នៅពេលដែល “ស្នេហា” មិនមែនជារឿងរបស់មនុស្ស 2 នាក់…

មនុស្សជាច្រើនអាចមើលឃើញថា សេចក្ដីស្នេហា គឺជារឿងរបស់មនុស្សពីរនាក់ដែលនឹងចាប់ដៃគ្នាពុះពារឧបសគ្គ រឿងរ៉ាវផ្សេងៗទៅជាមួយគ្នា តែក្នុងពិភពនៃការពិតវិញ ប្រហែលជាមិនអាចបដិសេធបានទេថា ការពិតទៅនៅមានកត្តាជំរុញផ្សេងៗទៀតជាច្រើនដែលអាចធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់គូស្នេហ៍នីមួយៗដួលរលំបាក់បែកអស់។ តើសម្ពាធផ្សេងៗដែលថានោះគឺអ្វីខ្លះ? ហេតុអីបានជាមានឥទ្ធិពល និងអាចចូលមកជ្រៀតជ្រែកសេចក្ដីស្នេហា និងសម្ព័ន្ធភាពរបស់គូស្នេហ៍បាន? យើងសាកល្បងនាំគ្នាមកមើលដូចតទៅ។

1 . ក្រុមគ្រួសាររបស់សាមីខ្លួនទាំងសងខាង

នរណាដែលថាសេចក្ដីស្នេហាជារឿងរបស់មនុស្សពីរនាក់ អ្នកនោះប្រហែលជាភ្លេចគិតហើយថា ម្នាក់ៗសុទ្ធតែមានក្រុមគ្រួសារដែលចិញ្ចឹមមើលថែ និងថ្នាក់ថ្នមយើងតាំងពីតូចមករហូតដល់ធំ ជាពិសេសវប្បធម៌ប្រពៃណីរបស់ជនជាតិអាស៊ីយើងតែម្ដង។ ក្រុមគ្រួសាររបស់សាមីខ្លួនទាំង2 អាចរាប់បានថាជាបច្ច័យដែលសំខាន់បំផុតក្នុងការវាស់ស្ទង់ថា តើសេចក្ដីស្នេហារបស់អ្នកទាំងពីរនោះនឹងរុងរឿង ឬរុះរោយ? ព្រោះថា បើពេលបង្ហាញខ្លួនគូស្នេហ៍ឱ្យក្រុមគ្រួសារបានស្គាល់ហើយនោះ ស្រាប់តែពួកគាត់មិនចូលចិត្ត ឬមិនអាចទទួលយកបាននោះ រឿងនេះអាចនិយាយបានថា គឺជាបញ្ហាធំហើយ សេចក្ដីស្នេហាសឹងតែដល់ផ្លូវទាល់ហើយ និងរឿងនេះមានឧទាហរណ៍ឱ្យយើងបានឃើញមកច្រើនហើយ។ បើទោះជានៅតែស្រឡាញ់ និងទាក់ទងគ្នាតទៅទៀតក៏ដោយ តែក៏មិនដឹងថា នឹងទៅមុខទៀតយ៉ាងណាដែរ ក្នុងខណៈដែលគូខ្លះអាចនឹងឆ្លងកាត់ឧបសគ្គក្រុមគ្រួសារបានរហូតមកដល់ដំណាក់កាលចុងក្រោយ គឺការរៀបការហើយក៏ដោយ តែក៏នៅតែឆ្លៀតមានបញ្ហារឿងថ្លៃទឹកដោះ ឬថ្លៃចាយវាយផ្សេងៗដែលក្រុមគ្រួសារទាំងសងខាងអាចនឹងចរចាគ្នាមិនចុះសម្រុង រហូតដល់លុបចោលគម្រោងការរៀបការទៅវិញ ក៏មានឱ្យឃើញច្រើនមកហើយដែរ។ ដូច្នេះអាចនិយាយបានថា ក្រុមគ្រួសារគឺជា កត្តាប្រែប្រួលសំខាន់ដំបូងគេក្នុងសម្ព័ន្ធស្នេហារបស់គូស្នេហ៍ទាំងឡាយ។

2 . អាយុ

មើលទៅវាហាក់ដូចមិនមែនជារឿងសំខាន់ប៉ុន្មានឡើយ តែការពិតវិញ “អាយុ” ដែលខុសគ្នារបស់គូស្នេហ៍មានបង្កប់នូវរឿងរ៉ាវផ្សេងៗជាច្រើន ដែលយើងអាចមើលឃើញបានតាមរយៈពាក្យស្លោកដែលឱ្យនិយមន័យលើគូស្នេហ៍ខុសវ័យថា “គោចាស់ស៊ីស្មៅខ្ចី” ដែលជាការឆ្លុះបញ្ចាំងអំពីគំនិត និងជំនឿរបស់សង្គមខ្មែរយើងដែលថា មិនគួរទំនាក់ទំនងសេពគប់ជាមួយមនុស្សដែលមានវ័យខុសគ្នាច្រើនពេកនោះទេ ព្រោះអាចនឹងធ្វើឱ្យកើតមានបញ្ហា ដែលជំនឿមួយនេះក៏សាងនូវអារម្មណ៍មិនល្អដល់គូស្នេហ៍ខុសវ័យថា ខ្លួនឯងមិនស្ថិតនៅក្នុងទំនៀមទម្លាប់ជំនឿដែលល្អរបស់សង្គមដែលត្រូវបានបណ្ដុះបណ្ដាលមកតាំងពីក្មេង។ ក្លាយជាឧបសគ្គស្នេហ៍ ខុសទំនៀមទម្លាប់ខាងសង្គម ដែលទោះជាពេលនេះយើងស្ថិតនៅក្នុងសតវត្សរ៍ទី 21 ហើយក៏ដោយ តែរឿងរបស់អាយុក៏នៅតែជាចំណុចផ្លាស់ប្ដូរសំខាន់របស់គូស្នេហ៍ខុសវ័យដដែល។

3 . ឋានៈខាងសង្គម

មើលទៅហាក់ដូចជារឿងស្នេហាខុសវណ្ណៈដែលបញ្ចប់បែប Happy Ending នោះ មានតែនៅក្នុងរឿងប្រលោមលោកប៉ុណ្ណោះ ព្រោះនៅក្នុងពិភពនៃសភាពពិតវិញ ឋានៈខាងសង្គមគឺជាបច្ច័យសំខាន់ក្នុងការសម្រេចថា សេចក្ដីស្នេហារបស់មនុស្សមួយគូៗនឹងបញ្ចប់យ៉ាងណា?។ ភាពស័ក្តិសមតែងតែត្រូវបានលើកយកមកនិយាយមុនគេបង្អស់ ជាពិសេសក្នុងសង្គមខ្មែរដែលការរៀបការគ្នារវាងមនុស្សពីរនាក់នោះត្រូវរងសម្ពាធរឿងឋានៈខាងសង្គមរបស់ក្រុមគ្រួសារទាំងពីរទៀតផង ដូច្នេះ ការជ្រើសរើសគូគ្រងពិតជាត្រូវកម្រិតឱ្យនៅតែក្នុងរង្វង់នៃឋានៈខាងសង្គមដែលប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ រឿងនេះអាចរាប់ថាជាកត្តាជំរុញការប្រែប្រួលដ៏សំខាន់មួយដែលទោះជាគ្មាននរណាម្នាក់និយាយចេញមកមែន តែអ្នកណាៗក៏គេដឹងដែរ។

អ្នកគ្រូ ឆវីចង់ប្រាប់ថា បើសេចក្ដីស្នេហា គឺជារឿងល្អស្អាត ឧបសគ្គផ្សេងៗក៏អាចជាបទសាកល្បងសម្រាប់ឱ្យគូស្នេហ៍នីមួយៗបានឈានឆ្លងផុតបញ្ហាមួយចំនួនរួមគ្នាទៅមុខ តែបើសិនជាស្នេហាដើរដល់ផ្លូវទាល់មែនទែនហើយនោះ ប្អូនៗក៏អាចនឹងត្រូវលែងដៃពីស្នេហាដើម្បីថយមកមើលថែទាំខ្លួនឯងឱ្យមានជីវិតតទៅមុខទៀតយ៉ាងមានសេចក្ដីសុខបំផុត ព្រោះក្រៅពីមានបេះដូងទុកសម្រាប់ស្រឡាញ់អ្នកដទៃហើយនោះ ក៏ត្រូវតែមិនភ្លេចស្រឡាញ់ខ្លួនឯងដូចគ្នាដែរ។ អត្ថបទនេះ អ្នកគ្រូ ឆវី សង្ឃឺមថា នឹងអាចជួយលើការសម្រេចចិត្តរបស់ប្អូនៗក្នុងរឿងស្នេហាបាន បើមិនច្រើន ក៏តិចដែរ៕

Advertisement