នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា?(តចប់)

7 . ជាកញ្ញាអ្នកពុះពារ

អ្នកជាមនុស្សស្រឡាញ់ឥស្សរភាព ហើយអ្នកក៏ឆ្កួតនឹងការងារ! អ្នកជាមនុស្សដែលត្រូវការស្នេហាយ៉ាងរំភើបស៊ីជម្រៅ តែហេតុអីបានជួបតែបុរសមានបុគ្គលិកលក្ខណៈទន់ជ្រាយ និងពួកគេច្រើនតែមានអារម្មណ៍ថាអន់ខ្សោយពេលបានឃើញភាពជោគជ័យរបស់អ្នក ដូច្នេះហើយទើបអ្នកតម្រង់មុខសញ្ញាទៅរកការងារ ការងារ និងការងារ តែក៏មានណាត់ដើរលេងខ្លះដែរក្នុងឱកាសខ្លះ។ បើមិនដូចអ្វីដែលសង្ឃឹម ក៏មិនអីដែរ ព្រោះពេលនេះអ្នករៀបការជាមួយការងារបាត់ទៅហើយ…។

ចូរចាំទុកថា ជីវិត ដំណើរការទៅតាមខ្សែផ្លូវដែលអ្នកគូសវាសដោយខ្លួនឯង ដូច្នេះបើអ្នកត្រូវការស្នេហា អ្នកត្រូវសាងវាឡើង…!

8 . ជាកញ្ញាកំពូលរៀបផែនការ

ការពិតទៅ អ្នកចង់មានកូនខ្លាំងណាស់ តែមិនត្រូវការមានចំណងស្នេហាជាមួយបុរសណាម្នាក់ឡើយ លើកលែងតែថាគេអាចធ្វើជាមេពូជដ៏ល្អបាន និងមានមុខនាទីការងារដ៏ល្អអស្ចារ្យ ទើបអ្នកសម្រេចចិត្តមានផ្ទៃពោះជាមួយ(អ៊ីចឹងតើ បានអ្នកមិនជំទាស់ ឬទាមទារឱ្យគេពាក់ស្រោមអនាម័យ(ដើម្បីពន្យារកំណើត) ដោយសារតែអ្នកខ្លួនឯងចង់មានគភ៌ជាមួយគេខ្លាំង)។

យើងយល់…តែបើអ្នកទៅកន្លែងរក្សាទុកមេជីវិត ឬរកមិត្តប្រុសណាម្នាក់ដើម្បីសុំទឹកមេជីវិតរបស់គេមកបង្កាត់ពូជ វាប្រហែលជាស្ដាប់មើលទៅរាងឡូយជាងនេះ…តែប្រហែលជាមិនសូវល្អប៉ុន្មានទេ បើអ្នកដើរទៅគេងជាមួយមនុស្សប្រុសទូទៅដោយមិនបានការពារខ្លួននោះ!។

9 . ជាកញ្ញាកំពូលរញ៉េរញ៉ៃ

អ្នកមិនដឹងថាខ្លួនឯងត្រូវការអ្វី ដរាបណាអ្នកនៅតែធ្វើខ្លួនជានាងក្រមុំជប់លៀងដែលផឹកបានម៉ាទំហឹងនោះ។ អ្នកមានសេចក្ដីសុខ និងបើចិត្តទទួលយកនរណាឱ្យចូលមកក្នុងជីវិតក៏បាន និងញឹកញាប់ណាស់ដែលស្ថានការណ៍តែងតែបញ្ចប់ដោយភាពរញ៉េរញ៉ៃ…ស្រវឹងក្អួតតាមចិញ្ចើមថ្នល់ ភ្ញាក់ឡើងមកមិនដឹងនៅក្នុងផ្ទះអ្នកណា ដើរទ្រេតទ្រោតនៅក្នុងផ្ទះ…តែ ក្រែងទាំងអស់ហ្នឹង គឺជាអ្វីដែលអ្នកបានធ្វើកាលពីនៅវ័យជំទង់ហ្អី?

ការធ្វើខ្លួនឱ្យនៅក្មេង ជារឿងល្អ តែការរស់នៅពី 1ថ្ងៃទៅ 1ថ្ងៃជាមួយនឹងការស្រវឹងអួទីនួបែបហ្នឹង វាមិនល្អឡើយ។ អូខេ តាំងស្មារតីឡើង ហើយចាប់ផ្ដើមជាថ្មី!

10 . ជាកញ្ញាអ្នកប្រណិប័តន៍

អ្នកមិនបានត្រូវការទៅមើលភ្លើងកាំជ្រួចដ៏សែនស្រស់ស្អាតរហូតគួរឱ្យរំភើបពេញចិត្តនោះទេ តែអ្នកត្រូវការគូជីវិតដែលមានឋានៈគង់វង្ស និងអាចទុកចិត្តបាន ហើយការស្វែងរកមនុស្សដែលត្រូវចិត្តនេះ គឺជាការងារ ផាតថាមរបស់អ្នក។ អ្នកជឿថា គ្រប់យ៉ាងកើតចេញពីការប្រើពេលវេលា និងក្ដីព្យាយាម ទើបអ្នកកំណត់មុខសញ្ញា និងចាប់ផ្ដើមអនុវត្ត។ រឹតតែជួបនឹងមនុស្សប្រុសច្រើនប៉ុនណា ឱកាសក្នុងការជួបបុរសដែលគិតថាត្រូវចិត្ត ក៏នឹងច្រើនទៅតាមនោះដែរ។

អ្វីដែលអ្នកធ្វើហ្នឹង ត្រឹមត្រូវហើយ តែកុំភ្លេចបន្ធូរបន្ថយអារម្មណ៍ខ្លួនឯង និងរកសេចក្ដីសុខដាក់ខ្លួនខ្លះផង រួចហើយអ្នកនឹងចម្លែកចិត្តជាមួយអ្វីដែលកើតឡើង ដែលវាអាចទាំងជាភាពគង់វង្សដែលអ្នកកំពុងតាមរក និងថែមទាំងបានមើលភ្លើងកាំជ្រួចដ៏សែនស្អាតទៀតផង។

11 . ជាកញ្ញាអ្នកខ្ពង់ខ្ពស់

អ្នកជាមនុស្សដែលមានគំនិតបុរាណ និងត្រូវការបុរសដែលទឹកចិត្តក្លាហាន និងលើសអ្វីទាំងអស់ អ្នកត្រូវការសេចក្ដីស្នេហា ការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ជាមួយគោលគំនិតមួយចំនួន(ដូចជារឿងលុយកាក់) មិនថាតែការជូនផ្កាកុលាប ការនាំទៅដើរលេង ឬដើរសបភីងនៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ល និងល។ បុរសដែលត្រូវចិត្តសម្រាប់អ្នក ក៏គឺបុរសដែលចាប់អារម្មណ៍តែរឿងរបស់អ្នក។

មនុស្សស្រឡាញ់គ្នា ត្រូវតែយកចិត្តទុកដាក់គ្នាទៅវិញទៅមក តែបើអ្នកគិតតែពីរឿងលុយ អ្នកក៏មានភាពប្រថុយប្រថានក្នុងការក្លាយជានារីស្ទីលអ្នកដើរជីករកមាសហើយ។ ស្រ្តីមិនចូលចិត្តឱ្យបុរសចាប់អារម្មណ៍តែរឿងរូបរាងខ្លួនប្រាណ ដូចគ្នានឹងបុរសក៏មិនចូលចិត្តឱ្យស្រ្តីចាប់អារម្មណ៍តែរឿងតួលេខក្នុងបញ្ជីគណនីធនាគារដែរ។

12 . ជាកញ្ញាអ្នកដឹងច្បាស់

ប្រហែលជាល្អ បើមានស្នេហា តែការនៅលីវ ក៏ជារឿងមួយទៀតដែលគួរឱ្យស្ងើចបានដូចគ្នាដែរ ព្រោះខណៈដែលបណ្ដាមិត្តភក្តិស្រីៗរបស់អ្នកកំពុងតាំងអារម្មណ៍ជាមួយការស្វែងរកគូសង្សាថ្មី អ្នកក៏កំពុងមានសេចក្ដីសុខជាមួយឥស្សរភាពក្នុងជីវិតដូចគ្នា។

ប្រើជីវិតរស់នៅរបស់អ្នកយ៉ាងពេញទំហឹង រួចហើយអ្វីដែលអ្នកប្រាថ្នា ក៏នឹងតាមមកដោយឯកឯង បណ្ដោយឱ្យវាដំណើរការទៅតាមធម្មជាតិ…៕​

Advertisement