Covid-19! ឥណ្ឌា​អនុញ្ញាតឱ្យ​មនុស្ស 600,000នាក់ ធ្វើ​ធម្ម​យាត្រា ក្នុង​គ្រា​វីរុស កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា

ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​​រាប់​សែន​នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ល្អាង​ Amarnath

អាជ្ញាធរ​តំបន់ Kashmir នៃ​ប្រទេស​ឥណ្ឌា រៀប​ផែនការ​ត្រៀម​កន្លែង​ស្នាក់នៅ​សម្រាប់​ហិណ្ឌូ​សាសនិក​ចំនួន 600,000នាក់ ដែល​នឹងចូលរួម​ធ្វើ​ធម្ម​យាត្រា Amarnath ប្រព្រឹត្តទៅ​ចាប់ពី​ខែមិថុនា​ខាងមុខ។

ក្រុមមន្ត្រី​នៅ​តំបន់ Kashmir បាន​ផ្អាក​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​តាម​គេហទំព័រ​ដើម្បី​ចូលរួម​ពិធី​ធម្ម​យាត្រា​ទៅកាន់​ប្រាសាទ​ទេព​ក្នុង​ល្អាង​ភ្នំ Amarnath (Shri Amarnath Cave Temple) ក៏ប៉ុន្តែ បានប្រកាសថា ព្រឹត្តិការណ៍​នេះ​នឹង​នៅតែ​ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ ចាប់ពី​ថ្ងៃទី28 ខែមិថុនា ដល់​ថ្ងៃទី22 ខែសីហា ឆ្នាំ2021។

អាជ្ញាធរ​តំបន់ Kashmir ក៏មាន​គម្រោង​សង់​ជំរំ​ស្នាក់នៅ​ចំនួន​ពីរ​កន្លែង​ដើម្បី​ធ្វើជា​កន្លែង​ឈប់សម្រាក​សម្រាប់​ហិណ្ឌូ​សាសនិក​ដែល​ចូលរួម​ធ្វើ​ធម្ម​យាត្រា​ទៅកាន់​ប្រាសាទ Amarnath។ ប្រាសាទ Amarnath ដែល​ស្ថិតនៅលើ​កម្ពស់ 3,880ម៉ែត្រ បើ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ​នេះ តែងតែ​ទទួលភ្ញៀវ​ដែលជា​ហិណ្ឌូ​សាសនិក រាប់សែន​នាក់​ជា​រៀងរាល់ឆ្នាំ។

មនុស្ស​ម្នាក់​ចូល​រួម​ធម្មយាត្រា​ទៅ​កាន់​​ល្អាង​ភ្នំ Amarnath (Shri Amarnath Cave Temple)

នៅក្នុង​គ្រា​ដែល​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​វីរុស​Covid-19 មនុស្ស​ជាច្រើន​កំពុងមាន​ការព្រួយបារម្ភ ខ្លាច​ស្ថានភាព​កាន់តែ​អាក្រក់ឡើងៗ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ធម្ម​យាត្រា​នេះ។

«ស្ថានការណ៍​កំពុង​អាក្រក់​នៅ​ពាសពេញ​ប្រទេស​ឥណ្ឌា។ នឹង​ជា​រឿង​ល្អ បើសិនជា​ធម្ម​យាត្រា Amarnath ឆ្នាំនេះ គ្រាន់តែ​ធ្វើ​ឡើងជា​និមិត្តរូប ដោយ​អនុញ្ញាតឱ្យ​មនុស្ស​តិចតួច ទៅកាន់​ប្រាសាទ។ មិន​ដូច្នេះ​ទេ ធម្ម​យាត្រា​នេះ​នឹង​ក្លាយទៅជា​សោកនាដកម្ម» អ្នកនយោបាយ Tanvir Sadiq និយាយ​ដូច្នេះ។

Tanvir Sadiq បាន​ព្រមាន​ថា ធម្ម​យាត្រា​ដែលមាន​មនុស្ស​រាប់សែន​នាក់​ចូលរួម អាចជា «ព្រឹត្តិការណ៍​មហា​ចម្លង ដែល​គ្រោះថ្នាក់​ដល់​ជីវិត ខណៈដែល​សមត្ថភាពរ​បស់​ប្រព័ន្ធ​សុខាភិបាល​នៃ​តំបន់ Kashmir នៅមានកម្រិត​នៅឡើយ»។

មនុស្ស​ម្នា​ចូលរួម​ពិធី​បុណ្យ​ Kumbh Mela នៅ​ Haridwar នៃ​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃតី​ 14/មេសា​/​2021

គណៈកម្មការ​គ្រប់គ្រង​ប្រាសាទ Shri Amarnath (SASB) ដែលជា​អ្នក​ប្រារព្ធ​ពិធី​ធម្ម​យាត្រា បានឱ្យដឹងថា គិត​ដោយឡែក​ក្នុង​ខែ​នេះ ហិណ្ឌូ​សាសនិក​យ៉ាងតិច 30,000នាក់ បាន​ចុះឈ្មោះ​ចូលរួម​ធ្វើ​ធម្ម​យាត្រា​នេះ បើទោះជា​ពិធីបុណ្យ Kumbh Mela មុននេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​មហា​ចម្លង​វីរុស​ហើយ​ក្ដី។

បច្ចុប្បន្ន (រសៀល​ថ្ងៃទី27 ខែមេសា) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 17,636,307នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 197,894នាក់, ជាសះស្បើយ 14,556,209នាក់ និង​កំពុង​ព្យាបាល 2,882,204នាក់៕

ប្រភព៖ DW
ប្រែ​សម្រួល៖ បុត្រា

Advertisement