ថ្មី! វ៉ាក់សាំង​Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ត្រៀម​ធ្វើ​ការ​ពិសោធ​លើ​មនុស្ស​ហើយ!

វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​ផ្សំ​ឡើងជា​ប្រភេទ​គ្រាប់​សម្រាប់​លេប​ដែល​អាច​ប្រើប្រាស់​នៅតាម​ផ្ទះ នឹង​អាច​ត្រូវបានធ្វើ​ការពិសោធ​លើ​មនុស្ស​នាពេល​ដ៏​ខ្លី​ខាងមុខ។

យោងតាម​សារព័ត៌មាន RT វ៉ាក់សាំង​ប្រភេទ​ថ្មី​ដំបូង​គេ​ដែលមាន​ឈ្មោះថា Oravax នេះ ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oramed របស់​អាមេរិក-អ៊ីស្រាអែល និង​ក្រុមហ៊ុន​ជីវសាស្ត្រ Premas របស់​ឥណ្ឌា។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចាប់ដៃគ្នា​បង្កើត​ក្រុមហ៊ុន Oravax Medical ដើម្បី​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់។

ក្រោយពី​បានធ្វើ​ការពិសោធ​នៅលើ​សត្វ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​បង្កើត​អង្គ​ប​ដិ​ប្រាណ​ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​វីរុស Covid-19។ ចំណុច​ពិសេស នោះ​គឺ​វ៉ាក់សាំង Oravax តែមួយ​គ្រាប់​គត់ សត្វ​ដែល​ត្រូវធ្វើ​ការពិសោធ​អាច​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស Covid-19។ នេះ​គឺជា​ចំណុច​ខុសប្លែក និង​ត្រូវបាន​គេ​ចាត់ទុកថា​លេចធ្លោ​ជាង​បើ​ធៀប​ជាមួយនឹង​វ៉ាក់សាំង​បច្ចុប្បន្ន​ដែល​ត្រូវ​ការចាក់​រហូតដល់​ពី​រ​ម្ជុល។

លោក Prabuddha Kundu ដែលជា​សហ​ស្ថាបនិក​របស់ Premas បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឥណ្ឌា​ថា ការ​លេប​វ៉ាក់សាំង​នេះ​នឹង «ដូច​ទៅនឹង​ការ​លេបថ្នាំ​វីតាមីន» ហើយ «យើង​ជឿជាក់100% ថា បច្ចេកវិទ្យា​នេះ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ក្ដីសង្ឃឹម»។ លោក​បន្ថែមថា លទ្ធផល​ដែល​បានមកពី​ការពិសោធ​បឋម​លើស​ត្វ​នឹងត្រូវ​បានប្រកាស​ឱ្យដឹង​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មួយ​នាពេលឆាប់ៗនេះ។

Oravax ត្រូវបានសហការអភិវឌ្ឍដោយក្រុមហ៊ុន Oramed របស់អាមេរិក-អ៊ីស្រាអែល និងក្រុមហ៊ុនជីវសាស្ត្រ Premas របស់ឥណ្ឌា

ចំណែក Nadav Kidron នាយក​ប្រតិបត្តិ​របស់ Oramed និយាយថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​នឹង​បំបាត់​បញ្ហា​នានា​ដែល​កើតឡើង​ពី​រដូវ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក។ ជាង​នេះ វា​ក៏​នឹង​អាច​ត្រូវបាន​ប្រើប្រាស់​នៅតាម​ផ្ទះ​យ៉ាង​ងាយស្រួល​ផងដែរ។

គេ​អាច​រក្សាទុក​វ៉ាក់សាំង Oravax នេះ​នៅក្នុង​សីតុណ្ហភាព​របស់​បន្ទប់​ក្នុងផ្ទះ និង​ជួយ​កាត់បន្ថយ​បញ្ហា​រក្សាទុក​ក្នុងស្ថានភាព​ត្រជាក់​ដែល​វ៉ាក់សាំង «បុរាណ» នានា​កំពុង​ជួបប្រទះ។ នាយក Kedron ប្រកាសថា ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ក្រោយពី​បាន​លេប ហើយ​វា​ក៏​នឹងមាន​ប្រយោជន៍​ច្រើន បើសិន​ក្លាយជា​វ៉ាក់សាំង​ដែល​ត្រូវ​លេប​ប្រចាំឆ្នាំ​ដូច​ទៅនឹង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ។

Oravax Medical នឹងធ្វើ​ការពិសោធ​លើ​មនុស្ស​ក្នុងដំណាក់កាល​ដំបូង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន ​សហរដ្ឋ​អាមេរិក,​ អ៊ីស្រាអែល, ម៉ិ​ក​ស៊ិ​ក និង​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ។ ការពិសោធ​ដំបូង​អាច​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា​ឆ្នាំ2021៕

ប្រភព​៖ BI
ប្រែសម្រួល​៖ បុត្រា

Advertisement