យក​អុក​ស៊ី​ហ្ស៊ែ​ន​តាម​ខ្លួន!?  ឥណ្ឌា ទប់​លែង​ឈ្នះ ឆ្លង​កូ​វីដ​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ

ចំនួន​អ្នកជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ច្រើនជាង 3សែន​នាក់ ជា​ថ្ងៃទី2 ជាប់ៗគ្នា កណ្ដាល​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​នី​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 មេសា​ថា ក្រសួងសុខាភិបាល​រប​ស់​ឥណ្ឌា បាន​រាយការណ៍​ពី​ស្ថិតិ​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស ដោយបាន​រកឃើញ​អ្នកជំងឺ​ថ្មី 332,730នាក់ ជា​ចំនួន​មួយ ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ ទាំង​លំដាប់​ប្រទេស និង​លំដាប់​ពិភពលោក ដោយ​កើនឡើង 17,895នាក់ ពី​ស្ថិតិ​ចាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​គឺជា​ថ្ងៃទី2 ជាប់​គ្នា​ហើយ ដែល​ប្រទេស​ឥណ្ឌា បាន​អះអាង​ពី​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ ច្រើនជាង 3សែន​នាក់ និង​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ-19 សរុប ច្រើនជាង 16លាន​នាក់ ច្រើន​ជាប់​លំដាប់​លេខ2 បន្ទាប់ពី​សហរដ្ឋអាមេរិក។

ខណៈដែល​ក្នុង​ជុំ 1ថ្ងៃ​ដូចគ្នា មាន​អ្នកស្លាប់​ទាំងអស់ 2,263នាក់ ជា​ស្ថិតិ​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ដូចគ្នា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​កាលពី​ខែមករា​មក ធ្វើឱ្យ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 យ៉ាងតិច 186,920នាក់  ជាប់​លំដាប់ថ្នាក់​លេខ3 បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ចំណែក​ស្ថិតិ​អ្នកជំងឺ ដែល​នៅសល់ និង​កំពុង​ព្យាបាល​ក្នុង​ប្រព័ន្ធ​មន្ទីរពេទ្យ មាន​ចំនួន​យ៉ាងតិច 2,428,600​នាក់។

ទាំងអស់នេះ មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា យ៉ាងតិច 2កន្លែង បាន​ទទួលស្គាល់ថា កំពុង​ជួបនឹង​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ចំណែក​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បាន​ត្រៀម​ប្រជុំ​បន្ទាន់ ជាមួយ​ប្រមុខ​មន្ត្រី ក្នុង​រដ្ឋ​ដែល​បញ្ហា​អុក​ស៊ី​ហ្ស៊ែ​ន​មិន​គ្រប់គ្រាន់ និង​ក្រុមហ៊ុន​ផលិត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ទាំងអស់​នៅថ្ងៃនេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement