តាំងពី​ទើប​កើត ត្រូវ​ឪពុកម្ដាយ​លក់​ឱ្យ​អ្នកដទៃ ប៉ុន្តែ ដល់ពេល​បាន​រកឃើញ​ឪពុកម្ដាយ​បង្កើត​វិញ ក៏​ត្រូវបាន​បោះបង់ចោល​ជាថ្មី

(ប្រទេស​ចិន)-ឪពុកម្ដាយ​របស់ Liu Xuezhou ដែលជា​ក្មេងប្រុស​ជំទង់​វ័យ ១៧ ឆ្នាំ នៅ​ខេត្ត Hebei បាន​លក់​កូន​ឱ្យ​អ្នកដទៃ​តាំងតែ​ពី​កូន​ទើប​ចាប់កំណើត ហើយ​បន្ត «ទាត់​កូន​ចោល» នៅពេល​កូន​បាន​រកឃើញ​ពួកគេ។

ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ១៧ មករា Liu Xuezhou បានឱ្យដឹងថា ខ្លួន​បានកើត​ក្នុង​ឆ្នាំ ២០០៥ មុនពេល​ឱ​ពុក​ម្ដាយ​បាន​រៀបការ ហើយក៏​ត្រូវបាន​លក់​ឱ្យទៅ​អ្នកដទៃ​ដើម្បី​យកប្រាក់​មក​រៀបការ​នឹង​គ្នា។ តាមរយៈ​មនុស្ស​ម្នាក់ Liu ក៏មាន​គ្រួសារ​ថ្មី និង​ត្រូវបាន​ឪពុក​ម្ដាយធម៌ ចិញ្ចឹម បីបាច់រក្សា។ ប៉ុន្តែ ជា​អកុសល ឪពុកម្ដាយ​ធម៌​របស់ Liu ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​មួយ នៅពេលដែល Liu មាន​អាយុ​ទើបតែ ៤ ឆ្នាំ។

ក្រោយមក Liu ត្រូវបាន​លោកតា និង​លោកយាយ រួម​នឹង​ញាតិ​ខាង​ឪពុក​ម្ដាយធម៌ ជួយ​គ្នា​ចិញ្ចឹម។ នៅក្នុង​វ័យ ១៧ ឆ្នាំ Liu បច្ចុប្បន្ន​គឺជា​និស្សិត​ឆ្នាំ​ទី ២ នៃ​សាកលវិទ្យាល័យ​មួយ នៅ​ទីក្រុង Shijiazhuang ខេត្ត Hebei របស់ ប្រទេស​ចិន និង​បានធ្វើ​ការងារ​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។ Liy រស់នៅ​ដោយមាន​ការផ្គត់ផ្គង់​ជំនួយ​ពី​រដ្ឋាភិបាល​សម្រាប់​កុមារកំព្រា។

កាលពី​ដើមខែ​មុន Liu បានសម្រេច​ចិត្ត​ស្វែងរក​ឪពុកម្ដាយ​បង្កើត តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម។ មួយ​សប្ដាហ៍​ក្រោយមក ប៉ូលីស​ខេត្ត Shanxi ក៏បាន​រកឃើញថា បុរស​ដែលមាន​ឈ្មោះថា Ding Shuangquan គឺជា​ឪពុក​បង្កើត​របស់ Liu។

អាជ្ញាធរ​ក្នុង​តំបន់ កាលពី​ចុងខែ​កន្លង បាន​ប្រារព្ធ​ពិធី​ជួបជុំ​រវាង Liu និង Ding។ កាលពី ១ សប្ដាហ៍​កន្លងទៅ Liu ក៏បាន​ជួប​ម្ដាយបង្កើត​របស់ខ្លួន​នៅ​តំបន់ ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia)។ ប៉ុន្តែ បន្ទាប់ពី​ពិធី​ជួបជុំ​ឪពុកម្ដាយ Liu ក៏​ត្រូវបាន​ឪពុកម្ដាយ​បង្កើត​បោះបង់​ម្ដងទៀត។

Liu បាន​រៀបរាប់ថា ឪពុកម្ដាយ​បង្កើត​សុទ្ធតែ​មិន​ទទួលយក​រូប​ខ្លួន ព្រោះ​ពួកគេ​បាន​លែងលះ និង​សុទ្ធតែ​មានគ្រួសារ​ថ្មីរៀងៗខ្លួន។ ទាំង​ម្ដាយ ទាំង​ឪពុក សុទ្ធតែ​បានស្នើ​ឱ្យ Liu នៅ​ឱ្យ​ឆ្ងាយ​ពី​ពួកគេ ដោយសារតែ​យល់ថា វត្តមាន​របស់ Liu ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​ត្រូវ​ច្របូកច្របល់។ ពុំមាន​អ្នកណាម្នាក់​ព្រម​ជួយ​ផ្គត់ផ្គង់​ប្រាក់កាស​ដល់ Liu ព្រោះតែ​ក្មេង​ជំទង់​នេះ​ជិត​ពេញវ័យ។

Liu Xuezhou ឱ្យដឹងថា ឪពុកម្ដាយ​បង្កើត​គ្រាន់តែ​យល់ព្រម​ជួប​មុខ​កូន ក៏​ដោយសារតែ​សម្ពាធ​ពី​សាធារណមតិ ហើយ​ក្រោយមក​ក៏បាន​ផ្ដាច់ទំនាក់ទំនង។ ម្ដាយ​បង្កើតបាន​ប្លុក Liu នៅលើ​កម្មវិធី WeChat ចំណែក​ឪពុក​បង្កើត​ហាក់ដូច​មានការ​ព្រួយបារម្ភ ខ្លាច​ប្រពន្ធ​ថ្មី​របស់គាត់​ប្ដឹង​លែងលះ បើសិន​គាត់​ទទួលយក Liu ឱ្យចូល​រស់នៅក្នុង​គ្រួសារ។

«ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បែរជា​និយាយថា ខ្ញុំ​ជា​អ្នក​អុកឡុក​ជីវភាព​របស់គាត់​ទៅវិញ។ គឺ​គាត់​ហ្នឹងហើយ​ដែលជា​អ្នក បានធ្វើឱ្យ​ជីវិត​របស់ខ្ញុំ​ច្របូកច្របល់» Liu សរសេរ​ផ្ញើជូន​ឪពុក​បង្កើត​របស់ខ្លួន​ដូច្នេះ នៅលើ​បណ្ដាញ​សង្គម៕

Advertisement