ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ “វិធី​កម្ចាត់​វីរុស​COVID-19” ក្នុង​សួត បាន​រហូតដល់ 99.9%

ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​អូស្ត្រាលី និង​សហរដ្ឋអាមេរិក អភិវឌ្ឍ​វិធីសាស្ត្រ​ថ្មី ប្រឆាំងនឹង​វីរុស ដែល​ជួយ​កម្ចាត់ Covid-19 នៅក្នុង​សត្វ​កណ្ដុរ បាន​រហូតដល់ 99.9% ដែល​នេះ​ជាការ​បើកផ្លូវ​សម្រាប់​ការព្យាបាល​ជំងឺ​Covid-19 នៅលើ​មនុស្ស ប្រកប​ដោយ​​ប្រសិទ្ធភាព។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​សុខាភិបាល Menzies ក្នុង​រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន​ស្រាវជ្រាវ City of Hope របស់​សហរដ្ឋអាមេរិក បាន​សហការគ្នា ស្រាវជ្រាវ និង​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​នេះ ចាប់ពី​ខែមេសា ឆ្នាំ​2020។

Nigel McMillan សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Griffith របស់​អូស្ត្រាលី និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ហៅ​វិធីសាស្ត្រ​ដែល​ពួកគេ​កំពុង​អភិវឌ្ឍ​នេះ​ថា​ជា «ភារកិច្ច​ស្វែងរក និង​កម្ចាត់» ពោលគឺ វាយប្រហារ​ផ្ទាល់​ទៅលើ Covid-19។ នេះ​បើតាម​សារព័ត៌មាន​អូស្ត្រាលី ដែល​បាន​ចុះផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ ប្រើប្រាស់​វិធីសាស្ត្រ វីរុស «ជំនាន់​បន្ទាប់» ជាមួយនឹង​បច្ចេកវិទ្យា​អសកម្ម​ហ្សែ​ន RNA (Ribonucleic acid) ដើម្បី​វាយប្រហារ​ផ្ទាល់​ទៅលើ​ប្រព័ន្ធ​ហ្សែ​ន​របស់​វីរុស ធ្វើឱ្យ​ពួកវា​មិនអាច​ឆ្លង​រាលដាល​បាន។ «វា​បំផ្លាញ​ប្រព័ន្ធ​ហ្សែ​ន និង​ធ្វើឱ្យ​វីរុស មិនអាច​រីកចម្រើន​បាន» McMillan អធិប្បាយ​ដូច្នេះ និង​បន្ថែមថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ពួកគេ​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​គ្រាប់ nano និង​បញ្ចូល​ទៅក្នុង​រាងកាយ​តាមរយៈ​សរសៃឈាម ដើម្បីឱ្យ​ពួកវា វាយប្រហារ​វីរុស។

លោក McMillan និយាយថា៖ «ពួកវា (គ្រាប់ nano) ស្វែងរក និង​កម្ចាត់​វីរុស ដូច​ទៅនឹង​យន្តការ​នៃ​មី​ស៊ី​ល​ស្វែងរក​កម្ដៅ (heat-seeking missile/Infrared homing)»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ

«គ្រាប់ nano ធ្វើដំណើរ​ទៅកាន់​សួត ហើយ​ចូល​ទៅកាន់​កោសិកា​ទាំងអស់​របស់​សួត ប៉ុន្តែ ពួកវា​កម្ចាត់​តែ​វីរុស​ដែល​មាន​នៅក្នុង​កោសិកា​ប៉ុណ្ណោះ។ ចំណែក​កោសិកា​ដែល​ធម្មតា (មិនមាន​វីរុស) នឹងមិន​រង​ផលប៉ះពាល់​ពី​វិធី​ព្យាបាល​នេះឡើយ» លោក McMillan បញ្ជាក់។

សាស្ត្រាចារ្យ McMillan បន្តថា៖ «បើ​ទោះ​មិនមែនជា​វិធី​ព្យាបាល ប៉ុន្តែ​វិធីសាស្ត្រ​នេះ អាចជួយ​កម្ចាត់​វីរុស​ក្នុង​សួត​បាន​រហូតដល់ 99.9% ឯណោះ។ ដូច្នេះ វា​មាន​ប្រសិទ្ធភាព​ស្ទើរ​ដូច​ទៅនឹង​វិធី​ព្យាបាល និង​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់​សង្គ្រោះបន្ទាន់ (ICU) ក្នុងករណី​ហួសពេល​ក្នុង​ការចាក់​វ៉ាក់សាំង»។

«នេះ​ពិតជា​វិធី​សាស្ត្រា​ដំបូងបង្អស់​មួយ ទាក់ទង​នឹង​ការព្យាបាល​ផ្ទាល់ ដូច្នេះហើយ យើង​ពិតជា​មានការ​ត្រេកអ​រណាស់» លោក​សាស្ត្រាចារ្យ​ថ្លែង​ដូច្នេះ។

យោងតាម​វិធីសាស្ត្រ​ថ្មី​នេះ អ្នកជំងឺ​Covid-19 ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់ ICU នឹងត្រូវ​បាន​ចាក់ 1ម្ជុល​ជា​រៀងរាល់ថ្ងៃ ក្នុង​រង្វង់​ពី 4-5ថ្ងៃ ឬ​តែ 1ម្ជុល​គត់ សម្រាប់​អ្នក​ដែល​ទើបតែ​ឆ្លង Covid-19។ លោក McMillan ឱ្យដឹងថា វិធីសាស្ត្រ​នេះ អាច​បង្ហាញខ្លួន​ជា​ផ្លូវការ​យ៉ាង​ឆាប់​បំផុត​ត្រឹម​ឆ្នាំ2023 អាស្រ័យទៅលើ​លទ្ធផល​នៃ​ដំណាក់កាល​ពិសោធ​លើ​មនុស្ស។

«សូម​ចងចាំ​ថា វីរុស​នេះ​ (Covid-19) ​នឹងមិន​បាត់​ទៅណា​ឡើយ។ យើង​នឹងត្រូវ​រស់នៅ​ជាមួយ​ពួកវា ជា​រៀងរហូត» ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​សាស្ត្រាចារ្យ McMillan៕

ប្រភព៖ ABC
ប្រែ​សម្រួល៖ បុត្រា

Advertisement