ជប៉ុន ស៊ូ​កូ​វីដ​លែង​បាន ត្រៀម​ប្រកាស​ស្ថានការណ៍​អាសន្ន​លើក​ទី3 “ខ្លាំង” ជាង​មុន

អភិបាលក្រុង​តូ​ក្យូ និង​ខេត្ត​អូ​សា​កា នឹង​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ពិចារណា​ពី​ការប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-19 ជុំ​ទី3 ដោយ​វិធាន​ការដែល​តឹងរ៉ឹង ម៉ឺងម៉ាត់​ខ្លាំង​បំផុត គឺ​បិទ​ភោជនីយដ្ឋាន ហាង​លក់ទំនិញ និង​កន្លែង​កម្សាន្ត​ទាំងអស់។

លោក ហ៊ី​រ៉ូ​ហ្វ៊ូ​មិ យ៉ូ​ស៊ី​មូរ៉ា​ក់ អភិបាលខេត្ត​អូ​សា​កា បាន​ថ្លែងថា លោក​នឹង​សំណូមពរ សុំឱ្យ​រដ្ឋបាល​ជប៉ុន​ប្រកាស​ស្ថានការណ៍​អាសន្ន នៅក្នុង​ខេត្ត​អូ​សា​កា ក្រោយពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅក្នុង​ខេត្ត​មួយ​នេះ​កាលពី​សប្ដាហ៍​កន្លងទៅ មាន​ច្រើនជាង 1,000នាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា 6ថ្ងៃ ចំណែក​កាលពី​ថ្ងៃ​ចន្ទ ទី19 មេសា ដែលជា​ធម្មតា នឹងមាន​លទ្ធផល​ត្រួតពិនិត្យ​តិចតួច ក្រោយពី​ការឈប់​សម្រាក​ចុង​សប្ដាហ៍​នោះ ក៏​នៅតែមាន​អ្នក​ឆ្លង​មេរោគ​ច្រើន​ដល់​ទៅ 719នាក់​ដែរ ដែល​នេះ ជា​តួលេខ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ របស់​ខេត្ត​អូ​សា​កា សម្រាប់​ថ្ងៃ​ចន្ទ។

ប្រព័ន្ធ​ការព្យាបាល នៅក្នុង​ខេត្ត​អូ​សា​កា កំពុងតែ​រងបន្ទុក​យ៉ាងធ្ងន់ធ្ងរ​បំផុត គ្រែ​អ្នកជំងឺ​កំពុងតែ​ជិត​ពេញ​អស់  រហូតដល់​ត្រូវសុំ​ខាង​ខេត្ត ស៊ី​ង៉ៈ ដែល​ស្ថិតនៅ​ជិតគ្នា​នោះ ឱ្យជួយ​ទទួល​អ្នកជំងឺ បញ្ជូន​ក្រុមគ្រូពេទ្យ​មកជួយ និង​ផ្ដល់​ការគាំទ្រផ្សេងៗទៀតផង។

Caption ស្ដូប ស៊ឹ​ថេ​ន​កា​គុ ក្នុង​ទីក្រុង​អូ​សា​កា បើកភ្លើង​ពណ៌​ក្រហម ដើម្បី​បង្ហាញ​ពី​សញ្ញាវិបត្តិ​កូ​វីដ​ធ្ងន់ធ្ងរ

ខេត្ត​ជុំវិញ​អូ​សា​កា គឺ ក្យូ​តូ, ណា​រ៉ា និង​ទីក្រុង​កូ​បេ ក៏មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​កើនឡើង​ច្រើន​ដូចគ្នា ដោយសារ​តែមាន​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅ-មកជា​ប្រចាំ។

ចំណែក​ខាង​ទីក្រុង​តូ​ក្យូ​វិញ លោកស្រី យូ​រី​កូ ខូ​អ៊ី​កេះ អភិបាលក្រុង ក៏បាន​ប្រាប់​ដែរ​ថា លោកស្រី​នឹង​អំពាវនាវ​ឱ្យ​រដ្ឋបាល​ជប៉ុន ប្រកាស​ស្ថានការណ៍​អាសន្ន ជាថ្មី​ម្ដងទៀត។ ក្រុង​តូ​ក្យូ បាន​អះអាង​ពី​អ្នក​ឆ្លង​មេរោគ​ថ្មី​ចំនួន 405នាក់​កាលពី​ថ្ងៃ​ចន្ទ ទី19 មេសា កើនឡើង​ពី​សប្ដាហ៍​មុន 99នាក់ និង​ជា​លើកដំបូង​ក្នុង​ជុំ 3ខែ​ហើយ ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ក្នុង​ថ្ងៃ​ចន្ទ ឡើង​ខ្ពស់ជាង 400នាក់។

អភិបាលក្រុង​តូ​ក្យូ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ដែល​មនុស្ស​វ័យ​កំលោះ​ក្រមុំ​ចំនួន​ដ៏​ច្រើន នៅតែ​ចេញទៅ​ក្នុង​ទីតាំង​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន ហើយ 42ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​ទីក្រុង​តូ​ក្យូ គឺជា​មនុស្ស​ក្នុងអំឡុង​អាយុ 20-29ឆ្នាំ និង 30-39ឆ្នាំ។

ត្រៀម​ប្រើ “ធម៌​ក្ដៅ” បញ្ជា​ឱ្យ​បិទ​ហាង មិនមែន​គ្រាន់តែ​កាត់បន្ថយ​ពេល​លក់ដូរ​នោះទេ

រដ្ឋបាលខេត្ត​អូ​សា​កា នឹង​ជួបប្រជុំគ្នា ដើម្បី​ដាក់​សំណូមពរ​ទៅ​រដ្ឋាភិបាល សុំឱ្យ​ប្រកាស​ស្ថានការណ៍​អាសន្ន នៅថ្ងៃនេះ(ទី20មេសា) ចំណែក​ទីក្រុង​តូ​ក្យូ នឹង​សរុប​រឿងនេះ នៅ​ថ្ងៃទី22 ខែមេសា។

ទាំង ២ខេត្ត នឹង​ស្នើសុំ​ឱ្យប្រើ​វិធាន​ការដែល​តឹងរ៉ឹង​ម៉ឺងម៉ាត់​ជាង​មុន សម្រាប់​ការប្រកាស​ស្ថានការណ៍​អាសន្ន​លើក​នេះ គឺ ឱ្យ​ភោជនីយដ្ឋាន ហាង​លក់ទំនិញ កន្លែង​កម្សាន្ត បិទ​ដំណើរការ​ទាំងស្រុង។ វិធាន​ការលើក​នេះ នឹង​ខុសប្លែក​ពី​ស្ថានការណ៍​អាសន្ន​គ្រាមុនៗ និង​ជា “វិធានការ​គ្រប់គ្រង​ពិសេស។

ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 នៅក្នុង​ប្រទេស​ជប៉ុន ក្នុងខណៈ​ពេលនេះ កើនឡើង​ច្រើន​ជា​ប្រវត្តិសាស្ត្រ ខ្លាំង​ជាងពេលណាៗទាំងអស់ អ្នក​ឆ្លង​មេរោគ​ទូទាំងប្រទេស កើនឡើង 1ថ្ងៃ​ជាង 3,000នាក់ និង​ចំនួន​អ្នកស្លាប់​ដែល​ធ្លាប់តែ​បន្តិចបន្តួច​នោះ ខណៈ​នេះ​កើនឡើង​ដល់ 1ថ្ងៃ​ប្រមាណ 30នាក់ និង​ដែល​សំខាន់​នោះ​គឺ អ្នក​ឆ្លង​មេរោគ ភាគច្រើន គឺ​វីរុស​កូ​វីដ​ក្លាយ​ពូជ​បែប​អង់គ្លេស ដែល​អាច​ចម្លង​សាយភាយ ងាយ​ជាង​មុន​ប្រមាណ​ជា 1.7ដង(ឆ្លង​លឿន​ជាង​មុន ជិត ២ដង)។

បើ​រដ្ឋបាល​ជប៉ុន សម្រេចចិត្ត​ប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-19នោះ លើក​នេះ​គឺជា​លើក​ទី3 ហើយ ដោយ​លើកដំបូង​បាន​កើតឡើង​ក្នុងអំឡុង​ខែមេសា-ឧសភា ឆ្នាំទៅ ចំណែក​លើក​ទី២ ធ្វើឡើង​ក្នុងអំឡុង​ខែមករា-កុម្ភៈ ឆ្នាំ​នេះឯង៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement