ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

(រាប់ពីឆ្វេងមក​ស្ដាំ) អ្នក​ស្រី Tosca Musk, លោក Kimbal Musk, អ្នក​ស្រី Mayer និង​លោក Elon Musk

Tosca ដែលជា​ប្អូនស្រី​របស់លោក Elon Musk និយាយថា ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ខ្ពស់​ជាងគេ​នៅពេល​ម្ចាស់​ទីតាំង​ថតកុន​ដឹងថា អ្នកស្រី​មានត្រកូល​ដូច​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក។

Tosca Musk ដែលជា​ផលិតការិនី​​ភាពយន្ត បានឱ្យដឹងថា នាម​ជា​ប្អូន​របស់​មហាសេដ្ឋី​អាម៉េរិក ​គឺជា «សំណាងល្អ ប៉ុន្តែ​ក៏​ជា​រឿង​អាក្រក់»។ ប្រការនេះ​បាន​លេចឡើង​នៅពេល​អ្នកស្រី​ជួល​ទីតាំង​ថតកុន​មួយកន្លែង​។

«តំបន់​នោះ​មានតម្លៃ 5,000 ដុល្លារ/ថ្ងៃ។ ប៉ុន្តែ​ពេលឮ​ឈ្មោះ​ខ្ញុំ ម្ចាស់​ទីតាំង​នោះ​ក៏​ប្រាប់ថា តម្លៃ 25,000 ដុល្លារ» អ្នកស្រី Tosca រៀបរាប់​ដូច្នេះ និង​បន្ថែមថា «គ្រប់គ្នា​គិតថា បងប្រុស​របស់ខ្ញុំ​ចេញថ្លៃ​គ្រប់យ៉ាង​ឱ្យ​ខ្ញុំ ប៉ុន្តែ​តាមពិត មិន​ដូច្នោះ​ទេ»។

អ្នកស្រី Tosca ឱ្យដឹងថា ជា​សាច់ញាតិ​របស់លោក Elon Musk ក៏​ជា «កាំ​បិតមុខ​ពីរ» ព្រោះថា ក្រៅ​ពី​​ជួយ​ដល់​ការកសាង​ទំនាក់ទំនង​ក្នុង​ការងារ ប្រការ​នេះ​​ក៏​ធ្វើឱ្យ​អ្នកស្រី​រង​សម្ពាធ​ច្រើន​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកស្រី​និយាយថា ការ​មានត្រកូល Musk គឺជា​ភ័ព្វសំណាង ហើយ​អ្នកស្រី​មិន​ចង់​ប្ដូរផ្លាស់​ឡើយ។

អ្នកស្រី Tosca កើន​ឆ្នាំ 1974 បន្ទាប់ពី​លោក Elon Musk និង​បងប្រុស​ម្នាក់ទៀត​គឺ Kimbal Musk។ យោងតាម​ទំព័រ IMDb អ្នកស្រី Tosca បានចាប់ផ្ដើម​មុខរបរ​ផលិត​ភាពយន្ត​តាំងពី​ឆ្នាំ 2001 ហើយ​មកដល់ពេលនេះ អ្នកស្រី​ផលិត​បាន​ជាង 50 រឿង។ អ្នកស្រី​ក៏​ជា​ស្ថាបនិក និង​ជា CEO របស់ Passionflix ដែលជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សេវាកម្ម​ផ្សាយ​ផ្ទាល់ ​ដែល​ជំនាញ​ខាង​មាតិកា​មនោសញ្ចេតនា។

អ្នក​ស្រី Tosca Musk និង​លោក Elon Musk

ទំព័រ Bloomberg ឱ្យដឹងថា លោក Elon Musk ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​​លើ​ពិភព លោក​ ពី​មហាសេដ្ឋី​បារាំង Bernard Arnault កាលពីដើម​ខែមិថុនា 2023 ដោយលោក Elon Musk មាន​ទ្រព្យ​សរុប 233 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement