14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ1)

ជួនកាលគេនៅក្បែរៗយើងនេះឯង វិលវល់ទៅមកនៅក្នុងជីវិតរបស់យើង តែយើងបែរជាមិនដែលនឹកស្មានថា គេនឹងក្លាយមកជាគូជីវិតរបស់យើងមែនទែនសោះ។ អ្នកខ្លះធំឡើងមកជាមួយគ្នា រួមទាំងអ្នកណាៗក៏ស្គាល់គេច្បាស់ដែរ លើកលែងរូបគេខ្លួនឯង ឬពេលខ្លះមនុស្សដែលអ្នកចង់រៀបការជាមួយ បែរជារស់នៅឯម្ខាងខាងជើងមេឃឯណោះ តែជោគវាសនាក៏ដឹកនាំរូបអ្នកទាំងពីរមកជួបគ្នា។

យើងអាចតាំងក្ដីសង្ឃឹមជាមួយមនុស្សដែលនឹងរៀបការជាមួយនោះខ្ពស់ជ្រុលពេក និងជួនកាលយើងក៏មិនទទួលបានចម្លើយដែលយើងត្រូវការដែរ ដោយសារតែយើងខ្លាចក្នុងការសួរ ដូច្នេះបើអ្នកមានផែនការនឹងរៀបការជាមួយនរណាម្នាក់ មិនសំខាន់ថា ឆ្នាំហ្នឹង ឆ្នាំក្រោយ ឬថ្ងៃណាៗនោះទេ សូមមេត្តាសួរដេញតាមសំណួរទាំង 14ចំណុចខាងក្រោមនេះ ដើម្បីឱ្យគេឆ្លើយតបមកអ្នកវិញឱ្យបាន…។

1 . ស្រឡាញ់ខ្ញុំដោយសារអ្វី?

ស្ដាប់មើលទៅជាសំណួរមួយធំទូលាយ តែអ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា សេចក្ដីស្នេហាគឺជាអ្វីដែលអាត្មានិយមខ្លាំងណាស់។ ទម្រាំនឹងស្រឡាញ់នរណាម្នាក់បាននោះ ត្រូវប្រើអ្វីៗច្រើនយ៉ាង និងតែងមានហេតុផលជានិច្ចថា ហេតុអីបានគេស្រឡាញ់យើងជាងអ្នកឯទៀត។ អ្នកមិនអាចស្រឡាញ់អ្នកដទៃដោយគ្មានហេតុផលបានទេ និងបើមនុស្សដែលអ្នកនឹងរៀបការជាមួយនោះនិយាយថា “ដោយសារតែស្រឡាញ់ហ្នឹងហើយ!” ឬ “អត់មានហេតុផលអ្វីទេ” នោះ សូមប្រាប់ទៅចុះថា គ្មានខ្លឹមសារអ្វីទាំងអស់!។ អ្នកគ្រូ ឆវី សូមអះអាងតែម្ដងទៅថា វាត្រូវតែមានហេតុផល ព្រោះយើងមិនមែនជាវត្ថុមានជីវិតប្រភេទដែលស្រឡាញ់នរណា ឬឱ្យនរណាមកស្រឡាញ់ស្រេចតែចិត្តក៏បាននោះទេ។ អ្វីដែលយើងស្រឡាញ់ តឱ្យវាជាវត្ថុ ឬជាមនុស្សក៏ដោយ ក៏ត្រូវតែមានហេតុផលដែរ។

2 . ឆុងកាហ្វេឱ្យអូនមួយកែវបានទេ?

មនុស្សពិសេសរបស់អ្នកនឹងឆ្លើយតបអ្នកដោយស្វ័យប្រវត្តិថា បានតើ! និងថែមទាំងដឹងទៀតផងថា ត្រូវដាក់ស្ករ 2ស្លាបព្រាកាហ្វេ និងទឹកដោះគោបន្តិចទៅក្នុងពែងកាហ្វេសំណព្វចិត្តរបស់អ្នក ដែលវាក៏មិនខុសអ្វីពី “បង ជួយយកអាវរបស់អូនដែលនៅលើផ្ទះឱ្យបន្តិចបានទេ?” ដែលគេគួរតែដឹងភ្លាមថា អ្នកចង់និយាយពីអាវដៃវែងពណ៌ខ្មៅដែលអ្នកពាក់វារាល់ថ្ងៃ។

សូមរង់ចាំអានភាគបន្ត…

Advertisement