រុស្ស៊ី​ចុះឈ្មោះ​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដោយ​ប្រើប្រាស់​ប្លា​ស្មា​ក្នុង​ឈាម​អ្នកជំងឺ

ក្រសួងសុខាភិបាល​រុស្ស៊ី​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដែល​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​ប្លា​ស្មា (plasma) ក្នុង​ឈាម​របស់​អ្នកជំងឺ​Covid-19 ដែល​បានជា​សះស្បើយ។

ប្រភពព័ត៌មាន​ពី​ទីក្រុង​ម៉ូស្គូ បានឱ្យដឹងថា ក្រសួងសុខាភិបាល​រុស្ស៊ី បានអនុម័ត​ឱ្យប្រើ​ប្រាស់ globulin ការពារ​ការឆ្លង​ជំងឺ​ពិសេស​ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែលមាន​ផ្ទុក​វីរុស​Covid-19។ COVID-globulin នេះ​ក្លាយជា​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដែល​ត្រូវបាន​ចុះឈ្មោះ​ដំបូង​គេ​ក្នុង​ពិភពលោក។ ថ្នាំ​នេះ​ត្រូវបាន​អភិវឌ្ឍ និង​ផលិតឡើង​ដោយ​ក្រុមហ៊ុន Natsimbio ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Rostec និង​ដោយយោង​ទៅតាម​ប្លា​ស្មា​ក្នុង​ឈាម​របស់​ពលរដ្ឋ​ដែល​បាន​ឆ្លង​វីរុស​Covid-19។ ដើម្បី​បង្កើតបាន​ផលិតផល​ជា​ឱសថ​នេះ ក្រុមហ៊ុន​ត្រូវការ​វត្ថុ​ធាតុ​ជីវសាស្ត្រ​ចំនួន 2.5តោន។

លទ្ធផល​ក្នុងដំណាក់កាល​ពិសោធន៍ ស្រាវជ្រាវ​លើ​ថ្នាំ​នេះ បាន​បង្ហាញថា មាន​សុវត្ថិភាព មិនមាន​ផលប៉ះពាល់ និង​មាន​ប្រសិទ្ធភាព​រាំងខ្ទប់​សកម្មភាព​របស់​វីរុស។ ថ្នាំ​នេះ​នឹងត្រូវ​បាន​ប្រើ​សម្រាប់​អ្នកជំងឺ​ដែលមាន​អាការ​ពី​មធ្យម​ដល់​ធ្ងន់ បន្ទាប់ពី​បានបញ្ចប់​ការពិសោធន៍​លើ​មនុស្ស​ដំណាក់​ទីមួយ និង​ទី​ពីរ ដែល​តាម​គម្រោង​នឹងត្រូវ​ចំណាយពេល​ប្រហែល6ខែ។

ធាតុ​ផ្សំ​នានា​នៅ​ក្នុង​ឈាម​ ក្នុង​នោះ​មាន​ប្លាស្មា​ផង​ដែរ​

លោក Sergei Chemezov អគ្គនាយក​ប្រតិបត្តិ​របស់ Rostec បាន​សង្កត់ធ្ងន់ថា ប្រភេទ​ថ្នាំ​នេះ មិនមែន​ក្នុង​បំណង​បង្ការ​នោះទេ តែ​គឺ​ដើម្បី​ព្យាបាល​ជំងឺ​Covid-19 តែម្ដង។ លោក​បន្តថា ថ្នាំ​ថ្មី​នេះ​នឹង​ជួយ​ជា​កម្លាំង​យ៉ាងខ្លាំង​ក្លា​ដល់​ក្រុមគ្រូពេទ្យ នៅក្នុង «សមរភូមិ» ប្រយុទ្ធប្រឆាំង Covid-19។

“COVID-globulin” ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ចំពោះ​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី 18 ដល់ 60ឆ្នាំ។ បច្ចុប្បន្ន ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រង្វង់​នៃ​ការពិសោធ​នៅតាម​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាការ​មធ្យម និង​ធ្ងន់ធ្ងរ។

ក្រៅពី Sputnik ប្រទេស​រុស្ស៊ី​ក៏​នៅមាន​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត នោះ​គឺ EpiVacCorona ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​មជ្ឈមណ្ឌល Vector នៅ Novosibirsk។ វ៉ាក់សាំង​នេះ​ត្រូវបាន​ចាប់ផ្ដើម​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​នានា​នៅក្នុង​សប្ដាហ៍​នេះ ខណៈដែល​វ៉ាក់សាំង KoviVac ដែល​អភិវឌ្ឍ​ដោយ​មជ្ឈមណ្ឌល Chumakov ក៏​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដើមខែ​មេសា​នេះដែរ។ នេះ​បើតាម Mikhail Murashko រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​រុស្ស៊ី៕

ប្រភព៖ Tass
ប្រែសម្រួល​៖ បុត្រា

Advertisement