សម្ដេច​តេជោ​ បញ្ជាក់​ថា អនុញ្ញាតឱ្យ​ពលរដ្ឋ​​រៀប​​អាពាហ៍​ពិពាហ៍​ធម្មតា​​ តែ​​ទ្រង់ទ្រាយ​តូច

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​មិនបាន​ហាមឃាត់​ប្រជាពលរដ្ឋ​រៀប​អាពាហ៍ពិពាហ៍​នោះទេ ប៉ុន្តែ មិនឱ្យ​មានកម្ម​វិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ ដើម្បី​គោរព​តាម​វិធាន​សុខាភិបាល បំណង​បង្ការ​ជំងឺ COVID-19។

នៅឯ​វិមាន​សន្ដិភាព ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ សម្រាប់​ក្រុម​ពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​កុមារ អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែងថា រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រៀបការ​ធម្មតា ប៉ុន្តែ ការរៀបចំ​ពិធី​រៀបការ​ត្រូវមាន​មនុស្ស​ក្រោម 50 នាក់ និង​មានការ​រក្សា​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​នានា។

ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល​បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19។

ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​លើកទឹកចិត្ត​ពលរដ្ឋ​ដើរ​កម្សាន្ត​ឱ្យបាន​ច្រើន ដោយ​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ COVID-19 ជាមួយនឹង​ការពាក់​ម៉ាស ការរក្សា​គម្លាត និង​គោរព​តាម​វិធានការ​សុខាភិបាលផ្សេងៗទៀត៕

Advertisement