បើសិន​យក​ទឹក​ទាំងអស់​របស់​ផែនដី ទៅ​ជះ​លើ​ព្រះអាទិត្យ តើ​នឹង​មានរឿង​អ្វី​កើតឡើង?

ការ​ពន្លត់ភ្លើង​ដោយ​ប្រើប្រាស់​ទឹក​ពិតជា​មធ្យោបាយ​មួយ​សម្រាប់​ករណី​អគ្គិភ័យ​នៅលើ​ផែនដី ប៉ុន្តែ​អណ្ដាតភ្លើង​នៅលើ​ព្រះអាទិត្យ​គឺជា​រឿង​ដោយឡែក ហើយ​ការ​​យក​ទឹក​ទាំងអស់​របស់​ផែនដី ទៅ​ជះ​លើ​ព្រះអាទិត្យ​នឹង​កើតមាន​ហេតុការណ៍​ដែល​ស្ទើរ​គ្រប់គ្នា​នឹកស្មាន​មិន​ដល់។

យោងតាម​អ្នកវិទ្យាសាស្ត្រ ចម្លើយ​គឺថា យើង​មិនអាច​យក​ទឹក​ទៅ​ពន្លត់ភ្លើង​ព្រះអាទិត្យឱ្យ​ថម​​ថយកម្ដៅ​បានឡើយ។ ព្រោះថា ព្រះអាទិត្យ​មិនមែនជា​អណ្ដាតភ្លើង​ដែល​ឆេះ​ដោយសារ​អុកស៊ីសែន​ដូច​នៅលើ​ផែនដី​នោះទេ។ នៅក្នុង​លំហ​ដែល​ពុំមាន​អុកស៊ីសែន ព្រះអាទិត្យ​រក្សា​វត្តមាន​របស់ខ្លួន​បាន​គឺ​មកពី​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដែល​ប្រែក្លាយ​អ៊ីដ្រូសែន​ទៅជា​អេ​ល្យូ​ម។

ដូច្នោះ​ហើយ បើសិន​យើង​ជះ​ទឹក​ទៅលើ​ព្រះអាទិត្យ​គឺ​ស្មើនឹង​ការបន្ថែម​ឥន្ធនៈ​ឱ្យ​ផ្កាយ​មួយ​ដួង​នេះ​កាន់តែ​ឆេះ​ខ្លាំង​ឡើង និង​ធ្វើឱ្យ​ធ្ងន់​ជាង​មុន​ថែម​មួយកម្រិត​ទៀត នាំឱ្យ​ភព​នានា​នៅក្បែរ​ព្រះអាទិត្យ​ប្រឈម​នឹង​ការឆេះ​ខ្លោច​ឆាប់​ជាង​ធម្មតា។

បើទោះជា​បន្ថែម​ទឹក​ឱ្យ​ព្រះអាទិត្យ​យ៉ាងណាក៏ដោយ ផ្កាយ​នេះ​ក៏​នៅតែ​ត្រូវអស់​ថាមពល នៅ​ប្រហែល 5 ពាន់​លាន​ឆ្នាំ​ទៀត បន្ទាប់ពី​ឆេះ​អស់​អ៊ីដ្រូសែន​ដែលមាន 73% និង​អេ​ល្យូ​ម​ដែលមាន 25%។ ក៏ប៉ុន្តែ មុននឹង​ក្លាយជា​កូន​ផ្កាយ​ពណ៌​ស ហើយ​បន្ត​ចុះ​ត្រជាក់​រហូត​​​ក្លាយ​ជា​​កូន​ផ្កាយ​ពណ៌​ប្រផេះ ព្រះអាទិត្យ​​នឹង​រីក​មាឌ លេប​យក​ភព​ពុធ និង​ភព​សុក្រ។ ចំណែក​ភព​អង្គារ​ក៏ត្រូវ​ខ្ទាត​ចេញពី​តំបន់​ទទួល​ឥទ្ធិពល​ពី​ព្រះអាទិត្យ ខណៈដែល​ជីវិត​នៅលើ​ផែនដី​ក៏ត្រូវ​សាប​សូន្យ​សុង​៕

Advertisement