រូបភាព​រន្ធត់! វិបត្តិ​កូ​វីដ​ឥណ្ឌា នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា ដូច​ព្យុះសង្ឃរា​ចាប់​អង្រួន​ប្រទេស

កាលពី​ថ្ងៃទី25 មេសា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ពី​វិបត្តិ​កូ​វីដ-19 ដែល​ឆ្លង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ស្ថិតិ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ បាន​បំបែក​ស្ថិតិ​ពិភពលោក លើស 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ ដោយ​កាលពី​ថ្ងៃទី24 មេសា មាន​ចំនួន 349,691នាក់ និង​ស្លាប់ 2,767នាក់ ក្នុងអំឡុងពេល 24ម៉ោង។

សម្រាប់​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប បាន​ឡើង​ជិត​ដល់ 17លាន​នាក់ ចំណែក​ចំនួន​អ្នកស្លាប់ កើនឡើង​ដល់ 192,310នាក់។ បច្ច័យ​ចម្បង​របស់​ការឆ្លង​រាលដាល​ដ៏​ធ្ងន់ធ្ងរ​នេះ បណ្ដាលមកពី​មេរោគ​កូ​វីដ-19ក្លាយ​ពូជ រួមទាំង​ការប្រមូល​ផ្ដុំគ្នា ក្នុង​រដូវ​កាល​ខាង​សាសនា ដែលមាន​ប្រជាជន​នាំគ្នា​ហែ​មក​ចូលរួម​ជាច្រើន​លាន​នាក់ កាលពីដើម​ខែមេសា។

ក្រៅពី​វិបត្តិ​អ្នកជំងឺ ហៀរ​មន្ទីរពេទ្យ​ហើយ បរិមាណ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ដែល​ទុក​ព្យាបាល​អ្នកជំងឺ ក៏មាន​មិន​គ្រប់គ្រាន់ រហូត​ធ្វើឱ្យ​អ្នកជំងឺ​អាការ​ធ្ងន់ធ្ងរ ត្រូវស្លាប់​យ៉ាង​គួរ​តក់ស្លុត។

ក្រៅពីនោះ ប្រទេស​ឥណ្ឌា ថែមទាំង​ត្រូវ​ប្រឈម​នឹង​ចំនួន​សាកសព​អ្នកជំងឺ​កូ​វីដ-19 ដែលមាន​ច្រើន​ហៀរ​កន្លែង​តម្កល់សព​ជា​បន្តបន្ទាប់ រហូតដល់​អាជ្ញាធរ​ត្រូវ​អាស្រ័យ​លើ​ការដុត​បូជា នៅតាម​ទីវាលស្រឡះៗ ដោយ​បណ្ដា​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ បាន​ដឹក​សាកសព​យកមក​ដាក់​នៅ​កន្លែង​ឈាបនកិច្ច​បណ្ដោះអាសន្ន​យ៉ាង​បន្តកន្ទុយ​គ្នា​ឥតឈប់ឈរ អ្នកខ្លះ​អាច​ត្រូវ​រង់ចាំ​បូជាសព​សាច់ញាតិ យូរ​រហូតដល់​ទៅ 6ម៉ោង​ក៏មាន។

រូបភាព​ពី​យន្តហោះ​ដ្រូ​ន បានបង្ហាញ​ឱ្យឃើញ​ទីកន្លែង​បូជាសព​ដ៏​ធំ​ទូលាយ​មួយ នៅក្នុង​ទីក្រុង​នី​វ​ដេលី មាន​គំនរ​ភ្លើង​ជាចំណុច។ សាកសព​ត្រូវបាន​រុំ​ជុំជិត​ដោយ​ក្រណាត់ស និង​ត្រូវ​គរ​សង្កត់ពីលើ​ដោយ​គំនរ​អុស មុននឹង​បញ្ឆេះ​ភ្លើង ដុត​បូជា​ដោយ​អាជ្ញាធរ និង​សាច់ញាតិ​ដែល​សុទ្ធតែ​ស្លៀក​ឈុត PPE ពណ៌​ស ការពារ​ខ្លួន​យ៉ាង​គត់មត់។

គិត​តាំងពី​ថ្ងៃទី15 មេសា​មក ប្រទេស​ឥណ្ឌា មាន​របាយការណ៍​អ្នក​ឆ្លង​កូ​វីដ ខ្ពស់​លើស 2សែន​នាក់ ដែល​ច្រើនជាង​ស្ថិតិ​ខ្ពស់បំផុត​ប្រចាំឆ្នាំ2020 ដែល​មានតែ 93,000នាក់​ក្នុង 1ថ្ងៃនោះ​ទៅទៀត បន្ទាប់ពីនោះ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ថែមទាំង​បាន​កើនឡើង​ដល់​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ​ហើយ​ទៀតផង។

លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ថ្លែង​អំពាវនាវ សុំឱ្យ​ប្រជាជន​គ្រប់រូប ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង និង​ប្រយ័ត្ន​ខ្លួនឯង​ពី “ព្យុះសង្ឃរា​នៃ​ការឆ្លង​មេរោគ” ដែល​គ្រានេះ​បាន​ញាប់​ញ័រ​រញ្ជួយ​ទូទាំងប្រទេស។

លោក​ម៉ូ​ឌី បាន​ថ្លែងថា “ការឆ្លង​រាលដាល​រលក​ទី1 យើង​តស៊ូ​ប្រយុទ្ធ រហូត​បាន​ជោគជ័យ រហូត​មាន​ជឿជាក់ តែ​គ្រានេះ ព្យុះសង្ឃរា បាន​វាយ​បោកបក់​ទូទាំងប្រទេស​រហូត​ញ័រ​រញ្ជួយ”

រដ្ឋបាល​លោក ម៉ូ​ឌី ត្រូវ​រង​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ថា បាន​បណ្ដោយឱ្យ​ការការពារ​ខ្លួន​ធ្លាក់ចុះ និង​ធ្វេសប្រហែស មានការ​រៀបចំ​ពិធី​ជួបជុំ​របស់​មនុស្ស​ចំនួន​ដ៏​ច្រើន ទាំង​ពិធី​ខាង​សាសនា និង​កិច្ចការងារ​ខាង​នយោបាយ ដោយ​មិនបាន​ត្រៀម​រួចជាស្រេច​នូវ​ប្រព័ន្ធ​សុខភាព​សាធារណៈ សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​នេះឡើយ។

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

 

Advertisement