រៀបការពេលអាយុ 28 – 32 ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

អ្នកសង្គមវិទ្យា នែមហាវិទ្យាល័យ យូថាហ៍ សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានរកឃើញថា ក្នុងអំឡុងអាយុចន្លោះពី 28 – 32 ឆ្នាំ គឺជាវ័យដែលស័ក្តិសមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ព្រោះជាអំឡុងវ័យដែលស្គាល់ពីអារម្មណ៍របស់ខ្លួនឯង រកឃើញដំណើរជីវិត និងមានភាពទទួលខុសត្រូវក្នុងកម្រឹតមួយហើយ។ ការស្រាវជ្រាវបានរកឃើញផងដែរថា អ្នកដែលរៀបការក្រោយអាយុ 32 ឆ្នាំ មានអត្រាការលែងលះកើនឡើង ខណៈដែលគូស្នេហ៍វ័យជំទង់អាយុ 15 – 19ឆ្នាំ លែងលះគ្នាច្រើនបំផុត។

វេបសាយទស្សនាវដ្តី ថាម បានរាយការណ៍ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ និគ វូហ្វ៊ីងហ្គើរ៍ អ្នកសង្គមវិទ្យាដែលបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមសម្រាប់ការចាប់ផ្តើមជីវិតគូនោះគឺ 28 – 32 ឆ្នាំ ដោយអ្នកស្រាវជ្រាវបាននាំយកព័ត៌មានការពិនិត្យពីសភាវគ្រួសារជនជាតិអាមេរិកក្នុងចន្លោះឆ្នាំ 2006 – 2010 និង 2011 – 2015 មកវិភាគ និងរកឃើញថា គូអាពាហ៍ពិពាហ៍ដែលស្ថិតក្នុងវ័យនេះមានអត្រាការលែងលះទាបជាងអ្នកដែលរៀបការក្នុងវ័យផ្សេងទៀត ជាពិសេសក្នុងអំឡុងពេល 5 ឆ្នាំក្រោយពេលរៀបការមានអត្រាការចែកផ្លូវគ្នាតិចបំផុត។

វូហ្វ៊ីងហ្គើរ៍បានអធិប្បាយថា ហេតុផលដែលមនុស្សវ័យ 28 – 32 ឆ្នាំស័ក្តិសមល្អក្នុងការរៀបការនោះមានច្រើនចំណុចដូចជាៈ

– មនុស្សវ័យនេះធំគ្រប់គ្រាន់ក្នុងការដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងថា តើខ្លួនចូលចុះជាមួយដៃគូបានមែន ឬគ្រាន់តែជាអារម្មណ៍រំជើបរំជួលរបស់អ័រម៉ូន?។

– រូបគេ ឬនាងបានជ្រើសរើសដំណើរផ្លូវជីវិតដែលខ្លួនឯងត្រូវការហើយ និងចាប់ផ្តើមមានភាពទទួលខុសត្រូវចំពោះរឿងផ្សេងៗហើយ។

– មានស្ថិរភាពខាងហិរញ្ញវត្ថុបានមួយកម្រឹតហើយ។

– នៅមិនទាន់ចាស់ជ្រុលក្នុងការសម្របសម្រួលខ្លួន កែសម្រួលនិស្ស័យ ឡៃហ្វ៍ស្តាយល៍ ជីវិតរស់នៅប្រចាំថ្ងៃ -ល- ឱ្យចូលគ្នាជាមួយដៃគូឡើយ ដែលនេះគឺជារឿងសំខាន់ណាស់ក្នុងការមានជីវិតគូ។

“អ្នកខ្លះអាចហៅការសិក្សាស្រាវជ្រាវនេះថាជា “ទ្រឹស្តីមាសរបស់ការរៀបការ” ដែលគូរអាពាហ៍ពិពាហ៍ត្រូវតែមិនក្មេង ឬចាស់ជ្រុលពេក ក្រៅពីនេះនៅមានហេតុផលជាច្រើនទៀតដែលគាំទ្រថា ក្នុងអំឡុងអាយុ 20 ឆ្នាំក្រាស់ និង 30 ឆ្នាំស្តើង គឺជាអំឡុងពេលដ៏ល្អក្នុងការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់នោះ” អ្នកសង្គមវិទ្យាពីមហាវិទ្យាល័យ យូថា អះអាង។

វូហ្វីងហ្គើរ៍ បានបន្ថែមទៀតថា គូអាពាហ៍ពិពាហ៍ដែលទទួលជោគជ័យក្នុងជីវិតគូ ភាគច្រើនៗតែជាគូដែលស្គាល់ពីនិស្ស័យចិត្តថ្លើមគ្នា។

ការរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងវ័យ 15 – 19 ឆ្នាំ នឹងធ្វើឱ្យកើតមានការលែងលះច្រើនបំផុត បន្ទាប់មកគឺក្នុងអំឡុងវ័យ 20 – 24 ឆ្នាំ 28 – 32 ឆ្នាំ តាមលំដាប់ ក្រៅពីនេះ មានបច្ច័យជាច្រើនទៀតដែលអ្នកសង្គមវិទ្យាជឿថា នឹងជួយឱ្យជីវិតគូស្ថិតស្ថេរយូអង្វែងនោះ មានដូចជា ​ស្ថិរ​ភាពខាងផ្នែកហិរញ្ញវត្ថុ ការសិក្សាដែលល្អ ការរៀបការមុនមានបុត្រ-ល- សុទ្ធតែមានចំណែកធ្វើឱ្យគូអាពាហ៍ពិពា​ហ៍​មានជីវិតប្រកបដោយសុភមង្គល និងគង់វង្សស្ថិតស្ថេរយូរអង្វែងបានទាំងអស់៕

Advertisement