ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

លោក Lee Wilson ដាំ​ផ្កាយ​ឈូ​ត​រ័ត្ន​ជាង 32 ហិកតា ដែល​ប្រហាក់ប្រហែល​នឹង 1.2 លាន​ដើម ដើម្បី​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។

«ប្ដី​ប្រពន្ធ​ខ្ញុំ​នឹង​រម្លឹក​ខួរ 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី 10 សីហា ហើយ​អ្នក​ដឹងថា ពេល​រស់នៅ​ជាមួយ​គូជីវិត​រហូតដល់ 50 វា​មានន័យ​យ៉ាងណា​ហើយ​មែន​ទេ? ខ្ញុំ​បាន​ពិចារណា​ជាច្រើន​អំពី​រឿង​នោះ។ ភរិយា​របស់ខ្ញុំ​តែង​ចូលចិត្ត​ផ្កាយ​ឈូករ័ត្ន ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​ដែល​គួរ​ដាំ​ផ្កា​នេះ។ ខ្ញុំ​បាន​ដាំ​ផ្កា​ជាង 32 ហិកតា​សម្រាប់​គាត់» លោក Lee Wilson ប្រាប់ ABC News កាលពី​ថ្ងៃទី 01 សីហា​ដូច្នេះ។

«រឿង​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់។ មិនអាច​មាន​អំ​ណាយ​អនុស្សាវរីយ៍​ណា​ដែល​ល្អ​ជាង​ចំការ​ឈូករ័ត្ន​មួយ​នេះឡើយ» អ្នកស្រី Renee ភរិយា​របស់លោក Wilson ថ្លែង​ដូច្នេះ។

លោក Wilson និង​កូនប្រុស បាន​លួច​ដាំ​ដើម​ឈូករ័ត្ន​តាំងពី​ខែឧសភា និង​លាក់​មិនឱ្យ​អ្នកស្រី Renee ដឹង។ ពេលនេះ ចំការ​ឈូករ័ត្ន​បាន​ក្លាយជា​ទន្លេ​ផ្កា​ដ៏​ធំធេង ស្ថិតនៅ​ក្បែរផ្លូវ​ល្បឿន​លឿន​លេខ 54 និង​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Pratt រដ្ឋ Kansas ប្រហែល 6.4 គីឡូម៉ែត្រ។

ស្វាមីភរិយា​លោក Wilson បាន​នៅក្បែរ​គ្នា​តាំងពី​រៀន​នៅ​មធ្យមសិក្សា ហើយ​ការ​ណាត់​ជួបគ្នា​ដំបូង​របស់​ពួកគេ​គឺ​នៅពេល​ជិះ​ស្គី​ជាមួយគ្នា។ លោក Wilson ឱ្យដឹងថា តាំងពី​ពេលនោះ​មក លោក​ជឿថា Renee នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់គាត់៕

Advertisement