​សាង និង​ជួសជុល​ចំណែក​ដែល​សឹករេចរឹល​របស់​ឆ្អឹង និង​ធ្មេញ ក្រចកដៃ-ជើង និង​ស​សៃ​សក់​ឱ្យ​រឹងមាំ ក្រៅពីនេះ នៅមាន​ចំណែក​ជួយ​គ្រប់គ្រង​ការធ្វើការងារ​របស់​សាច់ដុំ ប្រព័ន្ធ​ប្រសាទ ការពង្រឹង​ខ្លួន​របស់​ឈាម ចង្វាក់​របស់​បេះដូង ការធ្វើការងារ​របស់​ប្រព័ន្ធ​ទឹក​រំលាយ​អាហារ ការ​បឺត​ជញ្ជក់​យក​វីតាមីន និង​ជំរុញ​ការបញ្ចេញ​របស់​អ័រម៉ូន។

តើ​នឹង​ទៅជា​យ៉ាងណា…នៅពេល​កូនតូច​ខ្វះ​ជាតិ​កាល់ស្យូម?

កុមារ​ដែល​ទទួលបាន​ជាតិ​កាល់ស្យូម មិន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ នឹងមាន​ផលប៉ះពាល់​ដល់​ភាព​រឹង និង​កម្រាស់ របស់​ឆ្អឹង​ទាំងមូល ធ្វើឱ្យ​កើត​ជំងឺ​ទន់​ឆ្អឹង ឬ​ឆ្អឹង​កោង-ង  ការវិវឌ្ឍ​ខាង​ផ្នែក​រាងកាយ ដូច​ជាការ​អង្គុយ វារ ដើរ នឹង​ដំណើរការ​លូតលាស់​ទៅមុខ យ៉ាង​យឺតយ៉ាវ។ ក្រៅពីនេះ គ្រោង​សាង​ឆ្អឹង​ដែល​ទន់ខ្សោយ នឹង​បង្ក​ឱ្យ​កើតមាន​ភាពខុសប្រក្រតី ខាង​រាងកាយ​បាន​ដូចជា ក្លាយជា​កុមារ​ជើង​កោង-ង និង​ខ្លួន​ទាប​តឿ​ខុស​ប្រក្រតី​ជាដើម។

តើ​កាល់ស្យូម​នៅឯណា…រក​ញ៉ាំ​បាន​នៅទីណា?

– ទឹកដោះ និង​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះ ដូចជា ឈី​ស ប៊័រ​រឹង ប៊័រ​ស្រស់ យ៉ា​អួ អៃ​ស្គ្រី​ម -ល-  ព្រោះ​ទឹកដោះស្រស់ គឺជា​ប្រភព​អាហារ​ដ៏​កំពូល ដែលមាន​កាល់ស្យូម​ច្រើន​បំផុត ដូច្នេះ​ទើប​ចាំបាច់​ខ្លាំងណាស់ ដែល​កុមារ​ត្រូវតែ​ញ៉ាំ​ទឹកដោះស្រស់ ឱ្យបាន​យ៉ាងហោចណាស់ 1ថ្ងៃ 2 កែវ។

– គ្រាប់​ធញ្ញជាតិ គ្រាប់សណ្តែក​ស្ងួត និង​ផលិតផល ដែល​ធ្វើ​ពី​គ្រាប់សណ្តែក ដូចជា តៅហ៊ូ ទឹក​សណ្តែក​លឿង សៀង គ្រាប់ល្ង-ស ខ្មៅ គ្រាប់​សណ្តែកក្រហម-ខៀវ គ្រាប់​អាល់​ម៉ុ​ន គ្រាប់​ឈូក និង​គ្រាប់​ផ្កាឈូក​រត្ន​ជាដើម។

– សាច់សត្វ​ដែល​ញ៉ាំ​ទាំងមូល ឬ​ទាំង​ឆ្អឹង ដូចជា ត្រីតូចៗ ក​ម្ពិ​ស បង្គា បង្គា​ក្រៀម ត្រីខកំប៉ុង។ល។

– បន្លែ​ស្លឹក​បៃតង ដូចជា ខាត់ណា ស្ពៃចង្កឹះ ប្រូ​ក​ខូ​លី ស្លឹក​បាស ផ្លែ​ប្រពាយ សណ្តែក​ហោ​ឡាន់​តាវ ត្រប់ពុតលំញង។ល។

នៅពេល​បានដឹង​បែបនេះហើយ សមាជិក​នៅក្នុង​គ្រួសារ​ទាំងអស់ សូមកុំ​ភ្លេច​បន្ថែម​ជាតិ​កាល់ស្យូម ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ឱ្យបាន​ជាប់​ជានិច្ច ព្រោះ​មិន​ថា ស្ថិតក្នុង​វ័យ​ណាក៏ដោយ ក៏​កាល់ស្យូម​នៅតែ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយ ដែល​ទាំង​កុមារ និង​មនុស្ស​ចាស់​នៅតែ​ចាំបាច់​ត្រូវតែ​ទទួលបាន ជា​រៀងរាល់ថ្ងៃ៕

Advertisement