កូនក្រមុំ​ពាក់​មាស​ទម្ងន់​រហូត​ដល់ 10 គីឡូក្រាម ចំណែក​គ្រែ​វិញ ត្រូវ​ក្រាល​ពេញ​ដោយ​បាច់​ប្រាក់

(ប្រទេស​ចិន)-កូនក្រមុំ​ម្នា​ក់នៅ​ខេត្ត Fujian ទទួលបាន​ចំណងដៃ​ជា​សាច់​ប្រាក់សុទ្ធ​ចំនួន 880,000 យុន (ជិត 138,000 ដុល្លារ​អា​ម៉​រិ​ក) រួម​នឹង​មាស​ទម្ងន់ 10 គីឡូក្រាម នៅក្នុង​ថ្ងៃ​រៀប​មង្គលការ។

គណនី Weibo ឈ្មោះ Zhang Xiaolei កាលពី​សប្ដាហ៍​មុន បាន​បង្ហោះ​អត្ថបទ​មួយ​ស្ដីពី​រឿងរ៉ាវ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ប្រណិត​មួយ​ដែលមាន​ចំណងដៃ​ជា​មាស និង​ប្រាក់​យ៉ាងច្រើន​សន្ធឹក របស់​កូនក្រមុំ​មួយរូប​ដែលមាន​វ័យ​ខ្ទង់​ជាង 20 នៅ​ទីក្រុង Putian នៃ​ខេត្ត Fujian ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន មានការ​ភ្ញាក់ផ្អើល។

យោងតាម​ការចែករំលែក​របស់ Zhang កូនក្រមុំ​កើត​ក្នុង​ត្រកូល​អ្នកមាន ដែល​ឪពុកម្ដាយ​មានទ្រព្យ​សម្បត្តិ​មហាសាល​ដោយសារ​ជំនួញ។ នាង​ត្រូវបាន​ឪពុកម្ដាយ​ចាត់ទុក​ដូចជា​ត្បូង​ពេជ្រ​ដ៏​កម្រ មិនអាច​កាត់ថ្លៃ​បាន និង​រស់នៅក្នុង​ភាពសម្បូរ​សប្បាយ​តាំងពី​តូច។ ប៉ុន្តែ ព័ត៌មាន​ស្ដីពី​កូនកំលោះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ឡើយ។

ក្នុង​ថ្ងៃ​រៀបការ សាច់ប្រាក់​សុទ្ធ​ជា​ចំណងដៃ​ពី​ឪ​ទុក​ម្ដាយ​របស់ មាន​ចំនួន 8880,000 យុន (ជិត 138,000 ដុល្លារ)  ត្រូវបាន​ចង​ជា​បាច់ ក្រាល​ពេញ​លើ​គ្រែ ខណៈ​មាស​ជា​គ្រឿងអលង្ការ រួមមាន ខ្សែក កងដៃ និង​ចិញ្ចៀន​ជាដើម មាន​ទម្ងន់​សរុប 10 គីឡូក្រាម ក៏ត្រូវ​បាន​បំពាក់​ពេញ​លើ​រាងកាយ​កូនក្រមុំ។

អ្នកលេង​បណ្ដាញ​សង្គម​នៅ ប្រទេស​ចិន បាន​សម្ដែង​ការភ្ញាក់ផ្អើល​នឹង​ភាពមានបាន​របស់​គ្រួសារ​កូនក្រមុំ ក្នុងនោះ​មាន​អ្នកខ្លះ​ស្ងើចសរសើរ តែ​ក៏មាន​អ្នកខ្លះ​បញ្ចេញមតិ​ថា៖ «សុភមង្គល​មិនអាច​វាស់​បាន​ដោយ​ប្រាក់កាស» ហើយ​អ្នកខ្លះ​ក៏​ថា៖ «ដូចជា​សម្ញែង​ទ្រព្យសម្បត្តិ​ពេក​ហើយ»។ល។

Advertisement