ទង្វើ 5 យ៉ាង ពិសោធន៍ស្នេហារបស់គូស្នេហ៍ក្រោយពេលរៀបការ

ក្រោយពីប្តូរស្ថានភាពពីគូសង្សារមកជាគូជីវិត ឬជាគូស្វាមីភរិយាហើយនោះ ក្រៅពីធ្វើឱ្យការរស់នៅរបស់អ្នកប្រែប្រួលហើយ អាចនឹងហុចផលឱ្យសេចក្ដីស្នេហាប្រែប្រួលទៅតាមនោះផងដែរ។ ការប្រែប្រួលទាំងនោះអាចជាចំណុចមួយដែលធ្វើឱ្យនារីៗយើងជាច្រើនកើតក្តីសង្ស័យថា តើពេលនេះគូស្នេហ៍(ដែលឥឡូវក្លាយមកជាស្វាមី)របស់ខ្លួននៅតែមានអារម្មណ៍ស្រឡាញ់យើងដូចកាលពីមុន ឬក៏អត់? តែក៏មិនសូវជាហ៊ានសួរប៉ុន្មានដែរ ​ព្រោះខ្លាចថា សំណួរមួយនេះនឹងនាំឆ្ពោះទៅរកការឈ្លោះទាស់ទែងគ្នា។ ដូច្នេះហើយទើបថ្ងៃនេះឡា រ៉ែនចង់ឱ្យនារីៗយើងទាំងអស់បានយល់ដឹងពីចិត្តគូស្នេហ៍របស់ខ្លួនកាន់តែច្បាស់ឡើង ដើម្បីមានភាពជឿជាក់លើសេចក្តីស្នេហាដែលស្វាមីរបស់អ្នកនាងមានចំពោះអ្នកនាងឱ្យកាន់តែច្រើនឡើង តាមរយ:ទង្វើ 5យ៉ាងដែលបង្ហាញឱ្យឃើញច្បាស់ថា គេ(ស្វាមី)នៅតែស្រឡាញ់អ្នកនាងដដែល ដូច​តទៅ ៖

1 .នៅតែនិយាយថា ស្រឡាញ់អូន ជាប់ជានិច្ច…

បើគេ(ស្វាមី)នៅតែប្រាប់ថា ស្រឡាញ់អូនៗ ជាប់ជាប្រចាំ ដែលទោះជាអ្នកមើលឃើញ ឬមើលមិនឃើញពីភាព​សំខាន់​របស់ការនិយាយថា “ស្រឡាញ់អូន” របស់គេនោះក៏ដោយ តែគ្រាន់តែគេបាននិយាយថា គេស្រឡាញ់អ្នកប៉ុណ្ណឹង ក៏អាច​ធ្វើឱ្យគេ​ញញឹមបានដែរនោះ សូមអ្នកជឿជាក់ចុះថា គេពិតជាគិតដូចសម្ដីដែលអ្នកបានឮនោះមែនហើយ ហើយគេពិតជានៅ​តែ​​​​​​​មានអារម្មណ៍បែបនោះជានិច្ច ទោះជាអាពាហ៍ពិពាហ៍កន្លងផុតទៅប៉ុន្មានឆ្នាំហើយក៏ដោយ ​និងនៅតែស្រឡាញ់អ្នកបែប​នោះជានិច្ច ដរាបណាគេនៅតែមានដង្ហើម(វ៉ាវ!)។

2 .បង្ហាញច្បាស់ក្នុងគ្រប់ទង្វើ…

មិនថាអ្នករៀបការជាមួយគេមកយូរប៉ុនណាហើយក៏ដោយ តែគេនៅតែជាមនុស្សម្នាក់ដែលដូចពីមុន​ដដែល និងបញ្ជាក់ច្បាស់រាល់ទង្វើដែលគេបានធ្វើចំពោះអ្នកជានិច្ច វាគឺជាការបញ្ជាក់ពីបេះដូង និងដួងចិត្តរបស់គេ ដើម្បី​កុំ​ឱ្យអ្នកនៅនឹកសង្ស័យ ស្រពេចស្រពឹលក្នុងចិត្ត ឬមានកង្វល់ណាមួយលើរូបគេឱ្យសោះ ហើយក៏ជាការបង្ហាញនូវក្តីស្នេហាដែលគេមាន​ចំពោះអ្នកឥតងាករេ ដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់ចំពោះរូបគេជានិច្ច មិនថាតែការឱប កាន់ដៃ កៀកស្មា ឬទង្វើអ្វីផ្សេងទៀតក៏​ដោយ វាប្រៀបហាក់ដូចជា រាល់ៗថ្ងៃនេះជាថ្ងៃដែលគេបានជួបអ្នកគ្រាដំបូងដូច្នោះដែរ។

3 .សេចក្តីសុខរបស់អ្នក គឺសេចក្តីសុខរបស់គេ…

បើអ្នកឃើញថា គេសប្បាយចិត្តពេលដែលឃើញអ្នកមានសេចក្តីសុខ ហើយគេព្យាយាមគ្រប់វិធីដើម្បីធ្វើឱ្យ​អ្នកមានសេចក្តីសុខនោះ ចូរជឿជាក់ក្នុងចិត្តចុះថា ពាក្យថា “ស្រឡាញ់អូន” របស់គេនោះនៅតែជាការពិតជានិច្ច ព្រោះបើសិនជាគេមិនមានអារម្មណ៍បែបនោះទេ គេច្បាស់ជាមិនអាចកុហក ឬធ្វើបែបនោះបានយូរអង្វែងឡើយ ហើយអ្នកគ្រូ ឆវី ក៏ជឿថា នារីៗគ្រប់រូបក៏អាចដឹងពីអារម្មណ៍ទាំងនោះបានតាមរយ:សញ្ជាតិញាណរបស់ខ្លួនឯងស្រាប់ទៅហើយដែរ។

4 .គេព្រួយ និងមានកង្វល់នៅពេលមានរឿងរ៉ាវមិនល្អកើតឡើងចំពោះអ្នក…

អ្នកអាចពិសោធន៍បានតាមរយ:អាកប្បកិរិយារបស់គេនៅពេលកើតរឿងរ៉ាវមិនល្អណាមួយឡើងចំពោះរូបអ្នក ដូចជាគេមានអារម្មណ៍ខឹងនៅពេលមានអ្នកណាធ្វើឱ្យអ្នកភ័យកង្វល់ ឬគេមានអារម្មណ៍ឈឺចាប់នៅពេលឃើញអ្នកឈឺថ្កាត់…បើអាច​ជ្រើសរើសបាន គេប្រាកដជាប្រមូលយកអារម្មណ៍ទុក្ខលំបាកទាំងអស់នោះមកទុកក្នុងខ្លួនគេជំនួសវិញមិនខាន។ ​គ្រាន់តែ​ប៉ុណ្ណឹងក៏បញ្ជាក់ឱ្យឃើញច្បាស់ទៅហើយថា គេនៅតែស្រឡាញ់ និងបារម្ភពីអ្នកជានិច្ច មិនថារស់នៅជាមួយគ្នាមកប៉ុន្មានឆ្នាំហើយក៏ដោយ ។

5 .អ្នក គឺជាផ្នែកសំខាន់បំផុតរបស់ជីវិតគេ…

សញ្ញាមួយទៀតដែលបង្ហាញឱ្យឃើញច្បាស់ថា គេនៅតែស្រឡាញ់អ្នកជានិច្ចនោះ គឺការដែលគេគិតថា អ្នកគឺជាចំណែកសំខាន់មួយរបស់ជីវិតគេ និងមិនអាចនឹងមានជីវិតរស់នៅតទៅទៀតបានឡើយបើសិនជាគេគ្មានរូបអ្នក។ អ្នកអាចពិសោធរកការពិតលើចំណុចនេះបាន តាមរយ:ការដែលគេតែងនឹកឃើញរូបអ្នកមុនគេបង្អស់ នៅពេលណាដែលកើតមានរឿងរ៉ាវអាក្រក់ ឬល្អអ្វីមួយកើតឡើង ហើយមិនថាគេចង់រៀបផែនការធ្វើអ្វីមួយក៏ដោយ គឺតែងតែមានរូបអ្នកនៅក្នុងអនាគតរបស់គេនោះជានិច្ច និងតែងផ្តល់នូវភាព​សំខាន់ចំពោះរូបអ្នកយ៉ាងខ្លាំងជាប់ជានិច្ច…ទាំងអស់នេះដោយសារតែគេគិតថា អនាគតរបស់គេ គឺអនាគតរបស់អ្នកហ្នឹងឯង។

ក្រៅពីនេះ ជួនកាលទោះជាគេមិនបានសម្តែងនូវសេចក្តីស្រឡាញ់របស់គេឱ្យអ្នកបានឃើញយ៉ាងជាក់ច្បាស់តាមរយ:ពាក្យសម្ដី ឬទង្វើ ឬអ្វីៗដែលផ្សេងពីសញ្ញាទាំង 5 ខាងលើនេះក៏ដោយ ក៏សូមឱ្យអ្នកកុំអាលយល់ខុសថា គេអស់សេចក្តីស្នេហាមកលើរូបអ្នកឱ្យសោះ ព្រោះគេអាចជាមនុស្សដែលមិនសូវចេះបង្ហាញពីអារម្មណ៍ ឬទង្វើផ្សេងៗក៏អាចថាបានដែរ ដូច្នេះ​អ្នកមិនគួរសម្រេចសេចក្តីគេតែលើសម្បកក្រៅឡើយ តែត្រូវមើលឱ្យជ្រៅទៅដល់ចរិតនិស្ស័យរបស់គេ ដើម្បីនឹងបានរស់នៅជាគូគ្រងនឹងគ្នាប្រកបដោយសេចក្តីសុខរហូតដល់ដង្ហើមចុងក្រោយរៀងៗខ្លួន៕

Advertisement