វិធី ៦ យ៉ាងចាប់យកធម្មជាតិមកតុបតែងផ្ទះយ៉ាងងាយៗ

បើយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិគ្រប់ពេលវេលា មានផ្ទៃ​មេឃ ដើមឈើ ឬផ្ទៃទឹកហ៊ុំព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរមើលទៅ ព្រោះវានឹងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំ តែ…តើយើងលើកយកធម្មជាតិមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចនឹងបានទៅ? ដូច្នេះសូមសាកល្បងមើល វិធីល្អៗ ៦ យ៉ាងដែល​នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា មានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចក្នុងផ្ទះ ខាងក្រោមនេះដូចតទៅ ។

១​ .​​ តុបតែងដោយវត្ថុពីធម្មជាតិ

ដូចជាគ្រឿងតុ កៅអីដែលធ្វើពីផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សី – ល – សូមសាកល្បងជ្រើសយកឧប​ករណ៍ប្រើប្រាស់​ដែលធ្វើពីវត្ថុធាតុដើមទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍​ធូរស្រាល ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឲ្យជឿ ។

២​ . ប្រើពណ៌ដែលជាធម្មជាតិ

ពណ៌បៃតងធ្វើឲ្យនឹកឃើញដើមឈើ វាលស្មៅ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្ទ ពណ៌លឿងផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទឹត្យដែលកំពុងបញ្ចេញពន្លឺ និងបុប្ផាដែលរីកស្រស់ស្រាយ ដូច្នេះចូរសាកល្បងប្រើពណ៌​ទាំងនោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក វាអាចនឹងធ្វើឲ្យមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិគ្រប់ពេលវេលា ។

៣​ . កំរាលក្តារឈើធម្មជាតិ

មិនថាតែក្តារឈើស្រល់ ឬបន្ទះឬស្សីឡើយ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះធ្វើឲ្យមាន​អារម្មណ៍ថាកក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉់ាងពិតៗ ។

៤ . ប្តូរបរិយាកាសក្នុងផ្ទះឲ្យទៅជាមណ្ឌលស្ប៉ាយ៉ាងល្អ

ក្លឹនឈើក្រអូប និងក្លឹនផ្កា គឺជាក្លឹនក្លាសស៊ិក ២​យ៉ាង​​​ដែលជួយឲ្យមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើង​បាន ។ សម្លេងខ្យល់ ភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុតដែលនឹងធ្វើឲ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលដែរ ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះមកដាក់នៅក្នុងផ្ទះបានហើយ គ្រាន់តែរកពួកធូប ឬទៀនក្រអូបមកអុជបញ្ចេញក្លឹនក្រអូប ឬបើកសម្លេងទឹករលកសមុទ្រ សម្លេងភ្លៀងធ្លាក់ចេញពីបន្ទះស៊ីឌីក៏ធ្វើឲ្យមានអារម្មណ៍ដូចនៅជាមួយធម្មជាតិដូច្នោះដែរ ។

៥​ . បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ

 

ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចដើម្បីឲ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិចូលមកក្នុងបន្ទប់ម្តង អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង ។

៦ . បន្លែ ផ្លែឈើល្អៗ ពីធម្មជាតិ

ការតុបតែងផ្ទះមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការតុបតែងដោយរបស់ហូបចុក បើអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ក្រូចថ្លុង ចេកណាំវ៉ា ផ្លែប៉ោម ល្ហុង – ល​ – នៅក្នុងកញ្ច្រែងយ៉ាងស្អាតដាក់នៅលើតុលម្អ បូកជាមួយក្លឹនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន ៕

Advertisement