9 រឿងមិនគួរធ្វើ បើចង់ឱ្យស្នេហាស្ថិតស្ថេរគង់វង្ស

Back view of loving senior couple talking a walk with walker in the park

រឿងស្នេហានេះ ពេលខ្លះពិបាកយល់ណាស់ បើស្រឡាញ់ហើយ អីៗក៏ព្រមដែរ!! តែបើចង់ឱ្យគូស្នេហ៍ស្រឡាញ់យើងយូរអង្វែងនោះ តើត្រូវធ្វើយ៉ាងណាខ្លះ? ធ្លាប់គិតដែរទេថា ពេលខ្លះហេតុផលដែលឈ្លោះគ្នាញឹកញាប់នោះ អាចដោយសារតែយើងមានចំណែកដែរទេដឹង? ដូច្នេះបើចង់ឱ្យសេចក្តីស្នេហាស្ថិតស្ថេរគង់វង្ស នៅជាមួយយើងយូរអង្វែងរហូតទៅនោះ 10 រឿងខាងក្រោមនេះមិនគួរធ្វើជាដាច់ខាត។

1 . ប្រចែប្រច័ណ្ឌគ្មានហេតុផល

រឿងនេះសំខាន់ណាស់សម្រាប់គ្រប់គូស្នេហ៍ បើជឿជាក់ក្នុងចិត្តថា រូបអ្នកមានគុណតម្លៃស័ក្តិសម និងស្រឡាញ់គេតាមដែលអាចស្រឡាញ់បាន ហើយគេក៏ស្រឡាញ់អ្នកវិញដែរនោះ តើហេតុអីអ្នកចាំបាច់ត្រូវប្រចៃប្រច័ណ្ឌរូបគេបែបគ្មានហេតុផលនោះ? គួរតែមានភាពជឿជាក់លើគ្នាទៅវិញទៅមកឱ្យច្រើនទើបល្អ។

2 . និយាយអាក្រក់ពីបុព្វការី

ទោះជាគេតវ៉ា ឬរអ៊ូរទាំឱ្យអ្នកស្តាប់នូវរឿងរ៉ាវផ្សេងៗក្នុងក្រុមគ្រួសាររបស់គេក៏ដោយ តែក៏មិនមែនថាអ្នកអាចនិយាយអំពីមនុស្សក្នុងក្រុមគ្រួសាររបស់គេបានដែរ ជាពិសេសនិយាយពីបុព្វការីរបស់គេក្នុងន័យអវិជ្ជមាន ព្រោះវានឹងហុចផលអាក្រក់ដល់រូបអ្នកយ៉ាងប្រាកដ ហើយរូបអ្នកខ្លួនឯងក៏មិនចង់ឱ្យគូស្នេហ៍និយាយ ឬគិតក្នុងន័យអវិជ្ជមានជាមួយក្រុមគ្រួសាររបស់អ្នកដែរ។

3 . កុំខុសសំដីខ្លួនឯង

មនុស្សប្រុសក៏មិនត្រូវខុសសំដីខ្លួនឯងដែរ នារីក៏មិនខុសគ្នាដែរ បើណាត់គ្នាពេលណា គួរតែទៅឱ្យត្រូវពេល ឬយឺតបន្តិចបន្តួច ឬបើប្រាប់ថានឹងទូរស័ព្ទរក ក៏គួរតែទូរស័ព្ទទៅ ព្រោះការខុសសំដីខ្លួនឯងអាចបង្ហាញឱ្យដឹងថា អ្នកជាមនុស្សដែលមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ហើយវានិងហុចផលមិនល្អដល់សម្ព័ន្ធភាពរបស់អ្នកយ៉ាងពិតប្រាកដ។

4 . របៀបរបបច្រើនពេក

រឿងនេះគឺជារឿងធ្ងន់ធ្ងររបស់សម្ព័ន្ធភាពស្នេហ៍ បុរសច្រើនតែមិនសូវចេះទ្រាំចំពោះភាពរបៀបរបបរឿងច្រើនរបស់ស្រ្តី។ ដំបូងៗដែលស្នេហានៅផ្អែមល្ហែម ក៏ធ្វើជាមិនយកចិត្តទុកដាក់ ទទួលយកបានទាំងអស់ តែនៅពេលដែលពេលវេលានៃការសម្របសម្រួលខ្លួនឱ្យចូលគ្នាចប់អស់នោះ ហើយភាពរបៀបរបបច្រើន រឿងច្រើនបែរជាកើនឡើង រអ៊ូឥតឈប់ រអ៊ូគ្រប់រឿង ប្រហែលជាគ្មាននរណាចង់ស្តាប់ និងធ្វើតាមឡើយ។

5 . ខឹងសម្បាមិត្តភ័ក្តិរបស់គេ

មុនពេលដែលគេស្គាល់រូបអ្នក គេមានក្រុមមិត្តភ័ក្តិរបស់គេ ភាពជិតដិតស្និទ្ធស្នាលខ្លាំងជាងរូបអ្នកច្រើនណាស់ ដូច្នេះអ្នកគួររៀនយល់ដឹងអំពីវិធីក្នុងការចូលទៅរកក្រុមមិត្តភ័ក្តិរបស់គេ បើសិនជាវាមិនធ្ងន់ធ្ងរពេកទេនោះ និងវិធីដែលល្អបំផុតនោះគឺ ព្យយាមធ្វើខ្លួនឱ្យសប្បាយរីករាយជាមួយអ្វីដែលគេធ្វើវិញប្រសើរជាង។

6 . បំផ្លាញក្តីជឿទុកចិត្ត

ការភូតកុហកប្រភេទ White lie ពេលខ្លះក៏បានលទ្ធផលដែរ តែពេលខ្លះបើនិយាយគ្នាត្រង់ៗបាន ក៏គួរតែនិយាយ ព្រោះបុរសៗច្រើនតែមិនគិតច្រើនដូចនារីៗទេ ព្រោះបុរសៗពេលខ្លះមិនបានយកចិត្តទុកដាក់នឹងអ្វីដែលនារីៗធ្វើប៉ុន្មានឡើយ ដូច្នេះបើមានអ្វីនិយាយគ្នាត្រង់ៗទៅប្រសើរជាងការភូតកុហកដែលបើថ្ងៃក្រោយបែកការ វានឹងមានផលប៉ះពាល់ដល់សម្ព័ន្ធភាពស្នេហ៍យ៉ាងប្រាកដ។

7 . បន្ទោសគេគ្រប់យ៉ាង

អ្នកខ្លួនឯងអាចនឹងមិនដឹងខ្លួនថា ពេលអ្នកនៅជាមួយគ្នាហើយមានអ្វីខុសឆ្គង អ្នកតែងតែតវ៉ាបន្ទោសគេ និងពេលខ្លះក៏បន្ទោសតវ៉ាហួសហេតុពេកទៀតផង។ សម្ព័ន្ធភាពដែលល្អ គឺការជួយគ្នាដោះស្រាយ កែបញ្ហា មិនថាអ្នកណាខុសក៏ដោយ ចូរខឹងចុះ តែកុំឱ្យយូរពេក បន្ទាប់ពីនោះក៏ងាកមកនិយាយគ្នាដើម្បីកែបញ្ហា នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងមិនខាន។

8 . ព្យាយាមផ្លាស់ប្តូរ កែចរឹតនិស្ស័យរបស់គេ

តើអ្នកសេពគប់គេព្រោះអ្វី និងតើគេសេពគប់អ្នកព្រោះអ្វី? ចូរសម្លឹងរកមើលចំណុចនោះឱ្យជាប់ជានិច្ច ព្រោះការសេពគប់គ្នាពិតជាមានការសម្របសម្រួលខ្លួនចូលរកគ្នា តែការសម្របសម្រួលខ្លួនមិនមែនជាការផ្លាស់ប្តូរទាំងអស់នោះទេ និងកុំប្រៀបធៀបគូស្នេហ៍របស់អ្នកទៅនឹងបុរសណាផ្សេងឱ្យសោះ។

9 . មិនដែលនិយាយល្អជាមួយគេ

មនុស្សឆ្លាតតែងតែធ្វើជាអ្នកស្តាប់ច្រើនជាង ហើយបើនិយាយ នឹងច្រើនតែមានពាក្យដែលឆ្លាតៗជានិច្ច បើអ្នកឈ្លោះគ្នា ចូរចៀសវាងការនិយាយបន្តជម្លោះ បើអ្នកណាម្នាក់អាចត្រជាក់ចុះបាន រឿងដែលឈ្លោះគ្នានោះនឹងកាន់តែឆាប់ចប់ឡើង ចូរកុំភ្លេចថា ការផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកគឺជារឿងសំខាន់ក្នុងជីវិតគូរបស់មនុស្សគ្រប់គ្នា ការនិយាយជាមួយគ្នាល្អៗ ច្បាស់ជាហុចផលល្អក្នុងរយៈពេលយូរមិនខាន៕

Advertisement