អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

លោក Sergey Brin, អ្នកស្រី Nicole Shanahan និង លោក Elon Musk

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។

ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។

«ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។

អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ ក៏ប៉ុន្តែ វា​បែរជា​ត្រូវបាន​លាប​ពណ៌​ដោយ​វិធី​មិន​សមស្រប។ រឿង​នោះ​មិន​យុត្តិធម៌»។

កាលពី​ខែកក្កដា​ឆ្នាំមុន WSJ បាន​រាយការណ៍​ថា លោក Musk មាន​ទំនាក់ទំនង​រយៈពេល​ខ្លី​ជាមួយនឹង Shanahan នៅក្នុង​ពិធីបុណ្យ Art Basel នៅ Miami កាលពី​ខែធ្នូ 2021។ ពេលនោះ Sergey Brin ដែល​ជា​សហ​ស្ថាបនិក​របស់ Google និង​ភរិយា កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មុន​បែក​គ្នា ប៉ុន្តែ​នៅតែ​រស់​ជាមួយគ្នា។

ក្នុង​ពិធីជប់លៀង​មួយ​កាលពីដើមឆ្នាំ 2022 Musk ត្រូវបាន​គេ​ជឿថា បាន​លុតជង្គង់​សូមទោស​នៅ​ចំពោះមុខ Brin អំពី​ទង្វើ​​របស់ខ្លួន។ Brin ទទួលយក​ការ​សូមអភ័យ​ទោស​នេះ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​មិនបាន​ល្អ​ដូច​មុន។ យោងតាម​ឯកសារ​ដែល​បាន​ដាក់​ឡើង​តុលាការ​នៅ​ខណ្ឌ Santa Clara កាលពី​ខែមករា 2022 លោក Brin បានដាក់​ពាក្យ​សូម​លែងលះ ដោយ​លើក​មូល​ហេតុថា «មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា​ដែល​មិនអាច​ផ្សះផ្សារ​បាន»។

Shanahan ឱ្យដឹងថា អ្នកស្រី និង Brin ទើបតែ​បាន​លែងលះ​ជា​ផ្លូវការ​កាលពីពេលថ្មីៗនេះ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​ផ្លូវច្បាប់​ដែល​បាន​ស៊ីពេល​អស់ 17 ខែ។

Shanahan បច្ចុប្បន្ន​គឺជា​មេធាវី​ធ្វើការ​នៅ California ហើយក៏​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ច្បាប់ ClearAccessIP និង​មូលនិធិ Bia-Echo។ Brin និង Shanahan បាន​ស្គាល់គ្នា​កាលពី​ឆ្នាំ 2015 ហើយ​បាន​រៀបការ​កាលពី​ឆ្នាំ 2019 និង​មាន​កូនស្រី​ម្នាក់។ មុន​ការ​ចាប់ដៃគ្នា ពួកគេ​សុទ្ធតែជា​មនុស្ស​ដែល​ធ្លាប់បាន​លែងលះ​ប្ដី​ប្រពន្ធ​ម្ដង​រួចហើយ។

យោងតាម Business Insider មហាសេដ្ឋី Brin និង Larry Page បាន​បង្កើត​ក្រុមហ៊ុន Google កាលពី​ឆ្នាំ 1998 និង​បានរួម​ចំណែក​ជួយ​ឱ្យ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​នេះ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​​មូលធន​ទីផ្សារ​ខ្ពស់​ជាងគេ​មួយ​នៅក្នុង​ពិភព​លក៕

Advertisement