រឿងដែលត្រូវគិត មុនរៀបការ សម្រាប់កំលោះក្រមុំសម័យថ្មី គួរតែដឹង!

សម្រាប់ការ រៀបការ ឬការរួមរស់នៅជាមួយគ្នារវាងមនុស្សពីរនាក់ដែលធ្វើដំណើរទៅជាមួយគ្នាក្រោយពីបានសេពគប់មើល ចិត្តថ្លើមគ្នាអស់មួយរយៈហើយនោះ អាចហៅបានថា មិនមែនជារឿងងាយដូចដែលមនុស្សជាច្រើនគិតនោះទេ តែដូចពាក្យដែលគេនិយាយថា “ការរៀបការមិនមែនជាចំណុចបញ្ចប់របស់ជីវិតនោះទេ តែវាជាចំណុចចាប់ផ្តើមរបស់ជីវិត” ទៅវិញទេ ព្រោះអំឡុងជីវិតក្រោយពេលរៀបការនោះ គឺជាការពិតដែលយើងត្រូវប្រឈម ថ្ងៃនេះយើងនាំគ្នាមកមើលពីភាពត្រៀមខ្លួនរួចជាស្រេចមុនពេលរៀបការ ដើម្បីជាគន្លងផ្លូវដែលលោកអ្នកត្រូវតែត្រៀមខ្លួនឱ្យជាស្រេចក្នុងការជួបប្រទះ និងប្រឈមមុខជាមួយភាពប្រែប្រួលទាំងអស់នោះ។

ទស្សនៈ ផ្នត់គំនិតត្រូវគ្នាឬទេ?

សម្លឹងមើលពីសេចក្តីនឹកសង្ឃឹមរបស់យើង និងគូស្នេហ៍ថា តើមានផ្នត់គំនិតទៅក្នុងទិសដៅដូចគ្នាដែរឬទេ? និងតើម្នាក់ៗទទួលស្គាល់ភាពមិនត្រូវគ្នានោះបានច្រើនតិចប៉ុនណា? ដែលរឿងនេះអាចរាប់បានថា ជារឿងមួយសំខាន់ខ្លាំងណាស់ ដែលយើងចាំបាច់ត្រូវប្រឹក្សាគ្នាជាមួយគូស្នេហ៍របស់យើងថា តើមានគំនិតដូច ឬខុសគ្នាច្រើនតិចប៉ុនណា? ព្រោះបើខុសគ្នាច្រើន និងទទួលយកមិនបាននោះ នឹងច្រើនតែកើតមានបញ្ហាក្រោយរៀបការជានិច្ច។

ព្រមទទួលយកការផ្លាស់ប្តូរច្រើនតិចប៉ុនណា?

រលឹកដឹងថា តើអ្នកត្រៀមជាស្រេចក្នុងការប្រឈមជាមួយការផ្លាស់ប្តូរបានច្រើនតិចប៉ុនណា? មិនថាតែការផ្លាស់ប្តូរទីលំនៅ ឬអាចត្រូវប្តូរកន្លែងធ្វើការ រួមទាំងបើមានកូន តើនឹងត្រូវរស់នៅបែបណាទៀតផង?។

ទទួលយក និងយល់ពីសម្ព័ន្ធភាពជាមួយក្រុមគ្រួសារគូស្នេហ៍បានឬទេ?

នឹកដល់ពីសម្ព័ន្ធភាពរបស់ក្រុមគ្រួសារគូស្នេហ៍ ដែលបើសិនជាក្រុមគ្រួសារគេមិនចូលចិត្តយើងផងនោះ អាចនឹងក្លាយជាសង្រ្គាមក្តៅគគុក ឬសភាវបង្ខំចិត្តបាន ដែលអ្នកនឹងត្រូវស្គាល់ពីវិធីការសម្រុះសម្រួល និងទប់ទល់យ៉ាងមានសតិបញ្ញា ចេះគ្រប់គ្រងអារម្មណ៍ខឹងសម្បារឱ្យល្អ ព្រោះមិនដូច្នោះទេនឹងកើតការឈ្លោះតតាំង និងសាងក្តីលំបាកចិត្តដល់គូស្នេហ៍របស់អ្នកបាន។

ស្គាល់ និងយល់ពីអារម្មណ៍គូស្នេហ៍យ៉ាងស៊ីជម្រៅច្បាស់ហើយឬនៅ?

ត្រូវស្គាល់ពីអារម្មណ៍របស់គូស្នេហ៍ឱ្យច្បាស់មុននឹងសម្រេចចិត្តរៀបការ ព្រោះបើឈ្លោះគ្នា ហើយដល់ថ្នាក់ប្រើកម្លាំងបាយវាយតប់ផងនោះ អ្នកគួរតែវឹលត្រឡប់មករិះគិតឡើងវិញឱ្យបានច្បាស់ មុននឹងយល់ព្រមសម្រេចចិត្តហើយ។

រៀបផែនការទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុដែលអាចកើតឡើងក្រោយពេលរៀបការច្បាស់លាស់ហើយឬនៅ?

ពិនិត្យមើលស្ថានភាពខាងហិរញ្ញវត្ថុរបស់គូស្នេហ៍ រឿងនេះក៏អាចរាប់បានថាជាបច្ច័យមួយដែលត្រូវតែរលឹកនឹកដល់យ៉ាងខ្លាំងមួយដែរ ព្រោះពាក្យថា សុខចិត្តហូបអំបិលជាមួយគ្នានោះ វាប្រើលែងបានហើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ក្រោយរៀបការ បើកើតមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅពេលណាមួយហើយនោះ បញ្ហាផ្សេងៗក៏នឹងតាមមកជាច្រើន ដូច្នេះទើបត្រូវមានការពិភាក្សាគ្នា ឬរៀបផែនការផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្បាស់លាស់ជាមុនសិន។

សង្កេតឃើញថា រឿងរបស់ការរៀបការនេះគឺជារឿងសំខាន់ ដែលយើងម្នាក់ៗចាំបាច់ត្រូវតែគិតសម្រេចចិត្តឱ្យច្បាស់ជាមុនសិនមុននឹងសម្រេចចិត្តយល់ព្រម ព្រោះជីវិតគូមិនមែនប្រើប្រាស់ត្រឹមតែសេចក្តីស្រឡាញ់រវាងគូស្នេហ៍តែម្យ៉ាងប៉ុណ្ណោះទេ តែនៅត្រូវនឹកដល់បច្ច័យជុំវិញខ្លួនផ្សេងៗទៀតជាច្រើន ដោយបើសិនជាមិនរិះគិតឱ្យបានល្អិតល្អន់មុនសម្រេចចិត្តទេនោះ អាចនឹងត្រូវបញ្ចប់ដោយការលែងលះ ឬខូចចិត្តសោកស្តាយនៅពេលក្រោយបាន។

និងបើសិនជាទទួលស្គាល់នូវភាពផ្លាស់ប្តូរដែលនឹងកើតឡើងតាមក្រោយបាននោះ អាចរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីទុក្ខតិចៗ តែមានសេចក្តីសុខយូរអង្វែងបាន៕

Advertisement