ត្រៀមខ្លួនឱ្យរួចជាស្រេច…បើសិនជាត្រូវរៀបការម្តងទៀត

ការយល់ព្រមបើកបេះដូងឱ្យឱកាសថ្មីៗបានចូលមកក្នុងជីវិតម្តងទៀតមិនមែនជារឿងខាតបង់នោះទេ តែត្រូវគិតពិចារណាត្រិះរិះឱ្យបានហ្មត់ចត់ ដើម្បីកុំអោយការសម្រេចចិត្តលើកនេះទៅប៉ះពាល់ផ្លូវចិត្ត “កូន” (បើសិនមាន)។

– រៀបការម្តងទៀត…ល្អទេ?

ទោះជាការរៀបការម្តងទៀតជាសិទ្ធិដ៏ត្រឹមត្រូវរបស់អ្នកម្តាយក៏ដោយ តែប្រាកដណាស់ រឿងដំបូងគេដែលត្រូវគិតដល់នោះគឺកូន។ ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជារឿងខាតបង់នោះទេ តែសំខាន់បំផុតអ្នកត្រូវអធិប្បាយឱ្យអនាគតស្វាមីថ្មីយល់ដឹងអំពីបន្ទុកភារៈតួនាទីនៃភាពជាម្តាយដែលមានជាប់នឹងខ្លួនឱ្យបានច្បាស់លាស់ថា តើគេអាចទទួលយក និងត្រៀមជាស្រេចក្នុងការស្រឡាញ់ និងអាណិតមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់រូបអ្នកបានដែរឬទេ? បើអ្វីៗគ្រប់យ៉ាង អូខេ អ្នកក៏អាចសម្រេចចិត្តបាន។

– ត្រៀមជាស្រេចចាំទប់ទល់នឹងរឿងរញេរញ៉ៃ

ប្រាកដណាស់ថា បន្ទាប់ពីអ្នកម្តាយសម្រេចចិត្តរៀបការជាលើកទីពីរហើយនោះ មានន័យថា មានមនុស្សម្នាក់ទៀតដែលប្រៀបដូចជាមនុស្សប្លែកមុខម្នាក់ (សម្រាប់កូន) ថែមចូលមកជាផ្នែកមួយក្នុងគ្រួសារ ហើយមនុស្សម្នាក់នេះមើលទៅដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែនទៀតផង។ ក្នុងទស្សនៈរបស់កូនអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាឈប់ស្រឡាញ់យើងមិនខាន ឬម៉ាក់លែងជាគ្នាជាមួយប៉ាហើយឬ? ជាដើម។ កុំបណ្តោយឱ្យសំណួរទាំងនេះនៅវិលវល់ដក់ក្នុងចិត្តកូនធ្វើអី អ្នកគួរតែ…ៈ

ប្រាប់ឱ្យកូនយល់ កុំគិតថា កូននៅតូចមិនដឹងរឿងរ៉ាវអ្វីឱ្យសោះ

រកពេលវេលានិយាយជាមួយកូនដោយពាក្យសំដីងាយៗ ខ្លីៗ តែការនឹងអធិប្បាយបែបនេះ អ្នកត្រូវយល់ដឹងពីធម្មជាតិរបស់កូនផងថាយ៉ាងណា ព្រោះក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត ដែលសំខាន់នោះគឺ ការរៀបរាប់ប្រាប់ ឬអធិប្បាយអំពីអ្វីដែលកើតឡើងនៅក្នុងផ្ទះ នឹងជួយឱ្យកូនមិនមានអារម្មណ៍ដាច់ចេញពីរូបអ្នក។

សាងភាពជឿជាក់ក្នុងចិត្តដល់កូន

រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូវផ្តល់នូវភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់រូបគេដូចមុនដដែល ការមានប៉ាថ្មីមិនអាចផ្លាស់ប្តូរអារម្មណ៍ដែលម៉ាក់មានចំពោះកូនបានទេ សេចក្តីស្រឡាញ់ដែលម៉ាក់ឱ្យដល់កូននៅតែមានរហូតតទៅ។ អ្នកម្តាយអាចនឹងប្រាប់កូនថា កូននៅតែមានរបស់លេងដូចមុនដដែល មានម៉ាក់ជូនទៅ និងទៅទទួលមកវិញនៅឯសាលារៀនដូចមុន តែថ្ងៃខ្លះម៉ាក់អាចនឹងទៅជាមួយបុរសម្នាក់នេះ មានគាត់ចូលមកនៅក្នុងផ្ទះជាមួយយើង និងមានអ្នកញ៉ាំបាយជាមួយយើងថែមម្នាក់ទៀត តែកូននៅតែញ៉ាំបាយជាមួយម៉ាក់ដូចមុនដដែល ជាដើម។

ផ្តល់ពេលវេលាក្នុងការសម្របសម្រួលខ្លួន

នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់អ្នកថ្មី និងរៀបផែនការគិតថា អនាគតអាចនឹងរៀបការ ឬនៅជាមួយគ្នានោះ ក៏អាចនឹងមានការនាំកិច្ចការងារប្រចាំថ្ងៃដែលយើងធ្វើជាមួយកូន និងអ្នកថ្មីមកធ្វើរួមគ្នា តែត្រូវមានតុល្យភាពគ្នាគឺ ត្រូវមានពេលបំបែកគ្នារវាងម្តាយ-កូន ខ្លួនឯង និងអនាគតស្វាមីដោយគ្មានកូន និងកិច្ចការងារដែលនឹងធ្វើរួមគ្នាទាំង 3 នាក់ ជាដើម គឺមិនមែនត្រូវតែធ្វើជាមួយគ្នារហូតគ្រប់ពេលនោះទេ៕

Advertisement