7 វិធីធ្វើឱ្យស្វាមីស្រឡាញ់បាត់មុខមិនបាន

ទំព័រអាពាហ៍ពិពាហ៍ និងសុភមង្គលរបស់ទស្សនាវដ្តី ឡារ៉ែនលេខនេះ អ្នកគ្រូឆវីសូមតម្រូវចិត្តបងៗស្រីៗជាឧត្ដមភរិយាម្ដងដោយសូមនាំយកមកនូវ “វិធីធ្វើឱ្យស្វាមីស្រឡាញ់ងប់ រហូតបាត់មុខមិនបាន” មកជម្រាបជូន។ សម្រាប់ផ្ទះណា គ្រួសារណាដែលរស់នៅជាមួយគ្នាយូរហើយ ស្វាមីលែងចង់ធ្វើកិច្ចការផ្ទះ ឬចាប់ផ្ដើមមានអាការស្ពឹកស្រពន់ លែងចាប់អារម្មណ៍នឹងយើង លែងមើលមុខយើង ពេលយើងដើរទៅជិតបែរជាដើរគេចពីយើងនោះ សូមបងៗជាឧត្ដមភរិយាទាំងអស់នាំគ្នាមកមើលពីវិធីអន្ទងហៅស្វាមីត្រឡប់មកវិញដូចខាងក្រោមនេះដូចតទៅ(អ្នកគ្រូឆវីធ្លាប់សាកលមើលហើយ ពិតជាបានផលល្អមែន)។

1 . កុំព្រងើយកន្តើយនឹងសម្ព័ន្ធភាពប្ដី-ប្រពន្ធ

ទោះជាតួនាទីនៃភាពជាម្ដាយដែលចាំបាច់ត្រូវមើលថែទាំ និងយកចិត្តទុកដាក់កូនៗយ៉ាងខ្លាំងយ៉ាងណាក៏ដោយ តែតួនាទីរបស់ភរិយាក៏មិនត្រូវភ្លេចក្នុងការមើលថែទាំសម្ព័ន្ធភាពដ៏ស្អិតល្មួតជាមួយស្វាមីដែរ។ លោក Charles D. Schmitz អ្នកជំនាញការ និងជាអ្នកនិពន្ធល្បីឈ្មោះបានពោលថា “នៅពេលណាដែលស្រ្តីជាម្ដាយគិតតែពីផ្ដោតការយកចិត្តទុកដាក់ទៅលើពួកកូនៗច្រើនជ្រុលពេក រហូតដល់ភ្លេចផ្ដល់ការចាប់អារម្មណ៍ចំពោះស្វាមីនោះ ប្រាកដណាស់ រឿងនោះនឹងក្លាយជាបញ្ហាចំពោះជីវិតអាពាហ៍ពិពាហ៍មិនខាន” ហើយលោកនៅបានបន្ថែមទៀតថា “សម្ព័ន្ធភាពរវាងស្វាមី និងភរិយា ជារឿងសំខាន់លើសអ្វីទាំងអស់”។

2 . សាងភាពចម្លែកចិត្តដល់ស្វាមីដោយពាក្យស្ងើចសរសើរ

តើអ្នកជាភរិយាដែលតែងតែនៅចាំប្រាប់ឱ្យស្វាមីធ្វើយ៉ាងណាទើប “ត្រឹមត្រូវ” រហូតឬ? បើយ៉ាងដូច្នោះមែន ចូរបញ្ឈប់ទង្វើបែបហ្នឹងភ្លាមទៅ។ ការធ្វើខ្លួនជាមេបញ្ជាការ ឬគ្រប់គ្រងស្វាមីយ៉ាងម៉ឺងម៉ាត់ អាចនឹងធ្វើឱ្យស្វាមីមានអារម្មណ៍ធុញថប់ធុញទ្រាន់ ព្រោះមនុស្សប្រុសជាច្រើនមិនអាចទ្រាំនឹងពាក្យរិះគន់ ឬពាក្យបញ្ជាផ្សេងៗដែលចេញមកពីគូជីវិតរបស់ខ្លួនបានទេ ទោះជាអាចនឹងធ្លាប់ពេញចិត្តក្នុងគ្រាដំបូងៗនៃជីវិតគូខ្លះក៏ដោយ។ តែយើងគួរជួយ នៅពេលដែលស្វាមីមានសំណូមពរ និងធ្វើឱ្យស្វាមីនឹកចម្លែកចិត្តដោយពោលពាក្យស្ងើចសរសើរ នឹងធ្វើឱ្យស្វាមីមានអារម្មណ៍ថា ខ្លួនគេមានតម្លៃ និងបានទទួលការគោរពកោតខ្លាចពីភរិយារបស់គេ។

3 . ពោលពាក្យ “អរគុណ” ចំពោះអ្វីដែលស្វាមីធ្វើឱ្យយើង

នៅក្នុងគំនិតរបស់មនុស្សប្រុស ការធ្វើនូវអ្វីដែលភរិយាចង់ឱ្យធ្វើ គឺដើម្បីត្រូវការឱ្យភរិយាមានសេចក្ដីសុខហ្នឹងឯង ដូច្នេះបើសិនជាស្វាមីជួយលាងចាន ឬធ្វើអ្វីម្យ៉ាងដែលអ្នកត្រូវការចង់ឱ្យគេធ្វើរហូតដល់រួចស្រេចយ៉ាងស្អាតបាតនោះ អ្នកក៏គួរតែហាមាត់ពោលពាក្យ “អរគុណ” ចំពោះអ្វីដែលគេបានធ្វើដើម្បីអ្នកនោះផង។

4 . មិនចាំបាច់ កុំរអ៊ូ ឬនិយាយច្រើន

ញឹកញាប់ណាស់ដែលលោកប្ដីមិនចូលចិត្តជាប់នៅក្នុងការសន្ទនាដ៏សែនយូរអង្វែង ឬការសន្ទនាដែលគេមិនប៉ងប្រាថ្នា តែដោយសារតែការដែលស្វាមីមិនដឹងពីវិធីក្នុងការប្រាប់ភរិយាឱ្យ “កុំនិយាយច្រើន” នោះ វាក៏ក្លាយជាមូលហេតុមួយដែលអ្នកគិតថា “ស្វាមីមិនយកចិត្តទុកដាក់” ទៅវិញ។ ដូច្នេះ ការហ្វឹកហាត់ក្នុងការនិយាយស្ដីឱ្យតិច និងនិយាយឱ្យខ្លីៗ នឹងជួយឱ្យស្វាមីឆាប់យល់ពីរឿងដែលអ្នកត្រូវការចង់រៀបរាប់ប្រាប់បានល្អជាង។

5 . ទុកឱ្យគេចាត់ការអ្នកតាមចិត្ត ក្នុងពេលដែលគេត្រូវការ(រឿងនេះសំខាន់)

រឿងការធ្វើកិច្ចការងារលើគ្រែរបស់អ្នកជាមួយស្វាមីគឺជារឿងដែលមិនគួរមើលរំលងឡើយ ទោះជាមានកូនជាមួយគ្នាច្រើននាក់ហើយក៏ដោយ។ ទោះជាលោកប្ដីអាចនឹងមិនបានបង្ហាញឱ្យដឹង ឬនិយាយវាចេញមកក៏ដោយ តែការប៉ះពាល់រាងកាយដែលស្វាមីរបស់អ្នកធ្វើចំពោះអ្នក វាជាសញ្ញាដែលអ្នកយល់បានថា គេត្រូវការរូបអ្នកខ្លាំងខ្នាតណា និងក្រៅពីសេចក្ដីត្រូវការរបស់ស្វាមីខ្លួនឯងហើយ គេថែមទាំងមិនត្រូវការធ្វើខ្លួនជាអ្នកចាប់ផ្ដើមមុនជានិច្ចនោះដែរ ដូច្នេះពេលខ្លះអ្នកចាំបាច់ត្រូវចាប់ផ្ដើមវាយលុកមុនខ្លះហើយ។

6 . បង្កើតសេចក្ដីសុខគ្រប់ពេលដែលរួមរ័កគ្នា

សម្រាប់មនុស្សប្រុស ការរួមដំណេកដែលល្អគឺជាអ្វីមួយដែលមានន័យច្រើនជាងការដល់សេចក្ដីស្រណុកផុតកំពូលទៅទៀត។ លោកប្ដីនឹងមានអារម្មណ៍ដឹងពីសេចក្ដិសុខផុតកំពូលនៅពេលបានឃើញភរិយារបស់ខ្លួនមានសេចក្ដីសុខ និងរីករាយក្នុងការរួមសិចជាមួយគ្នា ហើយគេនឹងមានអារម្មណ៍កើតទុក្ខនៅពេលឃើញថា គូជីវិតរបស់គេគ្មានប្រតិកម្មតបស្នង។ ដូច្នេះសាកល្បងស្វែងរកវិធីការក្នុងការធ្វើឱ្យរូបអ្នកទាំងគូបានទទួលអារម្មណ៍ល្អៗ និងបទពិសោធល្អៗក្នុងការរួមដំណេក ដែលនេះក៏ជាផ្នែកមួយដែលធ្វើឱ្យស្វាមីស្រឡាញ់ងប់លើរូបអ្នកដែរ។

7 . សម្ដែងពីសេចក្ដីគោរពស្រឡាញ់ដែលអ្នកមានចំពោះស្វាមី

ស្វាមីត្រូវការមានអារម្មណ៍ថា ខ្លួនគេមានភាពសំខាន់ចំពោះភរិយារបស់គេ ដូច្នេះការប្រាប់ពីសេចក្ដីស្រឡាញ់ និងសម្ដែងឱ្យឃើញថា រូបគេសំខាន់ប៉ុនណាសម្រាប់ជីវិតរបស់អ្នកក្នុងរៀងរាល់ថ្ងៃនោះ តែប៉ុណ្ណឹង ក៏នឹងធ្វើឱ្យស្វាមីរបស់អ្នកកាន់តែស្រឡាញ់រូបអ្នកខ្លាំងឡើងរាល់ថ្ងៃដូចគ្នាដែរមិនខាន។

ចុះអ្នកវិញ មានរូបមន្តស្នេហ៍សម្រាប់ចងចិត្តស្វាមីបែបណាខ្លះដែរ?៕

Advertisement