10ចំណុចគួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល

ឆាកអាពាហ៍ពិពាហ៍អាចជាឆាកបញ្ចប់ដ៏សែនមហា Happy តែសម្រាប់ជីវិតពិតវិញ ការរៀបការ ឬការយល់ព្រមរួមរស់នៅជាមួយគ្នាជាជីវិតគូ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការសាងក្រុមគ្រួសារប៉ុណ្ណោះ។ មនុស្សជាច្រើន ពេលនៅជាគូស្នេហ៍ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន តែពេលរៀបការ និងរស់នៅជាមួយគ្នាហើយ បែរជាជួបបញ្ហា និងរឿងរ៉ាវដ៏ច្រើន រហូតដល់ពេលខ្លះអាចធ្វើឱ្យជីវិតគូបាក់បែកដួលរលំក៏មាន។

ថ្ងៃនេះ ឡារ៉ែនសូមរួបរួមយកចំណុចគួររិះគិតល្អៗដែលមនុស្សគ្រប់រូបអាចនាំយកទៅប្រើក្នុងជីវិតជាស្វាមី-ភរិយារបស់ខ្លួន ដើម្បីឱ្យគ្រួសារមានសេចក្ដីសុខសុភមង្គល មកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នា។

1 . រៀនយល់ដឹងក្នុងការធ្វើជាអ្នកឱ្យ និងអ្នកទទួល

នៅពេលយើងគិតថា នឹងរស់នៅជាជីវិតគូជាមួយនឹងនរណាម្នាក់ហើយ កុំនឹកសង្ឃឹមត្រឹមតែឱ្យគេមកស្រឡាញ់ និងធ្វើអ្វីដើម្បីយើងតែម្យ៉ាងនោះ តែយើងគួររៀនយល់ដឹងក្នុងការធ្វើជាអ្នកលះបង់ឱ្យគេខ្លះផង ធ្វើឱ្យគេមានសេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្តគ្នាទៅវិញទៅមក ផ្លាស់គ្នាធ្វើជាអ្នកឱ្យ និងអ្នកទទួល វានឹងធ្វើឱ្យមានអារម្មណ៍ល្អទាំងពីរនាក់ មិនមែនឱ្យនរណាម្នាក់ព្យាយាមលះបង់តែម្ខាងនោះទេ។

2 . ស្មោះត្រង់នឹងគ្នា និងទុកចិត្តគ្នា

សម្រាប់ជីវិតគូ ភាពស្មោះត្រង់ គឺជារឿងធំជាងគេបំផុត និងក្រៅពីយើងស្មោះត្រង់ចំពោះគ្នាហើយ គួរមានភាពជឿទុកចិត្តលើមនុស្សដែលយើងស្រឡាញ់ផង។ បើមានការមិនជឿទុកចិត្ត ឬប្រចែប្រចណ្ឌហួងហែងគ្នាខ្លាំងជ្រុលពេក វានឹងធ្វើឱ្យជីវិតគូមានតែបញ្ហា។

3 . រៀនយល់ដឹង ទទួលស្គាល់ និងកែសម្រួលពីខ្លួនឯងជាមុន

ទន្ទេញទុកជាប់ជានិច្ចថា យើងមិនអាចផ្លាស់ប្ដូរអ្នកដទៃបានទេ តែផ្លាស់ប្ដូរខ្លួនឯងបាន ដូច្នេះកុំសង្ឃឹមថា មនុស្សដែលយើងស្រឡាញ់នឹងកែសម្រួលខ្លួនគេដើម្បីយើង ឬត្រូវផ្លាស់ប្ដូរអ្វីៗដើម្បីឱ្យដូចតាមចិត្តយើងនោះ តែចូរយល់ដឹងពីអ្វីដែលជារូបគេ និងបើរកឃើញភាពផ្សេងគ្នាដែលច្រើនជ្រុលពេកនោះ ចូរសាកល្បងផ្លាស់ប្ដូរខ្លួនយើងជាមុនសិន។ បើទាំងសងខាងជួយគ្នាកែសម្រួលខ្លួនចូលរកគ្នាទៅវិញទៅមក នោះប្រាកដជានឹងអាចរស់នៅរួមគ្នាបានយ៉ាងរលូនមិនខាន។

4 . ផ្ដល់កិត្តិយសចំពោះគ្នាទៅវិញទៅមកជានិច្ច

មិនថាស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្រឡាញ់គ្នាមកយូរប៉ុនណាក៏ដោយ មនុស្សគ្រប់រូបនៅតែត្រូវការទីតាំងផ្ទាល់ខ្លួន និងចង់បានការផ្ដល់កិត្តិយសជានិច្ច។ ទោះជាស្វាមី-ភរិយានឹងគ្នាក៏ដោយ ក៏គួរតែទុកចន្លោះទំនេរមួយឱ្យគ្នាទៅវិញទៅមកដែរ កុំសង្កត់ ឬជិះជាន់មនុស្សដែលយើងស្រឡាញ់ ទោះជាគេមានឥរិយាបថថា ចុះញ៉មហើយក៏ដោយ និងកុំលូកលាន់កកូរកកាយគេគ្រប់តែរឿងនោះ ព្រោះវានឹងនាំមកនូវភាពទើសទាល់ធុញថប់ដល់មនុស្សដែលយើងស្រឡាញ់។

5 . កុំភ្លេចនឹកដល់ពាក្យថា “ចិត្តយើង ចិត្តគេ”

ទោះជាចង់ធ្វើអ្វី ឬប្រុងនិយាយអ្វីចេញទៅក៏ដោយ ចូរនឹកគិតជាប់ជានិច្ចថា បើសិនជារូបយើងវិញ នឹងមានអារម្មណ៍យ៉ាងណា? នោះយើងនឹងដឹងភ្លាមថា តើគួរធ្វើបែបនោះឬទេ?

6 . នៅក្បែរជានិច្ច តែមិនកាន់ជើង

គូស្នេហ៍ដែលល្អ គឺអ្នកដែលនៅក្បែរគ្នាជានិច្ច ទោះជាពេលមានបញ្ហាក៏ដោយ នៅផ្ដល់កម្លាំងចិត្ត មិនបន្ទោសបន្ថែម តែខណៈពេលជាមួយគ្នា ក៏ត្រូវចេះដាស់តឿន នៅពេលមើលឃើញថាខុស និងមិនត្រឹមត្រូវ មិនសមគួរ។ មិនមែនថា គេជាគូស្នេហ៍យើងហើយ ត្រូវតែកាន់ជើងគេគ្រប់រឿង គេធ្វើអ្វីក៏ត្រូវទាំងអស់នោះទេ ហើយការដាស់តឿននោះទៀតសោត គួរធ្វើឡើងតែពីរនាក់ស្ងាត់ៗ កុំបំបាក់មុខគូស្នេហ៍ដោយការស្រែកជេរបញ្ចោរគេនៅមុខអ្នកដទៃជាដាច់ខាត។

7 . កុំប្រៀបធៀបគូស្នេហ៍របស់យើងជាមួយគូស្នេហ៍អ្នកដទៃ

ប្រាកដណាស់ថា គ្មានអ្នកណាឥតខ្ចោះគ្រប់យ៉ាងនោះទេ ខ្លួនយើងក៏ដូចគ្នាដែរ ដូច្នេះកុំយកគូស្នេហ៍របស់យើងទៅប្រៀបធៀបជាមួយគូស្នេហ៍របស់អ្នកដទៃ កុំសរសើរថា ប្ដី(ឬប្រពន្ធ)របស់គេម្នាក់នោះល្អអ៊ីចេះ ល្អអ៊ីចុះ ព្រោះវានឹងក្លាយជាការបំបាក់អារម្មណ៍របស់មនុស្សដែលយើងស្រឡាញ់ខ្លាំងណាស់។

8 . ពេលគេជាភ្លើង ចូរយើងធ្វើជាទឹក

ប្រហែលជាគ្មានគូស្នេហ៍មួយគូណាដែលមិនធ្លាប់ឈ្លោះគ្នានោះទេ តែធ្វើយ៉ាងណា កុំឱ្យការឈ្លោះនោះក្លាយជាបញ្ហារីកធំឡើង។ នៅពេលឃើញថា គេកំពុងតែក្ដៅដូចភ្លើងហើយនោះ យើងគួរតែធ្វើចិត្តឱ្យត្រជាក់ និងស្ងប់នឹងជាងគេឱ្យបាន ព្រោះបើសិនជារឹតតែក្ដៅដាក់គ្នា នឹងរឹតតែនាំមកនូវបញ្ហាថែមឡើងប៉ុណ្ណោះ។

9 . ឧស្សាហ៍បន្ថែមភាពផ្អែមល្ហែមក្នុងជីវិតគូ

នៅពេលរស់នៅជាមួយគ្នាយូរៗទៅ គូខ្លះក៏ភ្លេចភាពផ្អែមល្ហែម រ៉ូមែនទិកដែលធ្លាប់មានឱ្យគ្នាកាលស្នេហ៍គ្រាដំបូងអស់ ដូច្នេះគួរតែមានពេលវេលាក្នុងការទៅធ្វើអ្វីៗជាមួយគ្នា ដូចជាទៅដើរលេងជាមួយគ្នា ឬមានកាដូធ្វើឱ្យភ្ញាក់ផ្អើលក្នុងឱកាសពិសេសៗខ្លះផង។ បបួលជជែកពីរឿងកាលដែលស្រឡាញ់គ្នាថ្មីៗ ឬនាំគ្នាទៅរំឭកអនុស្សាវរីយ៍នៅតាមទីកន្លែងផ្សេងៗដែលធ្លាប់បានទៅ នឹងធ្វើឱ្យសេចក្ដីស្នេហារីកស្រស់ឡើងវិញ។

10 . បញ្ឈប់ការនឹករំពឹង ហើយស្រឡាញ់គ្នាយ៉ាងល្អបំផុត

ការនឹករំពឹង មិនដែលធ្វើឱ្យជីវិតអ្នកណាមានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ សម្រាប់សេចក្ដីស្នេហាក៏ដូចគ្នាដែរ យើងមិនគួរនឹករំពឹងអ្វីជាមួយគូស្នេហ៍របស់យើងខ្លាំងជ្រុលពេកទេ ព្រោះវានឹងធ្វើឱ្យគេទើសទាល់ ហើយខ្លួនយើងក៏នឹងមានទុក្ខ បើសិនជាមិនបានដូចការនឹករំពឹង។

«ជីវិតមនុស្សយើងគ្រប់ៗគ្នាសុទ្ធតែរាប់ពេលវេលាថយក្រោយដូចគ្នារាល់ថ្ងៃ ដូច្នេះ ចូរស្រឡាញ់គ្នាឱ្យបានល្អបំផុតរៀងរាល់ថ្ងៃ»

Advertisement