AstraZeneca ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ​បន្ទាប់​​ពី​ជួប​ឧបសគ្គ​ក្នុង​ទីផ្សារ

ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បាន​ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ពី “AstraZeneca Covid-19 Vaccine” ទៅជា “Vaxzevria”។

យោងតាម Russia Today ការផ្លាស់ប្ដូរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ត្រូវ​ជួប​ការលំបាក​ក្នុងការ​ស្ដារ និង​ធានា​ទំនុកចិត្ត​ថា វ៉ាក់សាំង​បង្ការ Covid-19 របស់ខ្លួន​ពិតជា​មាន​សុវត្ថិភាព។ ដំណឹង​ទាក់ទិន​នឹង​បញ្ហា​ប៉ះពាល់​មួយចំនួន ដូចជា​ការបង្ក​ឱ្យមាន​កំណក​ឈាម​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ជាដើម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ។

នៅក្នុង​ប្រកាស​របស់ខ្លួន AstraZeneca ឱ្យដឹងថា ការប្ដូរឈ្មោះ​នេះ​មិន​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​វ៉ាក់សាំង។ ក្រុមហ៊ុន​ឱ្យដឹងថា បុគ្គលិក​សុខាភិបាល​គួរតែ​យកចិត្តទុកដាក់​ទៅលើ​ស្លាក​សញ្ញា​ថ្មី ព្រោះថា ស្លាក​សញ្ញា និង​ការ​វេច​ខ្ចប់​នឹង​ខុសពី​មុន។

ស្ថាប័ន​វិទ្យាសាស្ត្រ​អឺរ៉ុប បាន​យល់ព្រម​ជាមួយនឹង​ការប្ដូរឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង AstraZeneca កាលពី​សប្ដាហ៍​កន្លងទៅ។

ចំណែក Covishield ដែលជា​វ៉ាក់សាំង​បង្ការ Covid-19 មួយ​ផ្សេងទៀត​ដែល​ប្រើប្រាស់​រូបមន្ត​ដូចគ្នា ប៉ុន្តែ​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​កិច្ចសហការ​រវាង AstraZeneca និង​វិទ្យាស្ថាន Serum ឥណ្ឌា នឹង​នៅតែ​រក្សា​ឈ្មោះ (Covishield) ដដែល។

ឈ្មោះ Vaxzevria បង្ហាញខ្លួន​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន AstraZeneca ត្រូវ​ទប់ទល់​នឹង​បញ្ហា​ជាច្រើន​ជុំវិញ​វ៉ាក់សាំង​នេះ។ ប្រទេស​ជាង 10 នៅ​អឺរ៉ុប​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ជា​បណ្ដោះអាសន្ន ក្រោយពី​មាន​ករណី​កកឈាម។ កាលពី​ថ្ងៃទី 29មីនា 2021 ប្រទេស​កាណាដា​ក៏បាន​ផ្អាក​បណ្ដោះអាសន្ន​លើ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 55ឆ្នាំ ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព។

ផ្ទុយទៅវិញ អង្គការ​សុខភាព​ពិភពលោក (WHO), ក្រុមមន្ត្រី​នៅ​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន AstraZeneca សុទ្ធតែ​បាន​​អះអាងថា វ៉ាក់សាំង AstraZeneca មាន​សុវត្ថិភាព និង​មិន​ទាក់ទង​ជាមួយនឹង​បញ្ហា​កំណក​ឈាម​នោះឡើយ។

ក្រៅពី​បញ្ហា​នៅក្នុង​ប្រទេស​មួយចំនួន AstraZeneca ក៏​ពើបប្រទះ​នឹង​ឧបសគ្គ​មួយទៀត ក្រោយពី​ក្រុម​មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​អាមេរិក​មានការ​ព្រួយបារម្ភ​ថា ទិន្នន័យ​នៃ​ការពិសោធ​របស់ AstraZeneca ដើម្បី​គណនា​អំពី​កម្រិត​សុវត្ថិភាព បាន​ហួស​សម័យ និង​បង្កឱ្យមាន​ការយល់ច្រឡំ។ ជាង​នេះ សហរដ្ឋអាមេរិក​ក៏​មិនទាន់បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់ AstraZeneca នេះដែរ៕

ប្រភព៖ RT
ប្រែសម្រួល​៖ បុត្រា

Advertisement