សហរដ្ឋ​អាមេរិក ផ្ដល់ប្រាក់​រង្វាន់​​មិនមាន​ដែន​​កំណត់ ដល់​អ្នក​នាំ​មនុស្ស​មកចាក់​វ៉ាក់សាំង Covid-19

កន្លងមក មានពេលខ្លះ ការទទួល​បានការ​ណា​ត់​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​សហរដ្ឋអាមេរិក មិន​ខុសពី​ការ​ត្រូវ​ឆ្នោត​នោះឡើយ ក៏ប៉ុន្តែ បច្ចុប្បន្ន បញ្ហា​នេះ ផ្ទុយស្រឡះ​បាត់ទៅហើយ ដោយ​អាជ្ញាធរ​របស់​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​វិធីសាស្ត្រល្អៗ ហើយ​ពេលខ្លះ​ក៏ប្លែកៗ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ព្រោះ​ពលរដ្ឋ​មានការ​រារែក។

Larry Hogan អភិបាលរដ្ឋ Maryland បាន​ថ្លែង​កាលពី​ថ្ងៃទី3 ខែឧសភា​ថា៖ «វ៉ាក់សាំង មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំងស្រុង ហើយ​វា​សុទ្ធតែ​មិន​គិតថ្លៃ និង​នៅមាន​ជានិច្ច បើ​ទោះ​អ្នក​បាន​ចុះឈ្មោះ​មុន ឬ​អត់» Larry Hogan បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​នានា ផ្ដល់​អត្ថប្រយោជន៍ផ្សេងៗដល់​បុគ្គលិក​ដែល​បាន​ចាក់​វ៉ាក់សាំង។

យុទ្ធសាស្ត្រ​នេះ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​សាធារណៈ ទទួល​ស្គាល់​ថា​ សហរដ្ឋ​អាមេរិក​ ពិបាក​សម្រេចបាន​គោលដៅ​ដែល​បានកំណត់​លើ​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដោយសារ​បញ្ហា​សេរីភាព និង​ការសង្ស័យ​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង។

«ជាម​នុស្ស យើង​តែងតែ​ប្រតិកម្ម​វិជ្ជមាន​ទៅលើ​មើម​ការ៉ុត​ច្រើនជាង​ដំបង» បណ្ឌិត Megan Ranney មកពី​សាកលវិទ្យាល័យ Brown នៅ Rhode Island ថ្លែង​កាលពី​ថ្ងៃទី3 ខែឧសភា។

បើតាម​អ្នកស្រី យុទ្ធនា​ការចាក់​វ៉ាក់សាំង តែងមាន​ប្រសិទ្ធភាព​ជាង នៅពេល​គេ​ប្រើពាក្យ​ពេចន៍​ដែល​មិន​កង្ក​ប់​ការបង្ខិតបង្ខំ​លើ​ពលរដ្ឋ។ ការបញ្ជូនសារ «វ៉ាក់សាំង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អ្នក» គឺជា​ឃ្លា​ដ៏​ល្អ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង។

នៅក្នុង​រដ្ឋ New Jersey អភិបាល Phil Murphy ឱ្យដឹងថា រាល់​បុគ្គល​ដែលមាន​អាយុ​ចាប់ពី 21ឆ្នាំ និង​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស នឹង​ទទួលបាន​ស្រា​បៀរ​ដោយ​មិន​គិតថ្លៃ នៅ​ទីតាំង​លក់​ស្រា​បៀរ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​រដ្ឋ។

រដ្ឋ Connecticut ក៏មាន​កម្មវិធី​ស្រដៀង​នេះដែរ ក្នុងនោះ ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស នឹង​ទទួលបាន​ភេសជ្ជៈ​មាន​អាល់កុល ឬ​មិនមាន​អាល់កុល នៅតាម​ហាង​ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ សម្រាប់​ខែឧសភា​នេះ។

ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់ Pittsburgh នៃ​រដ្ឋ​ Pennsylvania

នៅ​ទីក្រុង Detroit កាលពី​សប្ដាហ៍​មុន បានប្រកាសថា នឹង​ផ្ដល់​ប័ណ្ណ​អំណោយ​ដែលមាន​តម្លៃ 50ដុល្លារ ទៅឱ្យ​បុគ្គល​ទាំងឡាយណា​ដែល​បាន​នាំ​មនុស្ស​ម្នាក់​មកកាន់​មណ្ឌល​ចាក់​វ៉ាក់សាំង។ មិនមាន​ការកំណត់​លើ​ចំនួន​ទឹកប្រាក់​ដែល​បុគ្គល​ម្នាក់​ទទួលបាន​នោះទេ ប៉ុន្តែ បើ​ទទួលបាន​លើសពី 600ដុល្លារ នឹងត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល។

ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​រដ្ឋ​មកចាក់​វ៉ាក់សាំង អាជ្ញាធរ​រដ្ឋ Maryland កំពុង​ស្នើឱ្យ​ផ្ដល់ប្រាក់​រង្វាន់ 100ដុល្លារ បើសិនជា​ពួកគេ​យល់ព្រម​ចាក់​វ៉ាក់សាំង​Covid-19។

Jim Justice ដែលជា​អភិបាលរដ្ឋ Virginia ខាងលិច កាលពី​សប្ដាហ៍​មុន បានឱ្យដឹង​ដែរ​ថា រដ្ឋ​នេះ​នឹង​ផ្ដល់​មូល​ប​ត្រ​បំណុល​សន្សំ​របស់​រដ្ឋ (Savings Bonds) ដែលមាន​តម្លៃ​ស្មើ 100ដុល្លារ ដល់​ពលរដ្ឋ​ទាំងឡាយ​ដែលមាន​អាយុ​ចាប់ពី 16 ដល់ 35ឆ្នាំ និង​បាន​ចាក់​វ៉ាក់សាំង Covid-19។ ប៉ុន្តែ កាលពី​ថ្ងៃទី3 ខែឧសភា លោក​បាន​និយាយថា នឹង​ពិនិត្យ​រក​វិធីសាស្ត្រ​លើកទឹកចិត្ត​ផ្សេង​វិញ ដោយសារ​ពិបាក​បង្កើត​កម្មវិធី​នេះ។

នៅ Los Angeles នៃ​រដ្ឋ California សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុង និង​មជ្ឈមណ្ឌល​វប្បធម៌​ពហុ​ជំនឿ កាលពី​ថ្ងៃទី30 ខែមេសា បាន​ដំណើរការ​កម្មវិធី​ជូនអំណោយ​ដល់​បុគ្គល​ទាំងឡាយ​ដែល​បាន​មកកាន់​កន្លែង​ចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​របស់​ពួកគេ។

ក៏ប៉ុន្តែ Arthur Caplan សាស្ត្រាចារ្យ​ផ្នែក​ក្រមសីលធម៌​វេជ្ជសាស្ត្រ មកពី​សាលា​វេជ្ជសាស្ត្រ Grossman នៃ​សាកលវិទ្យាល័យ New York បាន​ព្រមាន​អំពី​ប្រសិទ្ធភាព​របស់​កម្មវិធី​លើកទឹកចិត្ត​ការចាក់​វ៉ាក់សាំង​ខាងលើ។

«ខ្ញុំ​គិតថា អារម្មណ៍​រារែក និង​ការពន្យារពេល កំពុង​ចាក់ឫស​ជ្រៅ ហើយ​អ្នក​ពិតជា​ពិបាក​ដោះស្រាយ​ដោយ​ការប្រើប្រាស់​អំណោយ​ជា​ប្រាក់ 100ដុល្លារ ឬ​អំណោយ​ប្រហាក់ប្រហែល​នេះ» លោក Arthur Caplan ថ្លែង​ដូច្នេះ។

គិត​មកដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 247លាន​ដូ​ស ក្នុងនោះ អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ មាន​ចំនួន 106លាន​នាក់ ស្មើ​នឹង​ 32.1%៕

ប្រភព​៖ NYTimes
ប្រែសម្រួល​៖ បុត្រា

Advertisement