តើត្រូវចាប់ផ្ដើមជីវិតគូយ៉ាងណាឱ្យស្ថិតស្ថេរយូរអង្វែង?

ការដែលមនុស្សយើងពីរនាក់នឹងមករួមរស់នៅជាមួយគ្នាជាគូស្វាមីភរិយានោះ មុនដំបូងបង្អស់ អ្នកគ្រូឆវីត្រូវសុំប្រាប់ថា…រឿងបែបនេះវាត្រូវមានវាសនារួមគ្នា ព្រោះបើគ្មានវាសនារួមគ្នាទេនោះ ឱកាសដែលមនុស្សពីរនាក់ដែលមកពីទីកន្លែងផ្សេងគ្នានឹងមកឯកភាពស្ម័គ្រចិត្តក្នុងការធ្វើដំណើរជីវិតរួមគ្នារហូតដល់ទីបំផុតនោះ មិនមែនជារឿងងាយនោះឡើយ។ តែគេនិយាយថា ការដែលមនុស្សមានវាសនាបានមកស្រឡាញ់គ្នារហូតកើតមានសម្ព័ន្ធភាពដែលល្អនោះ វាមិនមែនជារឿងលំបាកទេ តែរឿងដែលនឹងរស់នៅជាមួយគ្នាឱ្យបានយូរអង្វែង មានសេចក្ដីសុខរហូតដល់នាទីចុងក្រោយរបស់ជីវិតនោះ ត្រូវពុះពារឧបសគ្គជាច្រើន និងបើយើងទៅសួរគូសា្វមីភរិយាដែលបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខរហូតដល់ចាស់កោងខ្នងដើម្បីស្វែងរកគន្លឹះដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងវិញនោះ ចម្លើយភាគច្រើនៗតែដូចគ្នាសឹងតែទាំងអស់…នោះគឺ “សេចក្ដីស្រឡាញ់” “សេចក្ដីប្រាថ្នា និងបំណងល្អដល់គ្នាទៅវិញទៅមក” “ការមើលឃើញពីអំពើល្អរបស់គ្នាទៅវិញទៅមក” និង “ការមើលរំលងចំណុចអន់ខ្សោយរបស់គ្នាទៅវិញទៅមក” ហ្នឹងឯង។

ដូច្នេះហើយក្នុងអំឡុងពេល “បាយថ្មី ត្រីឆ្ងាញ់” នេះ…ត្រូវព្យាយាមក្នុងការចងចាំទុកនូវរឿងដែលល្អៗរបស់គ្នាទៅវិញទៅមក ព្រោះទាំងអស់នោះគឺជាឫសគល់ឱ្យសម្លឹងមើលគ្នាទៅវិញទៅមកក្នុងផ្លូវដែលល្អនៅពេលដែលកើតមានបញ្ហាឡើងនាពេលអនាគត។

គូគ្រងដែលចងចាំពីអំពើល្អរបស់គ្នាទៅវិញទៅមកបាននោះ នឹងមានឱកាសបែកបាក់គ្នាខាងគំនិតតិចបំផុត និងព្យាយាមសម្របសម្រួលចរចាឯកភាពគ្នាក្នុងបញ្ហាផ្សេងៗរួមគ្នាបានដោយមិនគិតតែពីអាត្មានិយមខ្លាំងនោះទេ ហើយនឹងជឿលើគ្នាទៅវិញទៅមកខ្លាំងជាងទៅជឿលើអ្នកដទៃដែលមិនមែនជាគូគ្រងរបស់ខ្លួន។

វាជារឿងពិតដែលថា មានស្វាមីភរិយាជាច្រើនគូត្រូវបែកបាក់គ្នាដោយសារតែគំនិតយោបល់របស់មិត្តភ័ក្តិអ្នកបំណងល្អ តែប្រាថ្នាអាក្រក់។ ការចងចាំរឿងដែលល្អៗរបស់ស្វាមី ឬភរិយារបស់ខ្លួននេះ គឺជាឫសគល់ដ៏រឹងមាំដែលនឹងធ្វើឱ្យជឿទុកចិត្ត និងមិននឹកគិតសង្ស័យលើគូជីវិតរបស់ខ្លួននៅពេលមានបញ្ហាអ្វីម្យ៉ាងកើតឡើង ព្រោះតាមដែលបានដឹងមក គូគ្រង គូស្នេហ៍ទាំងឡាយត្រូវបែកបាក់ឃ្លាតចាកពីគ្នាក៏ព្រោះតែភាពសង្ស័យលើគ្នាទៅវិញទៅមកសឹងតែទាំងអស់។ តពីការមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយនោះ ក៏ត្រូវមានក្តីមេត្តាដល់គ្នា ធ្វើរឿងល្អៗដល់មនុស្សដែលយើងស្រឡាញ់ និងមិនសាងសេចក្ដីទុក្ខដល់មនុស្សដែលយើងស្រឡាញ់ ព្រោះចំណុចខ្សោយរបស់មនុស្សយើងគឺ “យើងចូលចិត្តយកចិត្តយកថ្លើមអ្នកដទៃខ្លាំងជាងមនុស្សដែលយើងនៅជាមួយជានិច្ច” និង “យើងចូលចិត្តជឿលើអ្នកដទៃខ្លាំងជាងជឿមនុស្សដែលយើងស្រឡាញ់” ដូចគ្នា។ រឿងបែបនេះត្រូវតែយកចេញពីក្នុងចិត្តឱ្យអស់ បើចង់មានជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខ ព្រោះនៅពេលដែលសេចក្ដីសង្ស័យមិនទុកចិត្តចូលមកតាមមាត់ទ្វារ…សេចក្ដីស្រឡាញ់ទុកចិត្តក៏នឹងហោះហើរចេញទៅតាមមាត់បង្អួចមិនខាន។

រឿងសិចក៏ជាចំណែកមួយដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខដែរ ព្រេាះការរួមរ័កគ្នារវាងបុរស និងស្រ្តីនេះ ការពិតគឺជាការប្រាប់ពីសេចក្ដីស្រឡាញ់ដោយភាសារាងកាយ ដែលសម្ដែងចេញមកឱ្យគ្នាទៅវិញទៅមកដើម្បីនឹងទៅដល់ចំណុចកំពូលនៃសេចក្ដីសុខ និងនៅពេលកើតមានសេចក្ដីសុខរួមគ្នាហើយ ក៏នឹងកើតមានចំណងនៃសម្ព័ន្ធភាពដែលមើលមិនឃើញ តែប៉ះពាល់បាន។ គូស្នេហ៍ គូគ្រងណាដែលអាចរួមរ័កគ្នាបានយ៉ាងមានសេចក្ដីសុខជាប្រចាំជាប់ជានិច្ចនោះ នឹងបានដឹងថា ឱកាសដែលនឹងបែកចែកផ្លូវគ្នានោះ តិចតួចជាងគូដែលគ្មានសេចក្ដីពីការរួមរ័ក។

សំណួរគឺថា ហេតុអីបានត្រូវតែបែបនោះ? ចម្លើយក៏គឺ…បុរសប្រាប់ពីសេចក្ដីស្រឡាញ់តាមរយៈការមានសិច និងស្រ្តីមានសេចក្ដីសុខពីការមានសិចជាមួយបុរសរបស់នាង ព្រោះនាងដឹងថា គេស្រឡាញ់នាងហ្នឹងឯង។ សិចមិនមែនជាការចាប់អវយវៈអ្វីម្យ៉ាងដាក់ចូលទៅក្នុងអវយវៈរបស់មនុស្សម្នាក់ទៀតទេណា៎ប្អូនៗ!!! តែសិចជាការប្រាប់ថាស្រឡាញ់តាមរយៈការប៉ះពាល់ដោយភាសារាងកាយដែលគួរឱ្យស្រឡាញ់ ទន់ភ្លន់ ស្រទន់ និងផ្ដល់ភាពកក់ក្ដៅយ៉ាងបរិបូរណ៍ហូរហៀរ និងប៉ះពាល់បាន។ បើថ្ងៃនេះ អ្នកគេងលក់ជាមួយគ្នាក្នុងរង្វង់ដៃឱបរបស់គ្នាទៅវិញទៅមក និងថែថើបគ្នាយ៉ាងផ្អែមល្ហែមមួយដងមុនពេលគេង វាគឺជាការមានសិចហើយ។ មានអ្នកខ្លះនិយាយថា គ្រាន់តែមនុស្សកំពូលស្នេហ៍ដែលគេងក្បែរថើបថ្ពាល់ថ្នមៗ និងប្រាប់ថា “បងស្រឡាញ់អូន(ឬអូនស្រឡាញ់បង)ណា៎” តែប៉ុណ្ណឹងជីវិតក៏មានសេចក្ដីសុខទៅហើយ។

ការបានប៉ះពាល់ខាងរាងកាយជាប្រចាំ មិនថាតែការដឹកដៃគ្នា ការចាប់ដៃគ្នាមុននឹងចេញទៅធ្វើការ ការឱបគ្នាជាប្រចាំ គឺសុទ្ធតែធ្វើឱ្យសេចក្ដីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែងទាំងអស់។ មានគន្លឹះល្អមួយទៀតដែលនឹងធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងយ៉ាងមានសេចក្ដីសុខនោះគឺ នៅពេលបាននៅជាមួយគ្នាថ្មីៗ សូមកុំអាលមានបុត្រ។ គួរប្រើពេលវេលារស់នៅរួមគ្នាយ៉ាងពេញទំហឹងដោយគ្មានអ្វីមកធ្វើឱ្យនឹកបារម្ភ។ គួររកពេលវេលាក្នុងការរៀនយល់ដឹង និងសិក្សាពីគ្នាឱ្យពិតប្រាកដច្រើនឡើង ព្រោះមានឱកាសក្នុងការនោជិតនែបនិត្យច្លើនជាងពេលនៅជាគូសង្សារ។ រកពេលដើរលេង និងធ្វើអ្វីដែលជារឿងរ៉ាវដែលជាចំណាប់អារម្មណ៍រួមគ្នា ដើម្បីនឹងបានមានចំណែករួមក្នុងគ្នាទៅវិញទៅមកឱ្យបានច្រើនឡើង។

ហើយនេះក៏ជាឫសគល់ក្នុងការគ្រងជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខមួយដែរ គឺចាត់ការរឿងលុយកាក់របស់គ្នាទៅវិញទៅមកឱ្យល្អ ឯកភាពគ្នាឱ្យរៀបរយរួចរាល់ ដើម្បីកុំឱ្យមានរឿងរ៉ាវអ្វីនៅពេលក្រោយ…សំខាន់បំផុតក៏គឺ “មធុរស វាចា” ការនិយាយស្ដីរកគ្នាដោយពាក្យសម្ដីដែលពីរោះផ្អែមត្រចៀក និយាយគ្នាក្នុងផ្លូវចម្រើន និយាយគ្នាក្នុងផ្លូវដែលផ្ដល់កម្លាំងចិត្តគ្នា យល់ពីគ្នាទៅវិញទៅមកក្នុងរូបបែបដែលជាការពិត មិនបង្ខំចិត្តគ្នាទៅវិញទៅមក តែព្យាយាមប្រើវិធីបែបសន្តិវិធីក្នុងការបបួលនាំឱ្យគូស្នេហ៍ធ្វើតាមអ្វីដែលខ្លួនឯងត្រូវការ ជួយគ្នាក្នុងគ្រប់វិធីតាមដែលអាចធ្វើបាន។

អ្វីដែលសំខាន់បំផុតក្នុងការធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្សយូរអង្វែង និងមានសេចក្ដីសុខនោះគឺ…ត្រូវរៀនយល់ដឹងក្នុងការអភ័យទោសឱ្យមនុស្សដែលយើងស្រឡាញ់យ៉ាងស្មោះស្ម័គ្រដោយគ្មានការក្លែងបន្លំ ហើយមនុស្សដែលបានទទួលការអភ័យទោសឱ្យក៏ត្រូវរៀនយល់ដឹងក្នុងការពោលពាក្យថា “សូមទោស” និងឈប់ធ្វើអ្វីដែលមិនគួរធ្វើ ដែលមនុស្សស្រឡាញ់យើងគេអត់ទោសឱ្យនោះទៀតឡើយ។ ធ្វើបានដូចដែលបានរៀបរាប់មកខាងដើមហើយ នឹងច្បាស់ជាគ្មានផ្លូវដែលគូរបស់អ្នកនឹងបែកចេញទៅណាឆ្ងាយពីគ្នាឡើយ៕

Advertisement